ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៥ នៃទិវាពលកម្មអន្តរជាតិថ្ងៃទី១ ខែឧសភា

81

 

ភ្នំពេញ ៖ សារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៥ នៃទិវាពលកម្មអន្តរជាតិថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១​ ក្រោមប្រធានបទ “សន្តិភាព សុខភាព និង ការងារ“។ ប្រធានបទនេះ ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ និងមានតម្លៃជាសារវន្ត ជាសកល ជាពិសេសសម្រាប់ព្រះរាជាណាចក្រកម្ពុជាដែលធ្លាប់ទទួលបានការញាំញីដោយសង្គ្រាមបំផ្លិចបំផ្លាញខ្ទេចខ្ទាំរាប់សតវត្សរ៍ មកហើយ ពីព្រោះមានតែការរក្សាបាននូវសន្តិភាពទេទើបមានការអភិវឌ្ឍ ការបង្កើតការងារ និងស្ថិរភាព ការងារក្នុងបរិបទជំងឺកូវីដ-១៩។

ទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់តាំង ពីថ្ងៃរំដោះពី របបប្រល័យពូជសាសន៍ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន។ ទោះបី ឆ្នាំនេះ ប្រទេស ជាតិយើង និងពិភពលោកទាំងមូលកំពុងប្រឈមនឹងជំងឺកូវីដ-១៩ ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តឱ្យមានការ រៀបចំរំលឹក នូវទិវាដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រនេះ។

ដោយសារតែរាជរដ្ឋាភិបាលអាចបន្តរក្សា និងការពារបានយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់ សាធារណៈ ទើបប្រទេសជាតិយើងទទួលបាននូវការអភិវឌ្ឍលើគ្រប់វិស័យ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល បាននិងកំពុងខិតខំអនុវត្តបានដោយជោគជ័យ នូវយុទ្ធសាស្ត្រ ចតុកោណដំណាក់កាល ទី៤ រួមទាំងគោលនយោបាយអាទិភាពសំខាន់ៗ ដើម្បីបង្កើនល្បឿនការអភិវឌ្ឍ និងបង្កើតការងារសមរម្យជូន ប្រជាពលរដ្ឋ ក្នុងនោះរួមមាន គោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា ឆ្នាំ២០១៥-២០២៥, គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥, គោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ និងអនុវត្តនូវការកែទម្រង់មុតស្រួច ក្រោមអភិក្រម “ឆ្លុះ កញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនា “កែទម្រង់ផ្ទៃក្នុង និងបង្កើនមិត្ត ខាងក្រៅក្នុងស្មារតី ឯករាជ្យ។

ទោះបីជាស្ថិតក្នុងស្ថានភាពដ៏លំបាកនៃជំងឺកូវីដ-១៩ក៏ដោយ រាជរដ្ឋាភិបាលនៅតែខិតខំបន្តរក្សាការងារ ដែលមានស្រាប់ និងបង្កើតការងារថ្មីគ្រប់ប្រភេទជូនប្រជាពលរដ្ឋ ដែលនាំឱ្យផលប៉ះពាល់លើចំនួនការងារស្ថិត ក្នុងកម្រិតមួយដែល អាចគ្រប់គ្រងបាន។ ជាក់ស្ដែង រោងចក្រ សហគ្រាសចំនួន ១ ១០៣ បានបើកដំណើរការថ្មី ដែលផ្តល់ការងារដល់ កម្មករនិយោជិតសរុបជាង ៦ម៉ឺននាក់បន្ថែម។ លើសពីនេះ ចំនួនរោងចក្រ សហគ្រាស ដែលបានព្យួរកិច្ចសន្យា ការងារបានធ្លាក់ចុះពីចំណុចកំពូលនៅខែមិថុនា ឆ្នាំ២០២០ ពីចំនួន ៤៣៣ ស្មើនឹងកម្មករ និយោជិតជាង ១៥ម៉ឺននាក់ មកត្រឹម ១៥០រោងចក្រ សហគ្រាស ស្មើនឹងកម្មករជាង ២ម៉ឺននាក់ គិតត្រឹមបំណាច់ ឆ្នាំ២០២០ និងបន្តធ្លាក់ចុះជាបណ្ដើរ ៗផងដែរ។ ទន្ទឹមនឹងនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ ក៏បានចុះឈ្មោះ ស្វែងរកការងារចំនួន ១៧ ២០១នាក់, បានផ្សព្វផ្សាយព័ត៌មានជ្រើសរើសកម្លាំងពលកម្មចំនួន ១៨៤ ៨០៨នាក់ និងបានបន្តជួយស្វែងរកការងារ ធ្វើជូនប្រជាពលរដ្ឋតាមមូលដ្ឋានភូមិឃុំ។

កន្លងទៅនេះ ដើម្បីជំរុញការអនុវត្តគោលនយោបាយស្តីពីការអភិវឌ្ឍវិស័យឧស្សាហកម្ម សម្តេចតេជោ បាន ចុះជួបជាមួយបងប្អូនកម្មករនិយោជិត បានចំនួន៧៧លើក សរុបកម្មករនិយោជិតចំនួនប្រមាណជិត ១លាននាក់ គិតចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ ដែលតាមរយៈជំនួបទាំងនេះ បានរកឃើញបញ្ហាមួយចំនួន និងបានដាក់ ចេញនូវគោលការណ៍ និងវិធានការជាច្រើន ជាពិសេសអនុសាសន៍១០ចំណុច ដើម្បីលើកកម្ពស់ជីវភាព សុខុមាលភាពកម្មករនិយោជិត និងទំនាក់ទំនងវិជ្ជាជីវៈ ហើយខ្ញុំនឹងបន្តសកម្មភាពនេះជារៀងរហូតនៅក្នុងតំណែង របស់ខ្ញុំជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្តែខ្ញុំក៏សូមការអធ្យាស្រ័យ ដែលនៅឆ្នាំ២០២១នេះ យើងមិនអាចរៀបចំការជួបជុំដូចសព្វដង ដោយសារការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ ដែលកំពុងគំរាម កំហែងសុខភាពសាធារណៈ សេចក្តីសុខ និងអាយុជីវិតប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនទូទាំងសកលលោក។

រាជរដ្ឋាភិបាលបានបន្តលើកកម្ពស់ការការពារសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ថែរក្សាសុខដុមនីយកម្ម ទំនាក់ទំនងវិជ្ជាជីវៈ ផ្តល់អត្ថប្រយោជន៍នានាជូនបងប្អូនកម្មករនិយោជិត រួមទាំងការផ្តល់កិច្ចគាំពារសង្គមផងដែរ ស្របតាមគោល នយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់ស្តីពីការងារ ច្បាប់ស្ដីពីសហជីព និងអនុសញ្ញាអន្តរជាតិ ខាងការងារទាំង១៣ ដែលកម្ពុជាបានផ្តល់សច្ចាប័ន តាមរយៈយន្តការត្រីភាគីសម្រាប់សំវាទសង្គម ជាអាទិ៍ ក្រុមប្រឹក្សាអាជ្ញាកណ្តាល គណៈកម្មការប្រឹក្សាការងារ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា រួមទាំងយន្តការ ត្រីភាគីបូកជាច្រើនទៀត។ ការបើកចំហរសេរីភាពអង្គការវិជ្ជាជីវៈ បានធ្វើឱ្យកំណើននៃការចុះបញ្ជីកើនឡើង គួរឱ្យកត់សម្គាល់ ដោយគិតត្រឹម ឆ្នាំ២០២០ នេះ មានអង្គការវិជ្ជាជីវៈចំនួន ៥ ៤៨៤ កំពុងប្រតិបត្តិការ ក្នុងនោះ សហជីពមូលដ្ឋានមានចំនួន ៥ ២០៦ សហព័ន្ធសហជីពមានចំនួន ២៣១ សហភាពសហជីពមានចំនួន ៣៦ និងសមាគមនិយោជកមានចំនួន ១១។

រាជរដ្ឋាភិបាលក៏បានបន្តយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករ និយោជិត នៅតាមគ្រប់រោងចក្រ សហគ្រាស ដោយតម្រូវឱ្យមានគិលានដ្ឋាន កន្លែងហូបបាយ បន្ទប់បំបៅកូន និងទារកដ្ឋាន ដែលបានជួយធ្វើឱ្យកាន់តែប្រសើរឡើងនូវសុខុមាលភាពរបស់កម្មករនិយោជិត។ កម្មវិធីបង្ការគ្រោះថ្នាក់ការងារ និងបង្កើនសុវត្ថិភាពក្នុងការដឹកជញ្ជូន និងការធ្វើដំណើររបស់កម្មករនិយោជិត ក៏ត្រូវបានជំរុញ ការអនុវត្តយ៉ាង សកម្មផងដែរ។

រាជរដ្ឋាភិបាលក៏បានបន្តយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍរបបសន្តិសុខសង្គម ដើម្បីពង្រីកវិសាលភាព កាន់តែទូលំទូលាយ ដោយគ្របដណ្តប់ ៤ផ្នែករួមមាន ផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យ ការងារ និងផ្នែកនិកម្មភាពការងារ សំដៅធានាសង្គតិភាព និងសមធម៌ រវាងមន្ត្រីសាធារណៈ និងកម្មករនិយោជិត តាមរយៈការពង្រឹងការ អនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម និងការរៀបចំដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ សម្រាប់មន្ត្រីសាធារណៈ និងរបបសោធនសម្រាប់កម្មករនិយោជិត នៅក្នុងឆ្នាំ២០២០។ ដើម្បីផ្តល់នូវកិច្ចគាំពារសង្គមជូនបងប្អូនកម្មករនិយោជិត បេឡាជាតិសន្តិសុខសង្គម បានផ្តល់នូវរបបហានិភ័យ ការងារ និងរបបថែទាំសុខភាព ចាប់ពីឆ្នាំ២០០៨ មកម្ល៉េះ ដែលមានរោងចក្រ សហគ្រាសជាង ១ម៉ឺន៤ពាន់ ជាសមាជិក ដែលមានកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ និងមន្ត្រីសាធារណៈ សរុបប្រមាណជាង ២លាន ១សែននាក់ កំពុងទទួលបានអត្ថប្រយោជន៍ពីរបបទាំងនេះ។ បន្ថែមពីនេះ ចាប់ពីឆ្នាំ២០១៨ រាជរដ្ឋាភិបាលបាន អនុវត្តគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ដល់កម្មការិនីទាំងក្នុង និងក្រៅប្រព័ន្ធ និងមន្ត្រីសាធារណៈនៅពេល សម្រាលកូន ដោយក្នុងឆ្នាំ២០២០នេះ ប.ស.ស. បានផ្ដល់ប្រាក់ឧបត្ថម្ភដល់ស្រ្តីសម្រាលកូនបានចំនួន ៨១ ៩៩០នាក់ (កើនឡើងប្រមាណ ៧,៣%) ស្មើនឹងចំនួនកូន ៨២ ៥២៧នាក់ (កើនឡើងប្រមាណ ៧,៣%) ដែលគិតជាទឹក ប្រាក់សរុបចំនួន ៣៣ ប៊ីលានរៀល ហើយបើគិតចាប់ពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០ ស្រ្តីសម្រាលកូន មានចំនួន ២១៦ ២០២នាក់ ដោយចំណាយថវិកាសរុបចំនួន ៨៧,១ប៊ីលានរៀល។

ជាមួយសមិទ្ធផលជោគជ័យដ៏ធំធេងខាងលើ ជាអកុសលវិបត្តិនៃការផ្ទុះឡើងនៃជំងឺកូវីដ-១៩បានជះ ឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ដល់ពិភពលោក និងបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចសកល ហើយប្រទេសកម្ពុជាក៏មិន អាចចៀសផុតពីផល ប៉ះពាល់យ៉ាងធំធេងក្នុងសង្គម-សេដ្ឋកិច្ចនេះផងដែរ។ ដើម្បីធ្វើការឆ្លើយតបទៅនឹងវិបត្តិ នៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល បានដាក់ចេញនូវកញ្ចប់វិធានការអន្តរាគមន៍ចំនួន ៧ជុំ រួចមកហើយ។

នាពេលបច្ចុប្បន្ននេះ ប្រទេសមួយចំនួនបាននិងកំពុងអភិវឌ្ឍវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ព្រមទាំង បានសម្រេចចិត្ត ចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋរបស់ខ្លួនផងដែរ។ ដូចប្រទេសមួយចំនួនទៀត ប្រទេសកម្ពុជាក៏ បាននិងកំពុងខិតខំស្វែងរក ព្រមទាំងបញ្ជាទិញវ៉ាក់សាំងពីគ្រប់ប្រភពដែលរួមមាន ១លានដូស ជាជំនួយរបស់ សាធារណរដ្ឋប្រជាមានិតចិន, ៣២ម៉ឺនដូស តាមយន្តការខូវ៉ាក់, ១,៥លានគូស បញ្ហាទិញពីប្រទេសចិន និង បន្តបញ្ហាទិញចំនួន ៤លានដួសបន្ថែមទៀត ហើយក៏ខិតខំស្វះស្វែងបញ្ហាទិញបន្ថែមទៅតាមតម្រូវការចាំបាច់ ជាក់ស្តែង និងបានរៀបចំយុទ្ធនាការ ចាក់វ៉ាក់សាំងជូនក្រុមគោលដៅជួរមុខ ដូចជាមន្ត្រីជួរមុខ កម្មករនិយោជិត និងប្រជាពលរដ្ឋទូទៅផងដែរ។ យ៉ាងណាក៏ដោយ ទោះបីជាយុទ្ធនាការនេះ បាននិងកំពុងប្រព្រឹត្តទៅដោយ រលូន ក៏មិនមានន័យថា យើងទាំងអស់ គ្នាអាចរួចផុតពីការឆ្លងជំងឺកូវីដ-១៩ បាន ១០០%ដែរ ហើយស្ថានភាព សង្គម-សេដ្ឋកិច្ច អាចវិលត្រឡប់ ទៅរកប្រក្រតីភាពដូចមុន ក្នុងរយៈពេលដ៏ខ្លីនោះបានឡើយ៕

អត្ថបទដែលជាប់ទាក់ទង