ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រូបង្វឹកចំបាប់អ៊ីរ៉ង់បានទទួលកាដូ រថយន្តសម្រាប់ជិះទៅ បង្វឹកដល់ក្រុមជម្រើសជាតិចំបាប់កម្ពុជា

52

ភ្នំពេញ៖ អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាលោក ខេស៊ី បាណេត បានប្រគល់ជូនរថយន្តម៉ាក Prius ១គ្រឿងដែលមានតម្លៃ ១១.៧០០ដុល្លារដល់គ្រូបង្វឹកជនជាតិអ៊ីរ៉ង់គឺលោក Komeil Ghasemi កាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ក្នុងការបំពេញបេសកកម្មបង្វឹកដល់ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិចំបាប់កម្ពុជា។
លោក ខេស៊ី បាណេត មានប្រសាសន៍ថា លោកបានទិញរថយន្តនេះជូនដល់លោក លោក ខេស៊ី បាណេត ដើម្បីសម្រួលដល់ការធ្វើដំណើរទៅមកក្នុងការបំពេញកាតព្វកិច្ចរបស់គាត់ដើម្បីបង្កើនសមត្ថភាពដល់ក្រុមជម្រើសជាតិចំបាប់កម្ពុជាឲ្យកាន់តែខ្លាំងក្លា ដើម្បីត្រៀមប្រកួតប្រជែងមេដាយ នៅក្នុងស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាចុងខែមេសា-ដើមខែឧសភា ឆ្នាំ២០២២ និងឆ្ពោះទៅប្រជែងមេដាយឲ្យបានកាន់តែច្រើន ក្នុងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងឋានៈម្ចាស់ផ្ទះ។
ប្រមុខរងសហព័ន្ធរូបនេះចាត់ទុកថា ការនាំយកគ្រូបង្វឹកជនជាតិអ៊ីរ៉ង់រូបនេះ ថ្វីដ្បិតរយៈពេលហ្វឹកហាត់ត្រៀមខ្លីបន្តិចមែន ប៉ុន្តែក្រុមជម្រើសជាតិចំបាប់មានមូលដ្ឋានគ្រឹះល្អប្រសើរហើយក្រុមជម្រើសជាតិធ្លាប់ចូលរួមប្រកួតលើឆាកអន្តរជាតិដូច្នេះពួកគាត់ក៏មានបទពិសោធន៍ច្រើនផងដែរ។ «យើងត្រូវទទួលស្គាល់ការពិត ដោយការហ្វឹកហាត់២ឆ្នំា វាមិនគ្រប់គ្រាន់នោះទេ ប៉ុន្តែទោះយ៉ាងនេះក្តី ក៏លោកអនុប្រធានរូបនេះដាក់ក្តីសង្ឃឹមថា ប្រភេទកីឡាចំបាប់កម្ពុជានឹងប្រជែងបានមេដាយជូនជាតិ ពីព្រឹត្តិការណ៍ស៊ីហ្គេម ២លើកចំពោះមុខនេះ ដោយលោកជឿជាក់លើសមត្ថភាព បទពិសោធន៍របស់លោក Komeil Ghasemi ដែលជាម្ចាស់មេដាយមាសអូឡាំពិកហ្គេម ២០១២ នៅទីក្រុងឡុង និងជាម្ចាស់មេដាយសំរឹទ្ធ អូឡាំពិកហ្គេម ២០១៦ អូឡាំពិកហ្គេម ទីក្រុងរីយ៉ូ រួមទាំងមេដាយមាស ប្រាក់ និងសំរឹទ្ធអន្តជាតិក្នុងអាស៊ីជាច្រើនទៀត កាលពីលោកនៅជាកីឡាករ ប្រកួតប្រជែងមេដាយជូនជាតិរបស់គាត់»។
លោក Komeil Ghasemi បានលើកឡើងដែរថា ក្រៅពីការលើកកម្ពស់ជំនាញបច្ចេកទេស លោកនឹងប្រើប្រាស់ចិត្តវិទ្យា ដើម្បីជំរុញឆន្ទៈដល់ក្រុមជម្រើសជាតិឲ្យប្រឹងប្រែងហ្វឹកហាត់ឲ្យបានគត់មត់ប្រកបដោយភាពជឿជាក់ក្តីសង្ឃឹមក្នុងការសម្រួចបច្ចេកទេសស្វែងរកមេដាយជូនជាតិពីការប្រកួតនាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង