ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធនាគារជាតិនៃកម្ពុជា ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សន្ទស្សន៍ថ្លៃលំនៅដ្ឋាន

268

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សន្ទស្សន៍ថ្លៃលំនៅដ្ឋាន។

លោកស្រីបណ្ឌិត ជា សិរី បានឲ្យដឹងថា ការដាក់ឲ្យប្រើប្រាស់សន្ទស្សន៍ថ្លៃលំនៅដ្ឋាន នឹងរួមចំណែកសំខាន់ ក្នុងការតាមដាន វាយតម្លៃ និងរៀបចំគោលនយោបាយអភិវឌ្ឍន៍ ក៏ដូចជាវិធានការនានា ដើម្បីកាត់បន្ថយហានិភ័យជាអតិបរិមា ក្នុងគោដៅរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។

លោកស្រីបណ្ឌិត ជា សិរី បានបន្ដថា ការអភិវឌ្ឍវិស័យផ្ទះសម្បែង ត្រូវបានចាត់ទុកជាការចូលរួមធ្វើឱ្យប្រសើរឡើង នូវគុណភាពជីវិត និងការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ។ ជាមួយគ្នានេះការអភិវឌ្ឍវិស័យលំនៅដ្ឋាន មិនត្រឹមតែចូលរួមក្នុងការបំពេញតម្រូវការមូលដ្ឋានប៉ុណ្ណោះទេថែមទាំងដើរតួនាទីយ៉ាងសំខាន់ និងជាយាន្តដ៏ចាំបាច់ក្នុងការគរពូនទ្រព្យសម្បត្តិ តាមរយៈការវិនិយោគលើការសាងសង់ និងជាម្ចាស់កម្មសិទ្ធិផ្ទះសម្បែង។

លោកស្រីបញ្ជាក់ថា ជាក់ស្តែងនៅសហរដ្ឋអាមេរិក២ភាគ៣នៃទ្រព្យសម្បត្តិ របស់វិស័យឯកជនមិនមែនហិរញ្ញវត្ថុ មានទម្រង់ជាអចលនទ្រព្យស្របពេលប្រទេសបារាំង ដែលមានពលរដ្ឋយល់ដឹងច្រើនខាងផ្នែកហិរញ្ញវត្ថុ នៅតែមានទំនោរ ចាត់ទុកការវិនិយោគលើផ្ទះសម្បែង ជាផ្នែកសំខាន់នៃទ្រព្យសម្បត្តិ ជាជាងការវិនិយោគ លើទ្រព្យសកម្មហិរញ្ញវត្ថុ។ លើសពីនេះក្នុងក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ច ភាពរីកចម្រើននៃវិស័យនេះក៏ជាផ្នែកមួយនៃដំណើរការពិពិធកម្ម សកម្មភាពសេដ្ឋកិច្ច ដែលអាចបង្កើនភាពធន់ពីការប៉ះទង្គិច ណាមួយមកលើសេដ្ឋកិច្ច ព្រមទាំងអាចស្រូបយកកម្លាំងពលកម្មមួយផ្នែក សម្រាប់បម្រើការក្នុងវិស័យសាងសង់ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច។

ដោយឡែកមុនពេលផ្ទុះវិបត្តិសុខភាពជំងឺកូវីដ១៩ នៅកម្ពុជា វិស័យសំណង់ និងអចលនទ្រព្យបានក្លាយជាវិស័យសំខាន់មួយ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលជិត១០ឆ្នាំមុនវិបត្តិជំងឺកូវីដ១៩ កំណើនសេដ្ឋកិច្ចជាមធ្យមមានប្រមាណ៧ភាគរយ ក្នុងនោះ២ភាគរយទទួលបានពីវិស័យសំណង់ និងអចលទ្រព្យ និងបានស្រូបយកកម្លាំងពលកម្មជិត ៥សែននាក់ សម្រាប់បម្រើការក្នុងវិស័យនេះ នេះបើផ្អែកតាមលទ្ធផលជំរឿនប្រជាជនឆ្នាំ២០១៩។

លោកស្រីបញ្ជាក់ថា ទោះបីជាវិស័យផ្ទះសម្បែង បានដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យសង្គមកិច្ច និងសេដ្ឋកិច្ចក្ដី វិស័យនេះក៏ជាប្រភពនាំឲ្យអស្ថិរភាព និងវិបត្តិសេដ្ឋកិច្ចផងដែរ។

លោកស្រី ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ បានថ្លែងថា «សន្ទស្សន៍ថ្លៃលំនៅដ្ឋានឹងជាសូចនាករមួយដ៏សំខាន់ ក្នុងការតាមដានការវិវត្តនៃវិស័យអចលនទ្រព្យ និងលំនៅដ្ឋានដែលកំពុងរីកចម្រើនខ្លាំង ក្នុងពេល២ទសវត្សកន្លងមកនេះ។ វិស័យអចលនទ្រព្យ និងលំនៅដ្ឋាននេះ ក្នុងចំណោមវិស័យធំសំខាន់ៗ៤រួមមាន ទេសចរណ៍ កម្មន្តសាលកាត់ដេរ សំណង់ និងកសិកម្ម ដែលបានជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា ២ទសវត្សកន្លងមកនេះ ជាមធ្យមមានកំណើន៩ភាគរយចាប់ពីឆ្នាំ២០០០ មកដល់ឆ្នាំ២០១៩ ហើយបានជំរុញឲ្យមានកំណើន ក្នុងវិស័យពាក់ពន្ធ័រួមមាន ធនាគារ ហិរញ្ញវត្ថុ ធានារ៉ាប់រង សំណង់ លក់ដុំលក់រាយ ដឹកជញ្ជូនជាដើម»

លោកស្រីបានបន្ថែមថា លើសពីនេះសន្ទស្សន៍ថ្លៃលំនៅដ្ឋា នឹងតាមដាន និងត្រួតពិនិត្យទាន់ពេលនឹងជួយបង្កហានិភ័យផ្សេងៗ រួមទាំងវិធានការទប់ទល់មានប្រសិទ្ធភាព នឹងជួយឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរឹងមាំ ជៀសផុតវិបត្តិសេដ្ឋកិច្ចទាំងឡាយដែលអាចកើតឡើងចេញពីវិបត្តិនៃវិស័យអចលនទ្រព្យនេះ ដូចប្រទេសមួយចំនួនជួបប្រទះក្នុងអតីតកាល៕

អត្ថបទដែលជាប់ទាក់ទង