ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តែងតាំងឯកឧត្តម គួច ចំរើន ជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ

303

 

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃសៅទី ៣០ ខែតុលា ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណៈ កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្ទេរមុខតំណែងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ហើយពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សាយ សំអាល់ ប្រធាន ក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះសីហនុ ព្រមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាប្រធាន អនុប្រធានក្រុមការងារគ្រប់លំដាប់ថ្នាក់ ។

យោងតាមសេចក្តីប្រកាស ឯកឧត្តម គួច ចំរើន អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ
ត្រូវបានទទួលមុខតំណែងថ្មីជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ជំនួសឯកឧត្តម ជាម ហ៊ីម ដែលត្រូវបានផ្ទេរភារកិច្ចទៅទទួលមុខតំណែងថ្មីនៅក្រសួងអភិវឌ្ឍន៍ជនបទ ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានលើកឡើងដោយផ្តោតសំខាន់ទៅលើការដឹកនាំនៅចំពោះមុខ ដោយត្រូវក្តាប់ឱ្យជាប់នូវលក្ខន្តិកៈរបស់គណបក្ស កម្មវិធីនយោបាយគោលការណ៍គោលនយោបាយ និងសេចក្តីសម្រេចរបស់គណបក្ស ច្បាប់របស់រដ្ឋ ដោយចាត់តាំងអនុវត្តន៍ឱ្យបានត្រឹមត្រូវ និងត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍ជាមូលដ្ឋាន ដឹកនាំបុគ្គលក្នុងភាពទទួលខុសត្រូវភាគតិចគោរពភាគច្រើន។ ការដឹកនាំល្អគឺមានអាកប្បកិរិយា ពាក្យសម្តី សុភាពរាបសារ ភាពចាស់ទុំខាងនយោបាយ តែត្រូវម៉ឺងម៉ាត់ មានគោលជំហរច្បាស់លាស់។ អ្នកដឹកនាំត្រូវធ្វើជាគំរូល្អ ដល់អ្នកដែលនៅក្រោមឱវាទ ក្នុងការដឹកនាំរបស់យើង ក្នុងនោះគំរូអនុវត្តន៍ដីកា ច្បាប់ ក្នុងជីវភាពរស់នៅ ការសាមគ្គីភាពឯកភាពផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបន្ថែមថា ការដឹកនាំល្អត្រូវគោរព និងអនុវត្តន៍ឱ្យបានត្រឹមត្រូវ ស្តីពីរបបធ្វើការងាររបស់គណបក្ស គឺប្រជុំសន្និបាត ការចុះមូលដ្ឋានការត្រួតពិនិត្យ រៀនសូត្រ រាយការណ៍ និងសុំយោបល់ត្រូវចងចាំថា មិនត្រូវមើលរំលងរាល់ការងារត្រូវអនុវត្ត ។

សម្តេចវិបុលសេនាភក្តី ក៏បានកោតសរសើរក្រុងព្រះសីហនុ បានធ្វើការអភិវឌ្ឍកែប្រែមុខមាត់ថ្មី ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្ថាបនាផ្លូវ ៣៤ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធនានាមានដូចជា បន្ទប់ទឹកសាធារណៈ ភ្លើងបំភ្លឺផ្លូវ ក្រាលក្រានីត គំនូសចរាចរណ៍ ភ្លើងស្តុប ការដាំដើមឈើ ។ល។ និងស្ថាបនាអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ ហើយមកដល់បច្ចុប្បន្នអាងប្រព្រឹត្តកម្មចំនួន២ ត្រូវបានដាក់ឱ្យដំណើរការរួចហើយ នេះជាសមិទ្ធផលថ្មីៗសម្រាប់ក្រុងព្រះសីហនុ ទន្ទឹមនោះខេត្តមានព្រលានយន្តហោះអន្តរជាតិ បានពង្រីកផ្លូវរត់ពី ២.៥០០ម៉ែត្រ រហូតដល់ ៣.៣០០ម៉ែត្រ អាចឱ្យយន្តហោះប្រភេទធំចុះចតបាន និងមានផ្លូវល្បឿនលៀនភ្នំពេញ ខេត្តព្រះសីហនុ គ្រោងដាក់ឱ្យដំណើរការចុងឆ្នាំ២០២២ខាងមុខ មានកំពង់ផែទឹកជ្រៅអាចឱ្យនាវាជម្រៅទឹក ៩,៥០ម៉ែត្រចូលចតបាន ១៨ភាគរយ និងនៅឆ្នាំ២០២៥ ពង្រីកឱ្យនាវាមានជម្រៅទឹក ១៤,៥០ម៉ែត្រ ចូលចតបាន ហើយនាវា ៩៣ភាគរយ នៅតំបន់អាស៊ីប៉ាស៊ីហ្វិកចូលចត ធ្វើឱ្យតម្លៃដឹកជញ្ជូនមានការថយចុះ ដើម្បីប្រកួតប្រជែងជាមួយប្រទេសជិតខាង ៕

អត្ថបទដែលជាប់ទាក់ទង