ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ស សុខា ទទួលបានការគាំទ្រជាប្រមុខ សហព័ន្ធប៉េតង់កម្ពុជា អាណត្តិថ្មីបន្តទៀត

163

ភ្នំពេញ៖ទីបំផុតឯកឧត្តមសសុខាត្រូវបានគណៈកម្មាធិការប្រតិបត្តិផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសឲ្យបន្តដឹកនាំជាប្រមុខសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា សម្រាប់អាណត្តិថ្មី ទី៧ ឆ្នាំ២០២១ដល់២០២៥ តាមរយៈមហាសន្និបាត តាមប្រព័ន្ធ Zoom នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ។
ជាមួយនឹងការបន្តតំណែងជាប្រធានសហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជាអាណត្តិទី៧ឯកឧត្តមបានប្តេជ្ញាចិត្តបំពេញកិច្ចការងារ
សម្រាប់អាណត្តិថ្មីសំដៅបម្រើផលប្រយោជន៍សហព័ន្ធនិងដើម្បីតបស្នងចំពោះការលះបង់របស់ថ្នាក់ដឹកនាំជំនាន់មុនព្រមទាំងស្វែងរកលទ្ធផលល្អៗ ជោគជ័យថ្មីៗ ជូនជាតិមាតុភូមិកម្ពុជាជាបន្តទៀត។
សមាជិកប្រតិបត្តិអាណត្តិថ្មីនេះ មានចំនួន១៤រូប ក្នុងនោះឯកឧត្តម ស សុខា ដែលជារដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា អមដោយអនុប្រធានចំនួន៥រូប ដូចជា ឯកឧត្តម ប៊ូ ជុំសេរី អនុប្រធានទី១ និងអនុប្រធាន៤រូបទៀត គឺឯកឧត្តម អ៊ុក សិទ្ធិជាតិ, ឯកឧត្តម ស៊ុម សុជាតិ, អ្នកឧកញ៉ា លាង ឃុន, លោកឧកញ៉ា សុខ ហុង។ ឯកឧត្តម សុខ សប្បាយណាក៏ត្រូវបានទទួលការគាំទ្រឲ្យបន្តធ្វើជា អគ្គលេខាធិការ អមដោយអគ្គលេខាធិការងពីររូប គឺឯកឧត្តម ព្រំ ប៊ុណ្ណយី និងកញ្ញា គីន សំណាង។ ឯកឧត្តម ណុប ដារ៉ាជាប់ជាអគ្គហិញរញ្ញឹក និងសមាជិកចំនួន៤រូបផ្សេងទៀតជាសមាជិកប្រតិបត្តិធម្មតា។
តាមសេចក្តីប្រកាសពត៌មានរបស់សហព័ន្ធក្រោយបញ្ចប់អង្គមហាសន្និបាតនេះបានបង្ហាញសកម្មភាពនិងសមិទ្ធផលដែលសម្រេចបានក្នុងអាណត្តិចាស់ថា សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា សូមអបអរសាទរចំពោះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលទទួលបានការបោះឆ្នោតគាំទ្រពីអង្គមហាសន្និបាត ជ្រើសរើសជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា អាណត្តិទី៧ ឆ្នាំ២០២១-២០២៥ដើម្បីបន្តនូវចក្ខុវិស័យពីថ្នាក់ដឹកនាំពង្រីកវិសាលភាពនិងការអភិវឌ្ឍវិស័យកីឡាប៊ូលនិងប៉េតង់កម្ពុជាទៅគ្រប់បណ្តារាជ
ធានី-ខេត្តស្របតាមលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងដែលទើបទទួលបានការអនុម័តពីអង្គមហាសន្និបាត។បន្ថែមពីនេះបន្តអនុវត្តផែនការមេ
ឆ្ពោះទៅការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣។
សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩២ ក្រោមការផ្តួចផ្តើមរបស់ថ្នាក់ដឹកនាំជំនាន់មុនដែលមាន សម្តេចវិបុលបញ្ញា សុខ អាន ជាប្រធាន និង សម្តេចក្រឡាហោម ស ខេង ជាប្រធានកិត្តិយស ព្រមទាំងស្ថាបនិកជាច្រើនរូបទៀត ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលាដ៏មមាញឹក និងថវិកាផ្ទាល់ខ្លួន ក្នុងការជំរុញវិស័យកីឡាប៊ូល និងប៉េតង់ រហូតមានភាពល្បីល្បាញ និងការកោតសរសើរលើសកលលោក ដោយទទួលបានការប្រសិទ្ធនាមពីសហព័ន្ធកីឡាប៊ូល និងប៉េតង់អន្តរជាតិ ថា “កម្ពុជា ជាមហាអំណាចលើប្រភេទកីឡាប៉េតង់”។
បច្ចុប្បន្ន ប៊ូល និងប៉េតង់ ជាកីឡាមួយប្រភេទដ៏មានសក្ដានុពល ដែលទទួលបានការចាប់អារម្មណ៍ និងគាំទ្រពីសាធារណជនគ្រប់ស្រទាប់វណ្ណៈ ព្រមទាំងមានសក្តានុពលក្នុងការដណ្តើមយកនូវមេដាយជូនជាតិមាតុភូមិ គិតត្រឹមឆ្នាំ២០២០ សហព័ន្ធទទួលបានមេដាយកម្រិតអន្តរជាតិ សរុប ៣៦៩គ្រឿង (មាស ១០៧ ប្រាក់ ១៣១ និងសំរឹទ្ធ ១៣១) ដែលសមិទ្ធផលគួរជាមោទនៈនេះ គឺអាចកើតមានឡើងពីការជ្រោមជ្រែង និងការត្រួសត្រាយផ្លូវរបស់ថ្នាក់ដឹកនាំជំនាន់មុន ក្នុងនាមយើងជាយុវជនជំនាន់ក្រោយ គឺពុំអាចបំភ្លេចនូវស្នាដៃដ៏ឧដុង្គឧត្តមនេះបានឡើយ៕

អត្ថបទដែលជាប់ទាក់ទង