ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ៥ឆ្នាំ

81

ភ្នំពេញ៖ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាជនបរទេសកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជា ឈានដល់បិទយុទ្ធនាការសម្រាប់ការចាក់ជូនអ្នកមានអាយុ ៦ឆ្នាំឡើងនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះហើយ។ ទន្ទឹមនឹងការបិទយុទ្ធនាការចាក់សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើងនេះ ក៏នឹងមានការបើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ ៥ឆ្នាំផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ៥ឆ្នាំនេះ ស្របពេលកម្ពុជាចាក់វ៉ាក់សាំងការពារកូវីដ១៩បាន១០លាននាក់ហើយ ស្មើ១០០% នៃប្រជាពលរដ្ឋ១០លាននាក់ដែលត្រូវចាក់វ៉ាក់សាំង។

ការប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើងនៅព្រឹកថ្ងៃនេះ គឺជាការបង្ហាញឱ្យឃើញនូវជោគជ័យដ៏ត្រចេះត្រចង់ របស់កម្ពុជា លើគោលនយោបាយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផងដែរ។

កម្ពុជា ក៏ដូចជាបណ្តាប្រទេសនានានៅលើពិភពលោកផងដែរ បានរងនូវការឆ្លងរីករាលដាលជំងឺកូវីដ១៩យ៉ាងស្រួចស្រាវក្រោយព្រឹត្តិការណ៍ «ឆ្លងក្នុងសហគមន៍២០កុម្ភៈ»។ រាជរដ្ឋាភិបាលកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានបើកការសមរភូមិប្រយុទ្ធយ៉ាងស្វិតស្វាញជាមួយជំងឺឆ្លងសាកល ដែលត្រូវបានសម្តេចតេជោចាត់ទុកជាសត្រូវគ្មានស្រមោលនេះ ដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ។

វិធានការជាច្រើនត្រូវបានដាក់ចេញជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការចម្លង និងការរីករាលដាលជំងឺតាមវិធានការសុខាភិបាល ដូចជាការបិទខ្ទប់តំបន់ឆ្លងរីករាលដាលខ្លាំង បិទអាជីវកម្មមិនចាំបាច់ បិទការធ្វើដំណើរឆ្លងដែន និងការជំរុញប្រជាពលរដ្ឋអនុវត្តវិធានការការពារ «៣កុំ៣ការពារ»។ ក្រៅតែពីការប្រឹងប្រែងទប់ស្កាត់ការឆ្លងរីករាលដាលហើយនោះ ការប្រឹងប្រែងក្នុងការរុករកអ្នកឆ្លងជំងឺ និងជួយព្យាបាលអ្នកឆ្លងឱ្យផុតពីការស្លាប់ ក៏ជាកិច្ចប្រឹងប្រែងដ៏ខ្លាំងក្លាមួយរបស់រាជរដ្ឋាភិបាល។

ក្រុមគ្រូពេទ្យ ដែលត្រូវបានប្រសិទ្ធនាមជា «ទ័ពអាវស» រួមជាមួយកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធ បានប្រឹងប្រែងរួមគ្នាដោយមិនសំចៃកម្លាំងនោះឡើយ ក្រោមបទបញ្ជារួមពីអគ្គមេបញ្ជាការកំពូលលើសមរភូមិ សម្តេចតេជោ ហ៊ុន សែន ដើម្បីទប់ស្កាត់ការឆ្លង និងការស្លាប់របស់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងយុទ្ធសាស្ត្រសឹកទប់ស្កាត់ការចម្លង និងព្យាបាលពលរដ្ឋហើយនោះ អគ្គមេបញ្ជាការកំពូលតេជោសែន ក៏បានដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាយុទ្ធសាស្ត្រសឹកដ៏ចាំបាច់ក្នុងការយកឈ្នះលើសមរភូមិសង្គ្រាមមេរោគកូវីដ១៩នេះ។

ថ្ងៃទី១០ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាមួយវ៉ាក់សាំងស៊ីណូហ្វាម ប្រមាណជា ៦០ម៉ឺនដូស ដែលជាជំនួយដំបូងរបស់រដ្ឋាភិបាល និងប្រជាជនចិនមកកាន់កម្ពុជា។

ការសម្រេចិត្តបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាមួយវ៉ាក់សាំងរបស់ចិននេះ គឺជាសម្រេចចិត្តក្នុងស្ថានភាពដ៏លំបាកមួយរបស់សម្តេចតេជោ ហ៊ុន សែន នាពេលនោះ។ ការលំបាកនោះ គឺការសម្រេចចិត្តប្រើវ៉ាក់សាំង ដែលមិនទាន់មានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក ហើយត្រូវបានអង្គការសង្គមស៊ីវិល ក្រុមជំទាស់រាជរដ្ឋាភិបាល ចាប់យកឱកាសនេះរិះគន់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាលរបស់សម្តេច ជាពិសេសបុគ្គលសម្តេចផ្ទាល់តែម្តង។

អត្ថបទដែលជាប់ទាក់ទង