ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានី សម្តែងការសោកស្តាយ ចំពោះក្រុមបាតុករជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៏ ដែលនៅតែបន្តប្រមូលផ្តុំធ្វើបាតុកម្ម

33

ភ្នំពេញ៖ បើតាមសេចក្តីប្រកាសព័ត៌មាន , អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញមានការសោកស្តាយយ៉ាងខ្លាំងចំពោះក្រុមបាតុករជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៏ ដែលនៅតែបន្តប្រមូលផ្តុំធ្វើបាតុកម្មខុសច្បាប់នៅតាមទីសាធារណៈ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ ដោយពុំគោរពតាមគោលការណ៍ណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។ អ្វីដែលកាន់តែនឹកស្មានមិនដល់ថែមទៀតនោះគឺ ក្រុមបាតុករបានត្រៀមលក្ខណៈក្រោមផែនការ
ដែលបានរៀបចំទុកជាមុន ដើម្បីធ្វើសកម្មភាពផ្សេងៗតាមតួនាទីរៀងៗខ្លួន ដើម្បីបង្កើតព្រឹត្តិការណ៍ ចាំទម្លាក់កំហុសមកលើអាជ្ញាធរមានសមត្ថកិច្ច។

ដោយនៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ ពួកគេបានសម្ដែងឈុតឆាកទៅតាមការរៀបចំ និងចាត់តាំងតួអនុវត្តទុកជាមុន រួមមាន អ្នកសម្តែងធ្វើ ជាតួកំសត់ ដោយរៀបចំឱ្យមានការលុតជង្គង់ សំពះ យំ អង្វរ នឹងតួជនរងគ្រោះធ្វើជាដួលសន្លប់ ហើយ អ្នកខ្លះទៀតប្រើអំពើហិង្សាមកលើសមត្ថកិច្ចធ្វើឱ្យមានរូបភាពប្រតាយប្រតប់ ក្រញាំឱ្យមានរបួសស្រាល បញ្ឆេះកំហឹង ជេរប្រមាថ មាក់ងាយមើលថោក ប្រើពាក្យសម្តីអសុរោះ កាយវិការអសីលធម៌គ្រប់បែប យ៉ាងមកលើសមត្ថកិច្ច ដើម្បីត្រៀមកេងចំណេញប្រសិនបើអាជ្ញាធរមានសមត្ថកិច្ចពុំអាចអត់ទ្រាំនឹង ទង្វើទាំងអស់នោះ ហើយធ្វើសកម្មភាពមិនប្រក្រតីណាមួយ ដែលនឹងក្លាយទៅជាចំណីរបស់តួដែល ត្រៀមចាំប្រមាញ់យករូបភាពដូចដែលធ្លាប់បានធ្វើកន្លងមក។ ជាក់ស្តែងមកដល់ពេលបច្ចុប្បន្ននេះ រាល់ការចោទប្រកាន់ថាសមត្ថកិច្ចបានប្រើអំពើហិង្សា និងបៀតបៀនផ្លូវភេទលើស្រ្តីជាក្រុមបាតុករ មិន ទាន់មានជនរងគ្រោះណាម្នាក់បានដាក់ពាក្យបណ្តឹងទៅស្ថាប័នតុលាការ ឬសមត្ថកិច្ចពាក់ព័ន្ធណាមួយ ដើម្បីស្វែងរកអ្នកប្រព្រឹត្ត មកទទួលខុសត្រូវនៅឡើយទេ។ នេះសរបញ្ជាក់ឱ្យឃើញថាគឺជាការចោទ ប្រកាន់ដែលប្រាសចាកពីការពិត។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ សូមបញ្ជាក់ជូនថា ទោះស្ថិតក្នុងឧបាយកលដ៏អាក្រក់ របស់មនុស្សមួយក្តាប់តូច ដែលកំពុងប្រើប្រាស់ក្រុមបាតុករធ្វើជាឈ្នាន់យ៉ាងណាក៏ដោយ ក៏អាជ្ញាធរ មានសមត្ថកិច្ចដែលកំពុងឈរជើងការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសង្គម បន្តការខិតខំ អត់ធ្មត់ និងបំពេញតួនាទីយ៉ាងហ្មត់ចត់ជាទីបំផុត ដើម្បីកុំឱ្យធ្លាក់ចូលក្នុងឧបាយកលដ៏ ខ្មៅកង្វក់មួយនេះ បើទោះជាត្រូវស៊ូទ្រាំ រងការប្រមាថមើលងាយ រហូតឈានដល់ទទួលរងការប្រើអំពើ ហិង្សាបង្ករបួសស្នាមពីសំណាក់ក្រុមបាតុករសារជាថ្មីនៅថ្ងៃនេះយ៉ាងណាក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង