ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិភាក្សាលើប្រធានបទសំខាន់ៗ ដើម្បីរៀបចំគោលជំហរ សម្រាប់ចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១២ របស់អង្គការពាណិជ្ជកម្មពិភពលោក

159

 

ភ្នំពេញ ៖ នារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងតាមប្រព័ន្ធវីដេអូ ពិភាក្សាលើប្រធានបទសំខាន់ៗដើម្បីរៀបចំគោលជំហរ សម្រាប់ចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១២ របស់អង្គការពាណិជ្ជកម្មពិភពលោក។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ ប្រធានអង្គប្រជុំ បានស្វាគមន៍ចំពោះវត្តមាន ឯកឧត្តម លោក លោកស្រី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រុមការងារស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការ WTO និងក្រុមការងារនៅក្រសួងពាណិជ្ជកម្ម និងបានជម្រាបពីគោលបំណងនៃកិច្ចប្រជុំនេះ។

ជាកិច្ចបន្ទាប់ ឯកឧត្តមប្រធានអង្គប្រជុំ បានអនុញ្ញាតឱ្យ ឯកឧត្តម ឡុង កែមវិចិត្រ ឯកអគ្គរាជទូត និងក្រុមការងារស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការ WTO ដែលបានចូលរួមប្រជុំចរចាផ្ទាល់នៅទីនោះ រាយការណ៍ពីវឌ្ឍនភាពចុងក្រោយលើប្រធានបទសំខាន់ៗ និងបញ្ហានានាដែលសមាជិកអង្គការ WTO កំពុងចរចា និងលទ្ធផលរំពឹងទុក ក្នុងនោះរួមមាន៖ ការឆ្លើយតបរបស់អង្គការ WTO ចំពោះវិបត្តិជំងឺរាតត្បាត ការលើកលែងពាក់ព័ន្ធនឹងទិដ្ឋភាពនៃកម្មសិទ្ធិបញ្ញាទាក់ទងនឹងពាណិជ្ជកម្ម (TRIPs Waiver) ការស្តុកទុកស្បៀងអាហារសាធារណៈ កម្មវិធីស្បៀងអាហារពិភពលោក ការចរចាស្តីពីកសិកម្ម និងឧបត្ថម្ភធនជលផល កំណែទម្រង់អង្គការ WTO ការចរចាពាក់ព័ន្ធនឹងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ ជាមួយគ្នានេះ តំណាងមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានជម្រាបអង្គប្រជុំពាក់ព័ន្ធនឹងប្រធានបទ កិច្ចសម្រួលការវិនិយោគផងដែរ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់ថា អង្គការ WTO កំពុងបន្តប្រជុំចរចាយ៉ាងមមាញឹកមុនកិច្ចប្រជុំ MC12 ដើម្បីអាចសម្រេចបាននូវលទ្ធផលជាដុំកំភួន ហើយទោះបីជាការចរចាលើប្រធានបទមួយចំនួនអាចនឹងមិនបញ្ចប់បានក្នុងអំឡុងពេលកិច្ចប្រជុំ MC12 សមាជិកនឹងសម្រេចឱ្យមានសេចក្តីប្រកាសពហុភាគីសម្រាប់កិច្ចប្រជុំMC12 (Multilateral MC12 Declaration)នេះផងដែរ។

ជាកិច្ចបញ្ចប់ ឯកឧត្តមប្រធានអង្គប្រជុំ បានថ្លែងអំណរគុណដល់តំណាងអន្តរក្រសួង-ស្ថាប័នដែលបានចូលរួមកិច្ចប្រជុំ ដ៏មានសារៈសំខាន់នេះ និងបានស្នើឱ្យក្រុមការងារស្ថានបេសកកម្ម បន្តរាយការណ៍ជូនបន្ថែមពីវឌ្ឍនភាពក៏ដូចជាលទ្ធផលនៃការប្រជុំចរចាជាបន្តបន្ទាប់ និងពិភាក្សាជាមួយក្នុងក្រុមការងារក្នុងស្រុក លើវឌ្ឍនភាពនៃការចរចានៅអង្គការពាណិជ្ជកម្មពិភពលោក។

គួររំលឹកផងដែរថា កិច្ចប្រជុំសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១២ គ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ហើយ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម នឹងដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ៕

អត្ថបទដែលជាប់ទាក់ទង