ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្អាកជាបណ្ដោះអាសន្ន ចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ សម្រាប់រយៈពេល១៤ថ្ងៃ

107

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេច ដាក់ចេញវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្ន ចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ សម្រាប់រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យនាថ្ងៃទី២០ ខែមិថុនា រហូតដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១។

បើយោងតាមសេចក្ដីសម្រេច ក្នុងអំឡុងពេល នៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ដូចខាងក្រោម៖ សាលារៀន រួមទាំងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន លើកលែងតែសាលារៀនដែលធ្វើការបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញ។ អាជីវកម្មក្លឹបកម្សាន្ដគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាលា ឌីស្កូតែក បៀហ្គាឌីន និងកាស៉ីណូ។ រមណីយដ្ឋាន សារមន្ទីរ និងសួនកម្សាន្ដនានា។ អាជីវកម្មម៉ាស្សា និងរោងភាពយន្ដ រោងសម្ដែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា។

ក្រៅពីសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដូចបានកំណត់ខាងលើ រដ្ឋបាលរាជធានីភ្នំពេញ នឹងពិនិត្យសម្រេចផ្អាកសកម្មភាពការងារ មុខរបរ និងអាជីវកម្មផ្សេងទៀត ទៅតាមស្ថានភាពវិវឌ្ឍន៍ជាក់ស្ដែង ដោយអនុលោមតាមតម្រូវការចាំបាច់ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩។

រដ្ឋបាលរាជធានីភ្នំពេញ ក៏មិនអនុញ្ញាតឲ្យមានការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន ដែលមានភាពកុះករកកកុញ លើសពី១៥នាក់នោះឡើយ លើកលែងតែករណីមួយចំនួន ដូចមានកំណត់ក្នុងប្រការ៣ នៃសេចក្ដីសម្រេចនេះប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង