ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ត្រូវរួមគ្នាបង្ការទប់ស្កាត់ ការប្រើប្រាស់បារី អេឡិចត្រូនិក និង HTC ដែលជាច្រកចូល នៃការប្រេីប្រាស់គ្រឿងញៀន

288

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអំពាវនាវដល់អាជ្ញាធពាក់ព័ន្ធទាំងអស់ត្រូវចូលរួមទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក និង អេចឈ៍ ធី ភី (HTC) ដែលជាច្រកចូលនៃការប្រេីប្រាស់គ្រឿងញៀន។

ការអំពាវនាវបែបនេះ បានធ្វើឡើងក្នុងឱកាសលោកបានអញ្ជេីញបេីកសិក្ខាសាលាស្តីពីការហាមឃាត់ការប្រើប្រាស់ ការនាំចូល និងការធ្វើអាជីវកម្មបារីអេឡិកត្រូនិក និងផលិតផលអេចឆ៍ ធី ភី (HTP) នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញ ដោយមានការអញ្ជេីញចូលរួមពីអភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត ទាំង២៥ ស្នងការរងនគរបាល មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានី-ខេត្ត ទាំង២៥ តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាយកដ្ឋានប្រឆាំងបទល្មេីសបច្ចេកវិទ្យា និងអង្គការចលនាដេីម្បីសុខភាពកម្ពុជា។

លោកវេជ្ជបណ្ឌិត មុំ គង់ នាយកអង្គការសុខភាពកម្ពុជា បានថ្លែងថា យុវជនជាច្រើននាំគ្នាសាកល្បងប្រើប្រាស់បារីអេឡិចត្រូនិក និង អេចឈ៍ ធី ភី ក្រោយពីត្រូវបានអូសទាញដោយការផ្សព្វផ្សាយរបស់ក្រុមអ្នកលក់បារីអេឡិចត្រូនិក ហេីយការប្រើប្រាស់ផលិតផលគ្រោះថ្នាក់ទាំងនោះជាច្រកទ្វារទៅកាន់ការប្រើប្រាស់ថ្នាំញៀន ការស្រូបចូលជាតិនីកូទីន ដែលមានលក្ខណៈបង្កភាពងាយស្រួលសម្រាប់ឱ្យអ្នកប្រើប្រាស់អាចដាក់បញ្ចូលបាននូវកញ្ឆា និងប្រភេទថ្នាំញៀនផ្សេងៗ។

លោកវេជ្ជណ្ឌិតបានបញ្ជាក់ថា បារីអេឡិចត្រូនិក ផ្ទុកសារធាតុនីកូទីន និងសារធាតុគីមីបង្កជំងឺមហារីក លោហៈធ្ងន់ និងភាគល្អិតអាចស្រូបចូលជ្រៅទៅក្នុងសួត និងបង្កអន្តរាយដល់រាងកាយ។ រីឯឧបករណ៍បារីអេឡិចត្រូនិក មានហានិភ័យលេចធ្លាយឆេះផ្ទុះ ដោយអាចបង្កនូវការរលាកធ្ងន់ធ្ងរ។

ថ្លែងក្នុងនាមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គ្រប់ក្រសួង ស្ថាប័ន និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវអនុវត្តនូវសេចក្តីណែនាំលេខ ០០១/១៤ ស.ណ.ន.អ.ជ.ប.គ.ញ និងសេចក្តីណែនាំលេខ ០០១/២១ ស.ណ.ន.អ.ជ.ប.គ.ញ ទទួលបានប្រសិទ្ធភាពខ្ពស់។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ក៏បានស្នេីសុំដល់សិក្ខាសាលាទាំងមូលបន្តយកចិត្តទុកដាក់ និងលេីកយកបញ្ហាប្រឈម និងចែករំលែកបទពិសោធន៍នានា ក្នុងការអនុវត្តសេចក្តីណែនាំស្តីីការហាមឃាត់ការប្រើប្រាស់ ការនាំចូល និងការធ្វើអាជីវកម្មបារីអេឡិកត្រូនិក និងផលិតផលអេចឆ៍ ធី ភី (HTP) នេះ ឱ្យបានផុលផុសដេីម្បីបន្តជោគជ័យទៅមុខទៀត ដេីម្បីអនាគតកូនចៅយេីង៕

 

អត្ថបទដែលជាប់ទាក់ទង