ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ពន្យល់ អំពីមូលហេតុដែល នាំឱ្យមានការលើកពេលកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក

243

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានពន្យល់ អំពីមូលហេតុដែលនាំឱ្យមានការលើកពេលកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដែលគ្រោងនឹងរៀបចំ នៅចុងខែមីនាខាងមុខនេះ។ សម្តេចបានស្នើកុំឱ្យមាន ការយល់ច្រឡំថា ប្រធានអាស៊ានជាអ្នកមិនព្រមចូលរួម កិច្ចប្រជុំនេះទើបឱ្យមាន ការលើកពេល ឱ្យសោះ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS» ស្ថិតនៅក្នុងខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ បានលើកឡើងថា៖ «សូមកុំមានការភាន់ច្រឡំថា ប្រធានអាស៊ានមិនព្រម ប្រជុំរវាងអាស៊ាន និងអាមេរិក អ្នកដែលត្រូវ សម្របសម្របសម្រួលហ្នឹង គឺឥណ្ឌូនេស៊ីជាអ្នកទទួលបន្ទុកសម្របសម្រួល ប្រធានអាស៊ានគឺជា សមាជិកអាស៊ានមួយ ដែលធ្វើការសម្របសម្រួល ក្រោមភាព សម្រួបសម្រួល របស់ឥណ្ឌូនេស៊ីតែប៉ុណ្ណោះ សង្ឃឹមថា លោកបណ្ឌិត សាស្រ្តាចារ្យ រៀនយល់ពីអាស៊ាន»

កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដែលសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះ ត្រូវបានសេតវិមានប្រធានាធិបតី សហរដ្ឋអាមេរិក ប្រកាសថា នឹងរៀបចំឡើងនៅថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ បន្ទាប់ពីបានលើកពេលជាង១ខែ។

ទោះជាយ៉ាងនេះក្តី កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា បានបញ្ជាក់ថា កិច្ចប្រជុំនេះត្រូវបាន លើកពេលវិញ ដោយសារមេដឹកនាំ អាស៊ានខ្លះ មិនអាចប្រជុំតាម ពេលវេលាស្នើឡើងបាន។

អ្នកវិភាគមួយចំនួន បានវាយប្រហារចំពោះកម្ពុជា ចំពោះមុខការលើកពេល កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ជាលើកទី២នេះ។ លោកបណ្ឌិត សូ ណារ៉ូ បានរិះគន់ថា ការបណ្តាលឱ្យមានការលើកពេលនេះ អាចដោយសារកម្ពុជា ដែលរងឥទ្ធិពលពីចិន។

ក្នុងពិធីដដែល សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការមិនយល់ ឬចេះមិនដល់ អាចបង្កើតបាននូវបញ្ហា។ សម្តេចបានថ្លែងថា កន្លងទៅមានការបកស្រាយ ដោយបំភ្លៃការពិតទៅ លើការប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដែលគ្រោងប្រព្រឹត្តទៅ នៅថ្ងៃទី២៨-២៩ ខែមីនា។ ដោយចំណុចនេះ ត្រូវបានបកស្រាយ ដោយមនុស្សចំនួន ដោយលើកឡើងថា ប្រធានអាស៊ានមិនយល់ស្រប ក្នុងការប្រជុំរវាង អាស៊ាន-អាមេរិកនោះទេ។

សម្តេចបានគូសបញ្ជាក់ថា «ប៉ុន្តែខ្ញុំគួរតែប្រដៅគេ ហើយផ្តល់នូវព័ត៌មាន ជាក់លាក់សម្រាប់ការយល់ដឹង របស់ប្រជាជនកម្ពុជា ជំនួសឱ្យការខ្វះការចេះ ដឹងរបស់អ្នកខ្លះដែល គេហៅថាបណ្ឌិត និងអ្នកខ្លះសាស្រ្តចារ្យ»

សម្តេចបានបន្ថែមថា៖ «យើងជាប្រធានអាស៊ាន ត្រូវហើយ ប៉ុន្តែនៅក្នុងអាស៊ាន គេមានការបែងចែកឱ្យប្រទេសនីមួយៗ ធ្វើការសម្របសម្រួលរវាងអាស៊ាន ជាមួយនឹងប្រទេសណា»។ សម្តេចពន្យល់បន្តថា៖ «ឥឡូវប្រទេសដែលធ្វើការ សម្រួបសម្រួលរវាងអាស៊ាន និងអាមេរិក គឺប្រទេសឥណ្ឌូនេស៊ី អញ្ជឹងពេលវេលា ប្រជុំអាស៊ាន-អាមេរិក គឺជាតួនាទីរបស់ឥណ្ឌូនេស៊ី ហើយអាមេរិកប្រកាស នៅថ្ងៃទី២៨-២៩ គឺនៅពេលដែលឥណ្ឌូនេស៊ី អត់ទាន់ធ្វើការ សម្របសម្រួល ជាមួយសមាជិកអាស៊ានទេ ដល់ពេលឥណ្ឌូនេស៊ី ចាប់ផ្តើម ធ្វើការសម្របសម្រួល ជាមួយអាស៊ាន មានប្រទេស៤ មិនអាចទៅចូលរួមថ្ងៃទី២៨-២៩បាន ប៉ុន្តែក៏មានប្រទេសដែលអាច ទៅចូលរួមបានស្នើធ្វើថ្ងៃទី២៦-២៧ វិញ ប៉ុន្តែភាគីអាមេរិកផ្តល់នូវចម្លើយមកវិញថា ថ្ងៃទី២៦-២៧ មិនអាចប្រជុំបានទេ អញ្ចឹងជម្រើសដែលល្អភាគីទាំងពីរ ស្នើសុំលើកពេលសិន ហើយសម្របសម្រួល តាមក្រោយ»

តាមការប៉ាន់ប្រមាណរបស់សម្តេច, អំឡុងពេលនេះ ប្រធានាធិបតីអាមេរិក ក៏អាចជាប់រវល់ក្នុងការទៅ ចូលរួមកិច្ចប្រជុំប ន្ទាន់ជាមួយសមាជិកណាតូ ហើយសមាជិកអាស៊ាន មួយចំនួន ក៏មានកម្មវិធីរៀងៗខ្លួនផងដែរ។

«ខ្ញុំសូមពន្យល់ប្រជាពលរដ្ឋរបស់យើង កម្ពុជាសមាជិកម្នាក់ ប៉ុន្តែជាប្រធានអាស៊ាន ប្រធានអាស៊ានគ្មានសិទ្ធិ ក្នុងការកំណត់កាលបរិច្ឆេទ ប្រធានអាស៊ានមានសិទ្ធិ ក្នុងការបញ្ចេញយោបល់លើការសម្របសម្រួល អំពីពេលវេលាដើម្បីមាន កុងសង់ស៊ីសក្នុងចំណោមអាស៊ាន១០ ឯអ្នកដែលត្រូវសម្របសម្រួលគឺឥណ្ឌូនេស៊ីទេ សូមកុំមានការភាន់ច្រឡំ ហើយសូមឱ្យអ្នកមិនយល់ ទៅរៀនពីការងារ អាស៊ានឡើងវិញ»។ នេះជាការបញ្ជាក់បន្ថែម របស់សម្តេចតេជោ។

សម្តេចសង្ឃឹមថា អស់លោកបណ្ឌិត អស់លោកសាស្រ្តាចារ្យកិច្ចការអន្តរជាតិជាដើម ។ល។ រៀនសូត្រឱ្យបាន ច្រើនជាងនេះ កុំឱ្យគេហៅថា «អាល្ងង់ទូ» ព្រោះប្រទេស របស់កម្ពុជា ពេលនេះមាន សេដ្ឋវិទូ ទស្សនវិទូ ហើយក៏មាន «អាល្ងង់ទូ» ដែរ។

សម្តេចបញ្ជាក់ថា «ការមិនមានការចេះដឹងគ្រប់គ្រាន់ គឺធ្វើឱ្យចេញទៅជា មនុស្សបែប បោកប្រាស់ ឧទាហរណ៍ទម្លាក់កំហុស ឱ្យប្រធានអាស៊ានថា ប្រធានអាស៊ានអត់ ចង់ប្រជុំអាស៊ានអាមេរិក»

សម្តេចមិនទាន់ដឹងថា កិច្ចប្រជុំកំពូល ពិសេសអាស៊ាន-អាមេរិក នឹងចាប់ផ្តើមនៅពេល ណានោះទេ ដោយទុកឱ្យប្រទេសឥណ្ឌូនេស៊ី ធ្វើការសម្របសម្រួល នៅពេលមាន កុងសង់ស៊ី រួចហើយ ទើបរៀបចំពេល វេលាជាថ្មីម្តងទៀត៕

អត្ថបទដែលជាប់ទាក់ទង