ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងការបរទេសកម្ពុជា ចេញលទ្ធផល នៃកិច្ចប្រជុំរវាង សម្តេចតេជោ ហ៊ុន សែន និងអនុរដ្ឋមន្រ្តី ក្រសួងការបរទេសអាមេរិក

84

 

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសផ្លូវការ លទ្ធផលនៃកិច្ចប្រជុំរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយ លោកស្រី វិនឌី រូត្ស ស៊ើមែន (Wendy Ruth Sherman) អនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ។

ជំនួបនេះបានធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ អំឡុងពេលដែល លោកស្រីអនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក បានមកបំពេញទស្សនកិច្ចរយៈពេល១ថ្ងៃ នៅក្នុងប្រទេសកម្ពុជា។

ក្រសួងការបរទេសបានបញ្ជាក់ថា នៅក្នុងជំនួបនោះ លោកស្រី ស៊ើមែន បានពាំនាំនូវសារលិខិតរបស់លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបង្ហាញអំពីបំណងប្រាថ្នារបស់ លោកប្រធានាធិបតី ក្នុងការធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកស្រីបាន សម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក លើទិដ្ឋភាពជាច្រើន រួមមាន ពាណិជ្ជកម្ម និងការវិនិយោគ កម្មវិធីរុករកអដ្ឋិធាតុទាហានអាមេរិក ដែលបាត់ខ្លួននៅក្នុងប្រទេសកម្ពុជា (POW/MIA program) ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងកិច្ចការមនុស្សធម៌ ជាពិសេស ការអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ចូលចតនៅកំពង់ផែកម្ពុជា។

លោកស្រីអនុរដ្ឋមន្រ្តីការបរទេសអាមេរិក បានជម្រាបជូន សម្តេចតេជោបន្ថែមទៀត អំពីកាលានុវត្តភាពជាច្រើន ស្ថិតក្រោមកិច្ចសហប្រតិបត្តិការ ទ្វេភាគី រួមមាន ការដោះស្រាយបំណុល និងការវិនិយោគរបស់ សហរដ្ឋអាមេរិកក្នុងវិស័យប្រេង និងឧស្ម័ន ហេដ្ឋារចនាសម្ព័ន្ធ ថាមពលបៃតង និងវិស័យផ្សេងៗទៀត។

ជាកិច្ចឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានធ្វើការកត់សម្គាល់ប្រកប ដោយការពេញចិត្តចំពោះការលើកឡើងរបស់ លោកស្រី ស៊ើមែន និងបានសម្ដែងនូវការកោត សរសើរចំពោះការចូលរួមចំណែក របស់សហរដ្ឋអាមេរិកនៅ ក្នុងដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច ជាបន្តបន្ទាប់នៅកម្ពុជា ជាពិសេសចំពោះកិច្ចខិតខំប្រឹងប្រែង នាពេលថ្មីៗនេះ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតកូវីដ-១៩ តាមរយៈអង្គការសុខភាពពិភពលោក (WHO)។ ឆ្លៀតក្នុងឱកាសនោះផងដែរ សម្ដេចតេជោ បានសម្ដែងនូវអំណរសាទរចំពោះ រដ្ឋាភិបាលសហរដ្ឋអាមេរិកដែល បានទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ ដូចដែលបានបង្ហាញឱ្យឃើញច្បាស់ តាមរយៈការចុះថយ គួរឱ្យកត់សម្គាល់ នូវចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃ នាពេលថ្មីៗនេះនៅសហរដ្ឋអាមេរិក។

ជាថ្មីម្តងទៀត សម្តេចតេជោ បានបញ្ជាក់ច្បាស់អំពីស្ថានភាពនៅមូលដ្ឋានកងទ័ពជើងទឹករាម និងបាន រំលឹកពីការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការថែរក្សា និងការពារឯករាជ អព្យាក្រឹត និងអធិបតេយ្យភាពរបស់ខ្លួន ទាំងនយោបាយផ្ទៃក្នុងប្រទេស និង កិច្ចការបរទេស។

បើតាមសេចក្តីប្រកាស, ក្នុងជំនួបនោះ សម្តេចតេជោ បានស្នើឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ពិនិត្យពិចារណាដោះស្រាយ បំណុលដែលកម្ពុជាមាន ចំពោះសហរដ្ឋអាមេរិក តាមវិធីទ្វេរភាគី៖
ទី១- អនុញ្ញាតឲ្យកម្ពុជា សងប្រាក់បំណុលនេះ តាមកម្មវិធីសងឡើងវិញបន្តិចម្ដងៗ
ទី២- សងបំណុលតាមកម្មវិធីដែល មានការប្រាក់មិនលើសពី១ភាគរយ និង
ទី៣- បំណុលដែលកម្ពុជាជំពាក់ សហរដ្ឋអាមេរិកគឺសំណងចំនួន ៧០% ត្រូវបង្វិលមកធ្វើជាជំនួយ ដល់កម្ពុជាវិញ ទៅលើវិស័យអប់រំ វិស័យវប្បធម៌ វិស័យដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាដើម។

សម្ដេចតេជោ បានជម្រាបជូន លោកស្រី ស៊ើមែន ពីការប្តេជ្ញារបស់រាជរដ្ឋាភិបាល ចំពោះកម្មវិធីមាតុភូមិនិវត្តពលរដ្ឋ លើការបញ្ជូនជនជាតិកម្ពុជា ពីសហរដ្ឋអាមេរិកមកកម្ពុជាវិញ ដោយផ្អែកលើគោលការណ៍ គោរពសិទ្ធិមនុស្ស លើទិដ្ឋភាពមនុស្សធម៌ និងមេត្តាករុណាធម៌។

ជាការឆ្លើយតប លោកស្រី បានថ្លែងអំណរគុណ សម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះកិច្ចសហប្រតិបត្តិការ ទ្វេភាគីនៅលើគ្រប់វិស័យ ហើយលោកជំទាវបានសន្យាថា នឹងយកសំណើនានាដែល បានលើកឡើងដោយ សម្ដេចតេជោ ទៅជម្រាបជូនលោកប្រធានាធិបតី ចូ បៃដិន ៕

អត្ថបទដែលជាប់ទាក់ទង