ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សាទរចំពោះ លោកជំទាវ ដេវីយ៉ានី ខូប្រាហ្គាដេ (Devyani Khobragade)ដែលមកបំពេញបេសកកម្មការទូតប្រចាំនៅកម្ពុជា និងបានស្នើឲ្យភាគីឥណ្ឌា ជួយបណ្តុះបណ្តាលជំនាញអធិការកិច្ចដល់កម្ពុជា

39

 

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញ្ញាតឲ្យលោកជំទាវ ដេវីយ៉ានី ខូប្រាហ្គាដេ (Devyani Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម ការទីស្តីការក្រសួងនាព្រឹកថ្ងៃពុធ ៣ រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវឯកអគ្គរដ្ឋទូត បានលើកឡើងអំពី ចំណងមិត្តភាពរវាងប្រទេសទាំងពីលើកិច្ចសហប្រតិបត្តិការគ្រប់វិស័យដែលប្រទេសឥណ្ឌាបានជួយកម្ពុជា តាមរយៈ វិស័យអប់រំ ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល កសិកម្ម និងវស័យសាសនាជាដើម ។ លោកជំទាវក៏បានកោតសសើរអំពីការរីកចំរើន​ យ៉ាងឆាប់រហ័សរបស់កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។

លោកជំទាវបានបន្តទៀតថា ឆ្នាំ២០២២ នេះគឺជាខួបលើកទី ៧០ នៃទំនាក់ទំនងទ្វេរភាគី ហើយក៏ឆ្នាំពិសេសមួយ ដែលប្រទេសកម្ពុជា បានធ្វើជាម្ចាស់ផ្ទះអាស៊ាន ។
លោកជំទាវក៏បានស្នើឲ្យ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងគណៈប្រតិភូបានបំពេញ ទស្សនៈកិច្ចជាផ្លូវការនៅប្រទេសឥណ្ឌា នៅពេលវេលាណាមួយ ដោយសារតែនៅឆ្នាំ ២០២២ នេះមានកម្មវិធីជាច្រើនដែល ពាក់ព័ន្ធនឹងវិស័យសាសនាផងដែរ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានអបអរសាទរ និងស្វាគមន៍ចំពោះលោកជំទាវឯកអគ្គរដ្ឋទូតថ្មី ក្នុងការបំពេញបេសកកម្មការទូតជាផ្លូវការនៅកម្ពុជា និងជូនពរឲ្យលោកជំទាវទទួលបានជោគជ័យបន្ថែមទៀត ក្នុងការពង្រឹងនូវចំណងសាមគ្គីភាព រវាងកម្ពុជា-ឥណ្ឌាឲ្យកាន់តែ មានភាពជិតស្និត និងមានភាពរីកចម្រើន បន្ថែមទៀត ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានគាំទ្រនូវគំនិតផ្តួចផ្តើមរបស់ លោកជំទាវឯកអគ្គរដ្ឋទូត និងបានស្នើឲ្យភាគីឥណ្ឌាជួយបណ្តុះបណ្តាល ជំនាញអធិការកិច្ចដល់មន្ត្រីនៃវិទ្យាស្ថានជាតិអធិការកិច្ចរបស់កម្ពុជា និងការបំពេញទស្សនៈកិច្ចខ្លីៗដែលពាក់ព័ន្ធនឹងជំនាញផងដែរ ។

ចំណែកសំណើបំពេញទស្សនៈកិច្ចជាផ្លូវការនៅប្រទេសឥណ្ឌា លោកជំទាវកិត្តិសង្គហបណ្ឌិត នឹងជូនដំណឹងទៅលោកជំទាវឯកអគ្គរដ្ឋទូត នូវពេលវេលាដ៏សមស្របណាមួយ នៅពេលក្រោយ ៕ .សំរិត

អត្ថបទដែលជាប់ទាក់ទង