ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រមានប្រធានមន្ទីរធនធានទឹក ខេត្តកំពង់ចាម ផឹកស្រវឹង អុកឡុកអង្គពិធី

324

ភ្នំពេញ ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចេញលិខិតព្រមានចំពោះលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ចំពោះភាពមិនប្រក្រតីមួយចំនួន ដូចជា ហាមយកម៉ោងការងារទៅដើរផឹកគ្រឿងស្រវឹងជាដាច់ខាត ហើយចូលមកធ្វើសកម្មភាព អុកឡុកអង្គពិធី ប្រកាសតែងតាំង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម កាលពីថ្ងៃទី២៨ តុលា ។

រដ្ឋបាលខេត្តកំពង់ចាម បានពិនិត្យឃើញថា ទង្វើ កាលពីថ្ងៃទី២៨ខែតុលាឆ្នាំ២០២១ ក្នុងពិធីប្រកាសតែងតាំងប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ចាម នៅសាលាខេត្តកំពង់ចាម ដែលស្រវឹងស្រាហើយចូលមកធ្វើសកម្មភាពអុកឡុកអង្គពិធីរបស់លោកបានបង្ហាញពីភាពមិនសមរម្យ ធ្វើឲ្យបាត់បង់សេចក្តីថ្លៃថ្នូរ កិត្តិយស ជាមន្រ្តីរាជការ និងបានធ្វើឲ្យប៉ះពាល់ដល់កិតិ្តយសថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំក្រសួងថែមទៀតផង។

ពាក់ព័ន្ធនឹងទង្វើរបស់លោក រដ្ឋបាលខេត្តកំពង់ចាម សម្រេចព្រមាន ដោយណែនាំ និងកំណត់ឱ្យលោក អ៊ុម វិបុល ធ្វើការកែលម្អនូវចំណុចមួយចំនួន ដូចខាងក្រោម៖

១- ហាមយកម៉ោងការងារទៅដើរផឹកគ្រឿងស្រវឹងជាដាច់ខាត
២- ត្រូវកែប្រែឥរិយាបថ និងមិនត្រូវបង្កបាតុភាពឬធ្វើសកម្មភាពណា ដែលធ្វើបាត់បង់ កិត្តិយសសេចក្ដីថ្លៃថ្នូរជាអ្នកដឹកនាំ និងជាអ្នករាជការ ទៀតឡើយ
៣-ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឱ្យបានរឹងមាំ
៤- ត្រូវមានទំនាក់ទំនងជិតស្និទ្ធ ជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុង ស្រុក
៥- ត្រូវគោរពវិន័យ ពេលវេលាបំពេញការងារនៅក្នុងអង្គភាពឱ្យបានជាប់លាប់
៦- គ្រប់បេសកកម្ម និងការសុំច្បាប់ឈប់សម្រាក ត្រូវមានការអនុញ្ញាត ពីអភិបាល នៃគណៈអភិបាលខេត្ត
៧- រដ្ឋបាលខេត្ត និងផ្អាកធ្វើការវាយតម្លៃ ស្នើសុំគ្រឿងឥស្សរិយយសការងារ រយៈពេល០២ឆ្នាំ រួមទាំងការវាយតម្លៃស្នើសុំដំឡើងថ្នាក់ ដំឡើងឋានន្តរស័ក្តិ រយៈពេល០២ ឆ្នាំដូចគ្នា។

អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា “ទទួលបានលិខិតព្រមាននេះ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ចាម ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមចំណុចណែនាំខាងលើ ជៀសវាងធ្វើឱ្យមានកំហុសលើកក្រោយទៀត ។ ក្នុងករណីមិនរាងចាល រដ្ឋបាលខេត្ត នឹងមានវិធានការ តាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ពាក់ព័ន្ធនានា ដោយមិនមានការ យោគយល់ទៀតឡើយ”៕

អត្ថបទដែលជាប់ទាក់ទង