ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការងារបោសសម្អាតមីន តម្រូវ​ឲ្យ​មានជំនាញខ្ពស់ វិន័យខ្ពស់ ​និងនិតីវិធីច្បាស់លាស់ ដេីម្បី​ចៀសវាង​ការ​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ក្នុង​ពេល​ប្រតិបត្តិការ​

37

កំពង់ស្ពឺ៖នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម​ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញបច្ចេកវិទ្យាគ្រប់គ្រងព័ត៌មានវិស័យសកម្មភាពមីន នៅវិទ្យាស្ថានមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លំាងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC) នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

វគ្គហ្វឹកហ្វឺននេះ បានរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិ NPMEC សហការជាមួយក្រុមគ្រូបង្គោលមកពីអាជ្ញាធរមីន និងសិក្ខាកាមជានាយទាហាន នាយទាហានរង ពលទាហាន មកពីមជ្ឈមណ្ឌលជាតិ NPMEC, វិស្វកម្មក្រសួងកាពារជាតិ, វិស្វកម្មអគ្គបញ្ជាការដ្ឋាន, វិស្វកម្មទ័ពជើងគោក, បញ្ជាការដ្ឋានទ័ពជើងទឹក និងបញ្ជាការដ្ឋានទ័ពជើងគោក។

ឯកឧត្តម​ ទេសរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និង ការដឹកនាំរបស់ ឯកឧត្តម​ នាយឧត្ដមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីន និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិ NPMEC និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានសម្រេចនូវសមិទ្ធផលជាប្រវត្តិសាស្ត្រ និងនាំមកនូវកិត្តិយសកេរ្តិ៍ឈ្មោះជូនជាតិមាតុភូមិលើឆាកអន្តរជាតិ ក្នុងការចូលរួមថែរក្សាសន្តិភាពនៅតំបន់ និងពិភពលោក ក្នុងក្របខណ្ឌរបស់អង្គការសហប្រជាជាតិ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្ថាបនិកសន្តិភាពនៅកម្ពុជា។

ឯកឧត្តម​ ទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ដើម្បីទទួលបានសុខសន្តិភាព ជូនជាតិមាតុភូមិ សម្តេចតេជោ បានពលីសាច់ស្រស់ ឈាមស្រស់ បញ្ចប់សង្រ្គាមរ៉ាំរ៉ៃ ព្រមទាំងបានកសាងនូវឱកាសយ៉ាងច្រើនសន្ធឹកសន្ទាប់ និងគ្មានដែនកំណត់ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជាទាំងអស់ សម្រាប់ក្មេងៗជំនាន់ក្រោយ ក្នុងនោះការងារបោសសម្អាតមីន គឺជាការងារមួយយ៉ាងសំខាន់ក្រោយបញ្ចប់សង្រ្គាម បានចូលរួមចំណែកដល់កិច្ចគាំពារសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ប៉ុន្តែការងារបោសសម្អាតមីននេះ តម្រូវឲ្យមានជំនាញខ្ពស់ វិន័យខ្ពស់ នីតិវិធីច្បាស់លាស់ និងប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលរាល់ការធ្វេសប្រហែស ឬមិនបានយកចិត្តទុកដាក់ណាមួយ នឹងនាំអោយ មានគ្រោះថ្នាក់ដល់អាយុជីវិត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម​ ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ដល់កងទ័ពជើងគោក ដែលបានចូលរួមយ៉ាងសកម្មជាកម្លាំងបោសសម្អាតមីន/គ្រាប់ចាប់តាំងពីឆ្នាំ១៩៧៩ ដើម្បីផ្តល់សុវត្ថិភាពដល់ប្រជាជនដែលបានវិលត្រលប់ពីរបស់ប្រល័យពូជសាស្ត្រ និងពីសេចក្តីស្លាប់ ហើយ កងទ័ពជើងគោក នឹងចាប់ផ្តើមចូលរួមជាកងកម្លាំងបោសសម្អាតមីន/គ្រាប់មនុស្សធម៌ ដោយសហការជាមួយអាជ្ញាធរមីន ដើម្បីពន្លឿនដល់ការងារបោសសម្អាតមីនឲ្យអស់ត្រឹមឆ្នាំ២០២៥ផងដែរ។

ឯកឧត្តម​ ទេសរដ្ឋមន្រ្តី បានបន្តលើកឡើងថាការងារបោសសម្អាតមីន ត្រូវមានការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធ ទាំងក្នុង និងក្រៅប្រទេស ហើយអាជ្ញាធរមីន បាននឹងកំពុងរៀបចំផែនការ និងអំពាវនាវ ឲ្យមានការចូលរួមបន្ថែម ពីដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសប្បុរសជន នានា ក្នុងការអនុវត្តយន្តការភូមិអស់មីន។

អត្ថបទដែលជាប់ទាក់ទង