ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារ ដែលមានអាយុ៥ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

44

 

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីដំណឹងស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារដែលមានអាយុ៥ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មានទទួលបាននៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១នេះ។

បើតាមសេចក្តីជូនដំណឹងដដែល រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងន័យនេះ និងដោយទទួលបានការប្រគល់ភារកិច្ចពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ក្នុងនាមអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញនឹងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារដែលមានអាយុ០៥ឆ្នាំ សម្រាប់ដូសទី១ ចាប់ផ្តើមពីថ្ងៃទី០១ ខែវិច្ឆិកា ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ និងសម្រាប់ដូសទី២ចាប់ ផ្តើមពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ រៀងរាល់ម៉ោង ០៨៖០០នាទីព្រឹក ដល់ម៉ោង ១៧៖០០នាទីរសៀល តាមរយៈការអញ្ជើញ និងទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋានដែលមានទីតាំងចំនួន៤២ ទីតាំង ដែលបានកំណត់ជូនដូចមានក្នុងឧបសម្ព័ន្ធនៃសេចក្តីជូនដំណឹងនេះ។

ទន្ទឹមនឹងនេះ រដ្ឋបាលរាធានីភ្នំពេញ បានបញ្ជាក់ថា ចំពោះកុមារ ដែលមានអាយុ ០៥ឆ្នាំ ដែលមកទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សូមមាតាបិតាអាណាព្យាបាល និងអ្នកគ្រប់គ្រងមណ្ឌលថែទាំកុមារទាំងអស់ មេត្តាភ្ជាប់មកជាមួយនូវឯកសារ និងអនុវត្តគោលការណ៍ចាំបាច់ ដូចខាងក្រោម៖

*សំបុត្រកំណើត ឬ សំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែន ឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ

*ចំពោះកុមារ ដែលរស់នៅជាមួយមាតាបិតា-អាណាព្យាបាល ត្រូវមានលិខិតព្រមព្រៀងអនុញ្ញាតឱ្យចាក់វ៉ាក់សាំងជាលាយលក្ខណ៍អក្សរពីសំណាក់មាតាបិតា-អាណាព្យាបាល

*ចំពោះកុមារ ដែលស្នាក់នៅឆ្ងាយពីមាតាបិតា-អាណាព្យាបាល តម្រូវឱ្យ មាតាបិតាអាណាព្យាបាល បំពេញនូវលិខិតព្រមព្រៀងអនុញ្ញាតឱ្យចាក់វ៉ាក់សាំងជាលាយលក្ខណ៍អក្សរ ហើយផ្ញើតាមប្រព័ន្ធអនឡាញមកបុត្រធីតាឬសាច់ញាតិ ដើម្បីផ្តល់ឱ្យគ្រូពេទ្យនៅទីតាំងចាក់វ៉ាក់សាំងផ្ទាល់

*ចំពោះកុមារកំព្រាដែលរស់នៅតាមមណ្ឌលនានា ត្រូវមានលិខិតព្រមព្រៀងអនុញ្ញាតឱ្យចាក់វ៉ាក់សាំងជាលាយលក្ខណ៍អក្សរពីសំណាក់អ្នកគ្រប់គ្រងមណ្ឌលថែទាំកុមារ

*ចំពោះកុមារដែលជាជនអនាថា មិនអាចកំណត់អត្តសញ្ញាណមាតាបិតា គ្មានអាណាព្យាបាល និងមិនមានទីតាំងស្នាក់នៅពិតប្រាកដ អាជ្ញាធរមូលដ្ឋាន ត្រូវសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ដើម្បីចេញលិខិតបញ្ជាក់ និងនាំយកពួកគេមកទទួលវ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា។

ជាថ្មីម្តងទៀត រដ្ឋបាលរាជធានីភ្នំពេញ សូមក្រើនរំឮក និងអំពាវនាវ ចំពោះមាតាបិតា-អាណាព្យាបាលដែលត្រូវនាំបុត្រធីតាឬសាច់ញាតិ មកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ត្រូវប្រកាន់ខ្ជាប់ឱ្យបានជាដាច់ខាតនូវការរក្សាគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរ ចៀសវាងការឈរប្រជ្រៀតគ្នា ណែនណាន់តាន់តាប់ ហើយត្រូវប្រកាន់ខ្ជាប់ការចូលរួមអនុវត្តនូវវិធានការសុខាភិបាល និងវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង