ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា និងរដ្ឋអាជ្ញានៃសង្កាត់ញូវយ៉ក ចុះហត្ថលេខាការផ្ទេរសិទ្ធិ គ្រប់គ្រងវត្ថុបុរាណរបស់កម្ពុជា ដែលត្រូវបានជួញដូរចំនួន២៧រូប

69

 

ភ្នំពេញ ៖ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងការិយាល័យ រដ្ឋអាជ្ញាប្រចាំសង្កាត់ញូវយ៉ក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង រវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋអាជ្ញានៃសង្កាត់ញូវយ៉ក ស្តីពីការផ្ទេរសិទ្ធិគ្រប់គ្រងវត្ថុបុរាណរបស់កម្ពុជាដែលត្រូវបានជួញដូរចំនួន២៧រូប ពីការិយាល័យរដ្ឋអាជ្ញា មកព្រះរាជាណាចក្រកម្ពុជា។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសហរដ្ឋអាមេរិក ស្ដីពីការ ចុះហត្ថលេខាដើម្បីទទួលយកវត្ថុបុរាណខ្មែរចំនួន ២៧រូប។

ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសហរដ្ឋអាមេរិក និងលោក Cyrus Vance Jr. រដ្ឋអាជ្ញា នៃការិយាល័យរដ្ឋអាជ្ ញាប្រចាំសង្កាត់ញូវយ៉ក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋអាជ្ញានៃសង្កាត់ញូវយ៉ក ស្ដីពីការផ្ទេរសិទ្ធិគ្រប់គ្រងវត្ថុបុរាណរបស់កម្ពុជា ដែលត្រូវបានជួញដូរ ចំនួន២៧រូប ពីការិយាល័យរដ្ឋអាជ្ញាមកព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីចុះហត្ថលេខា ដែលបានប្រព្រឹត្តទៅ នៅការិយាល័យរដ្ឋអាជ្ញា ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២១។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួម តាមរយៈវីដេអូពីភ្នំពេញមក ដើម្បីជាសាក្សីក្នុងការចុះហត្ថលេខានេះ។ ឯកឧត្តមឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជាប្រចាំ នៅអង្គការសហប្រជាជាតិ ក៏មានវត្តមានចូលរួមផងដែរ។

ក្នុងចំណោមវត្ថុបុរាណទាំងចំនួន២៧ ដែលត្រូវបានរកឃើញមកវិញដោយការិយាល័យរដ្ឋអាជ្ញា និងក្រសួងសន្តិសុខមាតុភូមិអាមេរិក រួមមានរូបបដិមាផ្នែកពុទ្ធសាសនា និងព្រហ្មញ្ញសាសនាសម័យអង្គរសំខាន់ៗមួយចំនួន ដូចជា៖ ព្រះពុទ្ធគង់សមាធិលើនាគធ្វើពីសំរឹទ្ធ រូបព្រះឥសូរ និងព្រះនាងប្រាជ្ញាបារមីតាធ្វើពីថ្មភក់ ។ល។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួល និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាប្រវត្តិសាស្ត្រនេះជាមួយការិយាល័យរដ្ឋអាជ្ញា។

លោកជំទាវរដ្ឋមន្ត្រី ភឿង សកុណា ក្នុងពេលថ្លែងទៅកាន់ពិធីចុះហត្ថលេខា បានសម្ដែងអំណរគុណ និង វាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការ និងការខិតខំប្រឹងប្រែងពីសំណាក់ ការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិក ប្រចាំសង្កាត់ញូវយ៉ក ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិក ព្រមទាំងក្រុមការងារនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា ក្នុងការបញ្ជូនសម្បត្តិវប្បធម៌ទាំងនេះត្រឡប់មកមាតុភូមិកម្ពុជាវិញ។ លោកជំទាវក៏បានថ្លែងអំណរគុណចំពោះ ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ព្រមទាំងឥស្សរជនជាច្រើនរូបទៀត ទាំងក្នុងស្ថាប័នរដ្ឋ-ឯកជន និងក្រុមហ៊ុន MuseumsPartner ផងចំពោះការគាំទ្រ និងចូលរួមសហការដែល ផ្ដើមព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនាថ្ងៃនេះកើតមានឡើង ជាពិសេសគឺក្នុងស្ថានភាព ដ៏លំបាកនៃការរាលដាលជម្ងឺកូវីដ-១៩។

លោកជំទាវរដ្ឋមន្រ្តី ក៏បានថ្លែងផងដែរថា ការទទួលបានត្រឡប់មកវិញនៃវត្ថុបុរាណទាំងនេះ បានសរបញ្ជាក់ ពីចំណងមិត្តភាពដ៏ល្អ និងប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក ក្នុងការចូលរួម ការពារបេតិកភណ្ឌវប្បធម៌ខ្មែរ លោកជំទាវបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបន្តការស្រាវជ្រាវ ដើម្បីនាំយកសម្បត្តិវប្បធម៌ខ្មែរដែល ត្រូវបានលួចនាំចេញដោយខុសច្បាប់ទាំងអស់នោះ ត្រឡប់មកកម្ពុជាវិញ។”

ឯកឧត្តមឯកអគ្គរាជទូត ជុំ សុន្ទរី បានគូសបញ្ជាក់នៅក្នុងសុន្ទរកថារបស់ឯកឧត្តមថា៖ “ការបញ្ជូនត្រឡប់មកវិញនៃវត្ថុបុរាណទាំងនេះ បានបង្ហាញឲ្យឃើញជាថ្មីនូវលទ្ធផល ផ្លែផ្កានៃអនុស្សារណៈនៃការយោគយល់គ្នាចុះហត្ថលេខាដោយរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានបើកឡើងនូវទំព័រថ្មីនៃ កិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អប្រសើរ លើការអភិរក្សវប្បធម៌ រវាងប្រទេសទាំងពីរ និងបានបន្ថែមថា “យើងខ្ញុំសង្ឃឹមថាសហរដ្ឋអាមេរិកនឹងបន្តភាពជា ដៃគូជាមួយប្រទេសកម្ពុជា ដើម្បីយើងអាចបញ្ឈប់ ការជួញដូរសម្បត្តិវប្បធម៌ខ្មែរខុសច្បាប់ និងបញ្ជូនបេតិកភណ្ឌវប្បធម៌របស់យើងត្រឡប់ទៅកម្ពុជាវិញ”។ ឯកឧត្តមឯកអគ្គរាជទូត បានអំពាវនាវ និងលើកទឹកចិត្ត ដល់អ្នកនិយមសន្សំវត្ថុបុរាណខ្មែរទាំងអស់ឱ្យពិនិត្យ ដោយយកចិត្តទុកដាក់នូវប្រភពដើម នៃវត្ថុបុរាណរបស់ខ្លួននិងសូមទទួល ដឹងថាសម្បត្តិវប្បធម៌ខ្មែរភាគច្រើនដែល នៅក្រៅប្រទេស ត្រូវបានយកចេញ និងជួញដូរដោយខុសច្បាប់ ហើយគួរតែត្រូវបានប្រគល់ត្រឡប់មកកម្ពុជាវិញ។

ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងការវាយតម្លៃខ្ពស់ ចំពោះការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ញូវយ៉ក និងក្រសួងសន្តិសុខមាតុភូមិអាមេរិក សម្រាប់កិច្ចសហប្រតិបត្តិការដ៏ថ្លៃថ្លានេះ៕

អត្ថបទដែលជាប់ទាក់ទង