ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកប្រដាល់សាកលជើងខ្លាំង៣រូបចេញទៅហាត់៣ខែនៅស្រុកបារាំង

88

ភ្នំពេញ៖ កីឡា ប្រដាល់សកលជម្រើសជាតិកម្ពុជា៣រូប នឹងត្រូវចេញទៅហ្វឹកហាត់
រយៈ ពេល៣ខែ នៅប្រទេសបារំាង ដើម្បីបង្កើនសមត្ថភាពត្រៀម ប្រជែងមេដាយ ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលពន្យារពេលទៅធ្វើនៅចុងខែមេសា ដល់ដើមខែ
ឧសភា ឆ្នាំ២០២២។
បើតាមការឲ្យដឹងពីលោកប៊ុយសុភ័ណ្ឌដែលជាអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានឱ្យដឹងថា តាមពិត គម្រោងនេះត្រូវចេញ ដំណើរនាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះប៉ុន្តែដោយសារការស្នើសុំទិដ្ឋាការពីស្ថានទូតបារំាងមិនទាន់បានដូច្នេះទើបយើងពន្យារពេលចេញទៅចុងខែសីហា ឬខែកញ្ញាខាងមុខវិញ។ ជម្រើសជាតិទាំង៣នាក់នេះ រួមមាន កីឡាករ សៅ រង្សី អាយុ ២១ឆ្នាំ ប្រភេទទម្ងន់ ៥២គីឡូក្រាម, កីឡាករ សែត សារឹទ្ធ អាយុ ២៣ឆ្នាំ ប្រភេទទម្ងន់ ៦៤គីឡូក្រាម និងកីឡាករ វី សុភ័ស អាយុ ២១ឆ្នាំ ប្រភេទទម្ងន់ ៦៩គីឡូក្រាម។
ពេលស្នាក់នៅនិងហ្វឹកហាត់នៅប្រទេសបារាំងនោះនឹងមានឱកាសបានចូលរួមប្រកួតប្រដាល់សកលលក្ខណៈអាជីពរបស់ប្រទេសបារំាងទៀតផងដើម្បីបង្កើនបច្ចេកទេសកាន់តែរឹងមាំ ក្នុងដំណើរឆ្ពោះទៅប្រជែងមេដាយ ក្នុងស៊ីហ្គេម នាពេលខាងមុខ។
លោកអគ្គលេខាធិការ បានបន្តថា ចំពោះថ្លៃសំបុត្រយន្តហោះ ការហូបចុក ការស្នាក់នៅប្រទេសបារំាងរយៈពេលហ្វឹកហាត់នេះទទួលបានការឧបត្ថម្ភគាំទ្រពីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ (CAMSOC) រីឯប្រាក់ឧបត្ថម្ភប្រចាំខែ ទទួលបានការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា។
ការហ្វឹកហាត់នៅប្រទេសបារំាងនេះនឹងជួយជំរុញដល់គុណភាពបច្ចេកទេសរបស់កីឡាករទាំង៣នាក់នេះ កាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីត្រៀមចូលរួមប្រជែងមេដាយ នៅក្នុងស៊ីហ្គេមឆ្នាំ២០២២។ប្រភេទកីឡាប្រដាល់សកលកម្ពុជាធ្លាប់ដណ្តើមបានមេដាយសំរឹទ្ធចំនួន៥គ្រឿង កាលពី ស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ដោយអគ្គលេខាធិការរូបនេះ ចាត់ទុកថា នេះគឺជាសមិទ្ធផលថ្មីៗ ដែលកើតចេញពីការខិតខំប្រឹងរួមគ្នារបស់ស្ថាប័នពាក់ព័ន្ធ ព្រមទាំងឆន្ទៈខិតខំហ្វឹកហាត់ និងប្រកួតរបស់ក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជា។
ក្រៅពីគម្រោងហ្វឹកហាត់នៅក្រៅប្រទេសនេះ ក្រុមកីឡាករ កីឡាការិនីមួយចំនួនទៀត ក៏ហ្វឹកហាត់ត្រៀមនៅក្នុងស្រុកផងដែរដើម្បីគោលដៅបង្កើនមេដាយនៅក្នុងព្រឹត្តិការណ៍ថ្នាក់តំបន់អាស៊ីអាគ្នេយ៍រៀងរាល់ពីរឆ្នាំម្តងនេះនៅវៀតណាមហើយក៏ត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ឆ្នាំ២០២៣នៅព្រះរាជាណាចក្រកម្ពុជាដែរ៕

អត្ថបទដែលជាប់ទាក់ទង