ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនមេឈ្មួញ រកសុីឈើខុសច្បាប់ ល្បីឈ្មោះប្រចាំស្រុកកែវសីមា ២នាក់ ពីបទ ប៉ុនប៉ងឃាតកម្ម និងបំផ្លាញទ្រព្យសម្បត្តិ

143

 

មណ្ឌលគិរី ៖ កម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌកម្រិតស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានធ្វើការចាប់ឃាត់ខ្លួន ជនសង្ស័យ២នាក់ ជាមេឈ្មួញរកសុីឈើខុសច្បាប់ ល្បីឈ្មោះប្រចាំស្រុកកែវសីមា ដោយយោងតាមដីកាបញ្ជា ឲ្យចូលខ្លួន របស់តំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ។

សមត្ថកិច្ចនគរបាល បានឃាត់ខ្លួនជនសង្ស័យទាំង២នាក់ នៅត្រង់ចំណុចរមណីយដ្ឋានកាំពី ខេត្តក្រចេះ នៅថ្ងៃទី២ ខែ មិថុនា ឆ្នាំ២០២១។ ជនសង្ស័យ ឈ្មោះសារី គ្រីយ៉ា ភេទប្រុស អាយុ ៤៣ ឆ្នាំ និងឈ្មោះហាំ ប៉ូលី ភេទប្រុស អាយុ៤១ ឆ្នាំ ពីបទ ប៉ុនប៉ងឃាតកម្ម និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ប្រព្រឹត្តិកាលពីថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០២១ នៅចំណុចភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

ជនសង្ស័យទាំង២នាក់ បាននាំខ្លួនយកមកកាន់ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីប្រគល់ជូនតំណាង អយ្យការអមសាលាដំបូង ខេត្តមណ្ឌលគិរី ចាត់ការទៅតាមនិតិវិធីតាមច្បាប់ ។

គួរបញ្ជាក់ ជនសង្ស័យឈ្មោះ សារី គ្រីយ៉ា ជាមេឈ្មួញរកសុីខុសច្បាប់ដ៏ល្បីឈ្មោះម្នាក់ ប្រចាំស្រុកកែវសីមា និងជាអ្នកគៀរគរមនុស្ស ឲ្យចូលទៅលួចកាប់ បំផ្លាញព្រៃឈើ ក្នុងដែនដែនអភិរក្ស សត្វព្រៃកែវសីមា និងជាបុគ្គលល្បីឈ្មោះ ខាងកាប់ទន្ទ្រានដីព្រៃអភិរក្ស យកធ្វើកម្មសិទ្ធិ៕

អត្ថបទដែលជាប់ទាក់ទង