ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មីយ៉ាន់ម៉ា ទន្ទឹងរង់ចាំស្វាគមន៍ និងធ្វើការសម្របសម្រួល ជាមួយប្រេសិតពិសេសរបស់ប្រធានអាស៊ាន ដែលតែងតាំងដោយកម្ពុជា ដើម្បីអនុវត្តនូវការ ព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច

328

ភ្នំពេញ៖ លោក វុនណា ម៉ោងល្វីន (Wunna Maung Lwin) រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា បានអះអាងថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ទន្ទឹងរង់ចាំស្វាគមន៍ និងធ្វើការសម្របសម្រួលជាមួយប្រេសិតពិសេសរបស់ប្រធានអាស៊ាន ដែលតែងតាំងដោយកម្ពុជា នៅឆ្នាំ២០២២ ដើម្បីអនុវត្តនូវការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច រួមទាំងការធ្វើឲ្យកាន់តែប្រសើរថែមទៀតនូវដំណើរការផ្តល់ជំនួយមនុស្សធម៌។

ការអះអាងរបស់ រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា បានធ្វើឡើងក្នុងជំនួបទ្វេភាគីជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ អំឡុងពេលដែល លោក វុនណា ម៉ោងល្វីន មកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ។

កម្ពុជាក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២ នឹងតែងតាំងប្រេសិតពិសេស ដើម្បីបន្តការងារពីប្រេសិតពិសេសតែងតាំងដោយប្រទេសប្រ៊ុយណេ នៅពេលបច្ចុប្បន្ន ដោយចាប់ផ្តើមជាមួយអាណត្តិជាប្រធានរបស់ខ្លួននៅខែមករា ឆ្នាំក្រោយ។ នេះជាការបញ្ជាក់របស់ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងប្រាប់បណ្តាញព័ត៌មាននៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ។

សេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា អំពីលទ្ធផលនៃទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា បានបញ្ជាក់ឱ្យដឹងថា ក្នុងជំនួបទ្វេភាគីលោករដ្ឋមន្ត្រី ការបរទេសមីយ៉ាន់ម៉ា បានអបអរសាទរកម្ពុជាក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ ហើយបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអាទិភាព និងគម្រោងសមិទ្ធផលរបស់កម្ពុជា។

«ទន្ទឹមនឹងការវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំមេដឹកនាំអាស៊ានកាលពីខែមេសា ឆ្នាំ២០២១ មីយ៉ាន់ម៉ា ទន្ទឹងរង់ចាំស្វាគមន៍ និងធ្វើការសម្របសម្រួលជាមួយប្រេសិតពិសេស របស់ប្រធានអាស៊ាន ដើម្បីអនុវត្តនូវការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច រួមទាំងការធ្វើឲ្យកាន់តែប្រសើរថែមទៀតនូវដំណើរការផ្តល់ជំនួយមនុស្សធម៌»។ នេះបើតាម សេចក្តីប្រកាសរបស់ក្រសួងការបរទេស។

អត្ថបទដែលជាប់ទាក់ទង