ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល សម្រេចលុបចោលលក្ខខណ្ឌ៣ ពាក់ព័ន្ធនឹងអ្នកធ្វើដំណើរ មកពីក្រៅប្រទេស

253

ភ្នំពេញ៖ បន្ទាប់ពីស្ថានភាពការឆ្លងជំងឺកូវីដ បានធូស្រាលមួយកម្រិត ក្រសួងសុខា ភិបាលបានប្រកាសលុបចោល លក្ខខណ្ឌមួយចំនួនពាក់ព័ន្ធ នឹងអ្នកដំណើរចូលមកក្នុងប្រទេសកម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ខែមីនា ឆ្នាំ២០២២ក្រសួងសុខាភិបាល បានលើកឡើងថា យោងចំណារឯកភាព ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ លើរបាយការណ៍ ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ របស់គណៈប្រចាំការនៃគ.ប.ក. គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹង ជំងឺកូវីដ-១៩ សម្រេច៖ ១-លុបចោលលក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរ មកពីបរទេសត្រូវបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមាន ក្នុងរយៈពេល៧២ម៉ោង មុនពេលមកដល់កម្ពុជា។ ២-លុបចោលការតម្រូវ ឱ្យធ្វើតេស្តរហ័ស នៅពេលមកដល់កម្ពុជា។

៣-អនុញ្ញាតឱ្យបើកដំណើរការឡើងវិញ នូវការផ្តល់ទិដ្ឋាការ ពេលមកដល់ (Visa on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ទាំងអ្នកដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។ ជាមួយគ្នានោះដែរក្រសួងបានលើកឡើងថា ទោះបីមានការលុបចោល លក្ខខណ្ឌតម្រូវដូចមានចែងក្នុងចំណុចទី១ និងទី២ខាងលើនេះក៏ដោយ ក្រសួងសុខាភិបាលសូមលើកទឹកចិត្តដល់អ្នកដំណើរទាំងអស់ គប្បីធ្វើតេស្ដរហ័សដោយខ្លួនឯង។

ជាមួយគ្នា នេះអ្នកដំណើរទាំងអស់ត្រូវបង្ហាញ វិញ្ញាបនបត្របញ្ជាក់ការ ចាក់វ៉ាក់សាំងកូវីដ-១៩ នៅពេលមកដល់កម្ពុជា។ ក្រសួងក៏បានលើកឡើងថា ចំពោះអ្នកដំណើរដែលពុំ បានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅតាមទីតាំងដែល កំណត់ដោយក្រសួងសុខា ភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច៕ សំរិត

អត្ថបទដែលជាប់ទាក់ទង