ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចេញសេចក្ដីណែនាំ ស្ដីពីការពង្រឹងតួនាទី ភារកិច្ច គណៈកម្មការផ្គូរផ្គង ដើម្បីជំរុញកិច្ចសហការ ជាមួយ ស្ថានីយ៍ទូរទស្សន៍ ក្នុងការរៀបចំគូប្រកួតដល់កីឡាករ – កីឡាការិនី ឲ្យបានល្អប្រសើរ

95

 

ភ្នំពេញ ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចេញសេចក្ដីណែនាំ ស្ដីពីការពង្រឹងតួនាទី ភារកិច្ច គណៈកម្មការផ្គូរផ្គង ដើម្បីជំរុញកិច្ចសហការ ជាមួយ ស្ថានីយ៍ទូរទស្សន៍ ក្នុងការរៀបចំគូប្រកួតដល់កីឡាករ – កីឡាការិនី ឲ្យបានល្អប្រសើរ និងជៀសផុតពីបញ្ហាប្រឈមនានា។

ឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានឲ្យដឹងថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានធ្វើការសហការរួមគ្នាជាមួយស្ថានីយ៍ទូរទស្សន៍ ក្នុងការរៀបចំគណៈ កម្មការផ្គូរផ្គង រៀបចំគូប្រកួតដល់កីឡាករកីឡាការិនី សម្រាប់ដំណើរការប្រកួត តាមស្ថានីយ៍ទូរទស្សន៍នានា ក្នុងរាជធានីភ្នំពេញ ។

គណៈកម្មការផ្គូរផ្គងរបស់យើងបានយកចិត្តទុកដាក់ពុះពារបំពេញភារកិច្ចនេះ ទទួលបានជោគជ័យជា បន្តបន្ទាប់រហូតមកដល់ពេលនេះ ។ ការងារផ្គូរផ្គង និងការងារប្រកួតរបស់យើងពិតជាមានសារសំខាន់ ក្នុងការចូល រួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច វប្បធម៌ ការងារទំនាក់ទំនងទូទៅ ជាតិ-អន្តរជាតិ ដើម្បីចូលរួមលើកកម្ពស់ និងអភិវឌ្ឍន៍វិស័យកីឡាប្រដាល់គុនខ្មែរឲ្យមានកម្រិតខ្ពស់ ។

ចំពោះការងារនេះថ្វីត្បិតតែយើងបានខិតខំយកចិត្តទុកដាក់ប្រឹងប្រែងពុះពារនោះហើយក៏ដោយ ក៏យើង ពិនិត្យឃើញថា ការងារនេះពិតជានៅមានចំណុចខ្វះខាត និងមានភាពអសកម្មខ្លះៗ ចំពោះកីឡាករ កីឡាការិនី របស់យើង ក្នុងការប្រកួតមិនឈរទឹក មិនសូវមានវិន័យ ខ្វះភាពរឹងមាំ ខ្វះកំលាំងកាយ ខ្វះកម្លាំងអំណត់ មិន មានភាពរឹងមាំខាងផ្នែកបច្ចេកទេស ។ ហើយពេលខ្លះការផ្គូរផ្គងរួចហើយមានការដោះដូរឡើងវិញជាញឹកញាប់ និងមិនសមហេតុផល ដែលធ្វើឲ្យប៉ះពាល់ដល់ការប្រកួត ។ល។និង។ល។

ឧត្តមសេនីយ៍ឯក តែម ម៉ឺន បានបញ្ជាក់ថា ដើម្បីឲ្យការងារគណៈកម្មការផ្គូរផ្គងដំណើរការងាររបស់ខ្លួនបានល្អប្រសើរ និងជៀសផុតពីចំណុចប្រឈម ផ្សេងៗនោះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សូមដាក់ចេញនូវវិធានការណែនាំមួយចំនួន ដូចខាងក្រោម ៖

១-គណៈកម្មការផ្គូរផ្គង ត្រូវធ្វើការងារទំនាក់ទំនងសហការផ្ទាល់ជាមួយបណ្តាសមាគម ក្លិប ឬគ្រូបង្វឹក ដែលជាតំណាង សហការទំនាក់ទំនងការផ្គូរផ្គងការប្រកួតសម្រាប់កីឡាតាមរូបភាព ឬវិធីសាស្ត្រផ្សេងៗ និងពេលវេលាកំណត់ ទាំងពេលវេលាផូរផ្គង និងគូប្រកួតរបស់កីឡាករ កីឡាការិនី តាមការកំណត់ របស់គណៈកម្មការផ្គូរផ្គងប្រចាំស្ថានីយ៍ទូរទស្សន៍នីមួយៗ ការងារផ្គូរផ្គងគូប្រកួតនេះ មិនអនុញ្ញាតឲ្យ ធ្វើការផ្គូរផ្គងដោយផ្ទាល់ជាមួយកីឡាករ កីឡាការិនីជាដាច់ខាត ។

២-បណ្តាសមាគម ក្លិប ឬគ្រូបង្វឹកដែលជាតំណាង ត្រូវពិនិត្យនិងធ្វើការជ្រើសរើសនូវសមាសភាពកីឡាករ កីឡាការិនី ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ត្រូវមានកម្លាំងកាយ កម្លាំងអំណត់ និងមានភាពរឹងមាំខាងបច្ចេកទេស មានវិន័យ មានការហាត់ហ្វឹកហ្វឺនត្រឹមត្រូវតាមកម្មវិធីច្បាស់លាស់ ។

៣-គណៈកម្មការផ្គូរផ្គង ត្រូវយកអស់ពីស្មារតី កម្លាំងកាយចិត្ត ទទួលខុសត្រូវការងារផ្គូរផ្គង ត្រូវស្គាល់ ប្រវត្តិរបស់កីឡាករ កីឡាការិនីនីមួយៗ ឲ្យបានច្បាស់លាស់ ដើម្បីការងារផ្គូរផ្គង ធានាបាននូវកម្រិត បច្ចេកទេស និងសមត្ថភាពក្នុងការប្រកួត ឲ្យមានកម្រិតប្រហាក់ប្រហែលគ្នា ធានាដល់គុណផល និង ស្មារតីកីឡាក្នុងពេលប្រកួត ។

៤-គណៈកម្មការផ្គូរផ្គង ត្រូវមានស្មារតីទទួលខុសត្រូវ មានទស្សនៈគ្រប់ជ្រុងជ្រោយ ក្នុងការអភិវឌ្ឍ សមាគម ក្លិប និងធនធានកីឡាករ កីឡាការិនី ការផ្គូរផ្គងត្រូវមានសមត្ថភាព មានតម្លាភាព ចែក រំលែកដល់គ្រប់សមាគម ក្លិប គ្រប់បណ្តារាជធានី ខេត្ត ។ ត្រូវមានទស្សនៈវិស័យ ពង្រឹងអភិវឌ្ឍន៍ ធនធានកីឡាករគ្រប់កម្រិត (កម្រិតខ្ពស់ កម្រិតមធ្យម កីឡាករថ្នាល ជាកីឡាករសម្រាប់បន្តវេន)។

៥-ចំពោះកីឡាករ កីឡាការិនីដែលស្ថិតនៅក្នុងការប្រមូលផ្ដុំរបស់ក្រុមជម្រើសជាតិ គណៈកម្មការ
ផ្គូរផ្គងត្រូវធ្វើការទំនាក់ទំនងសហការដោយផ្ទាល់ជាមួយគ្រូបង្វឹកជម្រើសជាតិ ។

៦-ចំពោះរយៈពេលនៃការផ្គូរផ្គងរបស់កីឡាករ កីឡាការិនីម្នាក់ៗ ប្រកួតមួយដង ត្រូវឲ្យសម្រាកពី ការប្រកួតយ៉ាងតិចចាប់ពីពីរសប្ដាហ៍ឡើងទៅ(លើកលែងតែករណីពិសេស គណៈកម្មការផ្គូរផ្គងត្រូវ ស្នើសុំមកសហព័ន្ធជាបន្ទាន់ដើម្បីពិនិត្យនិងដោះស្រាយ)ដើម្បីអនុវត្តតាមវិធានការវេជ្ជសាស្ត្រកីឡាក្នុងការធានាសុខមាលភាពរបស់កីឡាករកីឡាការិនី ។ ៥-គណៈកម្មការផ្គូរផ្គង បន្ទាប់ពីការផ្គូរផ្គងដែលបានឯកភាពគ្នា រវាងសមាគម ក្លិប ឬគ្រូបង្វឹកដែលជាតំណាងនោះ ត្រូវមានកំណត់ត្រា កិច្ចសន្យា និងការផ្តល់ព័ត៌មានច្បាស់លាស់ ឈ្មោះកីឡាករ កីឡា ការិនី ថ្ងៃ ខែ ឆ្នាំ ប្រកួត និងទីកន្លែងដែលត្រូវប្រកួត ។ ៦-ចំពោះសមាគម ក្លិប ឬគ្រូបង្វឹកដែលជាតំណាង ដែលបានឯកភាពព្រមព្រៀងគ្នាក្នុងការបញ្ជូន ឈ្មោះកីឡាករ កីឡាការិនី ចូលរួមការប្រកួត ដែលបានកំណត់ឈ្មោះកីឡាករ កីឡាការិនីពេលវេលានិងទីកន្លែងប្រកួតហើយនោះ ត្រូវគ្រប់គ្រងនិងហាត់ហ្វឹកហ្វឺនដល់កីឡាករ កីឡាការិនីទាំងនោះឲ្យបានល្អ ដើម្បីចូលរួមការប្រកួតឲ្យបានជាដាច់ខាត ។ ចំពោះករណ៏អាក់ខានមិនអាចចូលរួមការប្រកួតបាននោះ ត្រូវមានការពិនិត្យវាយតម្លៃពីគណះកម្ម ការផ្គូរផ្គង និងពីគណៈកម្មការក្រុមគ្រូពេទ្យជាដាច់ខាត។ ក្នុងករណីមានបំណងគេចវេសពីការប្រកួត ដោយពុំសមស្រប និងពុំមានហេតុផលច្បាស់លាស់ សមាគម ក្លិប ឬគ្រូបង្វឹកដែលជាតំណាង ក៏ដូចជា កីឡាករ កីឡាកាវិនីរូបនោះ ត្រូវប្រឈមអនុវត្តវិធានការតាមបទបញ្ជាគ្រប់គ្រងការប្រកួតរបស់សហព័ន្ធ កីឡាប្រដាល់គុនខ្មែរ ដែលបានកំណត់ក្នុង ជំពូកទី២ ប្រការ៣ ស្ដីអំពីតួនាទីភារកិច្ច សមាគម ក្លិប គ្រូបង្វឹក កីឡាករ កីឡាការិនី និងត្រូវសង់ថ្លៃការខូចខាតដល់ស្ថានីយ៍ទូរទស្សន៍ និងអ្នកឧបត្ថម្ភកម្ម វីធី ក្នុងតម្លៃកម្មវិធីដែលបានខូចខាត ។

៧-គណៈកម្មការផ្គូរផ្គង ត្រូវធ្វើកំណត់ត្រា កំណត់តម្លៃខ្លួនកីឡាករ កីឡាការិនីឲ្យបានត្រឹមត្រូវដែលបាន ឯកភាពគ្នារវាងគណៈកម្មការផ្គូរផ្គង និងស្ថានីយ៍ទូរទិស្សន៍ជាដៃគូអភិវឌ្ឍន៍ទាំងអស់ ។ ការកំណត់ តម្លៃខ្លួនកីឡាករ កីឡាកាវិនីក្នុងការប្រកួត ត្រូវផ្អែកតាមកម្រិតសមត្ថភាព បច្ចេកទេស និងគុណផល របស់កីឡាករ កីឡាការិនីម្នាក់ៗ ដែលសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានកំណត់ មាន ៣ កម្រិត ៖ -គូប្រកួតកម្រិត ធម្មតា -គូប្រកួតកម្រិត ជើងឯករង -គូប្រកួតកម្រិត ជើងឯកកម្រិតខ្ពស់ ស្ថានីយ៍ទូរទស្សន៍ ឬអ្នកឧបត្ថម្ភ(Spornsor)កម្មវិធី អាចមានការបង្កើននូវតម្លៃខ្លួនរបស់កីឡាករកីឡាការិនីបន្ថែមទៀតបាន ។

៨-គណៈកម្មការផ្គូរផ្គងគ្រប់ស្ថានីយ៍ទូរទស្សន៍ បន្ទាប់ពីការផ្គូរផ្គងបានរួចរាល់ចប់សព្វគ្រប់ ត្រូវបញ្ជូន ឯកសារមកតម្កល់ទុកនៅ លេខាធិការដ្ឋានអចិន្ត្រៃយ៍ របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដើម្បីផ្សព្វផ្សាយនិងគ្រប់គ្រងជាផ្លូវការ ។

គណៈកម្មការផ្គូរផ្គងគ្រប់ស្ថានីយ៍ទូរទស្សន៍ សមាគម ក្លិប គ្រូបង្វឹកដែលជាតំណាង និងកីឡាករ កីឡាការិនី ត្រូវយកអស់ស្មារតីទទួលខុសត្រូវខ្ពស់ និងចូលរួមសហការអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថ លេខានេះតទៅ ៕

អត្ថបទដែលជាប់ទាក់ទង