ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក គួច ចំរើន ថ្លែងអំណរគុណសមាជិកសមាជិកា និងពលរដ្ឋនៅខេត្តព្រះសីហនុ សម្រាប់ការគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជន រហូតទទួលបានជាមេឃុំសង្កាត់ទាំង២៩

190

ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានថ្លែងអំណរគុណសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋ សម្រាប់ការគាំទ្រ និងបោះឆ្នោតជូនបក្សប្រជាជន រហូតធ្វើឱ្យគណបក្សទទួលបានសម្លេង ហើយតំណែងជាមេឃុំសង្កាត់ទាំង២៩ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

តាមរយៈសារសម្លេងថ្លែងអំណរគុណ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២នេះ លោក គួច ចំរើន ថា «ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត អំពីដួងចិត្តជូនចំពោះសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា អ្នកគាំទ្រ ប្រជាជន មហាជន ដែលបានគាំទ្របោះឆ្នោតជូនគណបក្សជាជនកម្ពុជា នៅគ្រប់ឃុំ សង្កាត់ទាំង២៩ កន្លងមកនេះ ដែលជាការបង្ហាញឱ្យឃើញពីការគាំទ្រ យ៉ាងភ្លុកទឹក ភ្លុកដី ដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជា គ្រប់ឃុំ សង្កាត់ទូទាំងខេត្ត ក្លាយជាអ្នកនាំ គ្រប់គ្រង និងជាអ្នកបម្រើសេវាសាធារណៈជូនបងប្អូន ប្រជាជន នៅតាមបណ្តាឃុំ សង្កាត់ នៅក្នុងអាណត្តិទី៥ ខាងមុខនេះម្តងទៀត»។

លោក គួច ចំរើន បានលើកឡើងថា ស្មារតីនៃការចូលរួមគាំទ្រ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាពេលនេះ លោកនឹងមានការចងចាំទុក មានការគោរព និងអរគុណយ៉ាងជ្រាលជ្រៅបំផុតជាមួយនឹងការគាំទ្រ ដ៏ច្រើនលើសលុប។

បន្ថែមពីនេះលោក គួច ចំរើន បានបញ្ជាក់ថា តាមរយៈការផ្តល់នូវទំនុកចិត្តច្រើនបែបនេះពីសំណាក់ប្រជាពលរដ្ឋទូទាំងខេត្ត ក្នុងនាមលោកជាអភិបាលខេត្ត នឹងខិតខំបន្ថែមទៀត ការពារសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីផ្តល់នូវភាពសុខសាន្ត សម្រាប់ប្រជាពលរដ្ឋ រួមទាំងការខិតខំកែអម្អអភិវឌ្ឍន៍មូលដ្ឋាន ឱ្យកាន់តែប្រសើរឡើងថែមទៀត។

លោកអភិបាលខេត្តក៏បានបេ្តជ្ញាចិត្តជំរុញឱ្យមេឃុំ ចៅសង្កាត់ ដែលទទួលបានការផ្តល់ទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋ ត្រូវតែខិតខំបំពេញតួនាទីរបស់ខ្លួនបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ និងកិច្ចការងារសង្គមផ្សេងបន្ថែម ទៀតជាដើម។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បានបិទបញ្ចប់ កាលពីល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ដោយមានប្រជាពលរដ្ឋ ៨០.១៩ភាគរយ ស្មើនឹងជាង៧លាននាក់ បានមកចូលរួមបោះឆ្នោត ក្នុងចំណោមអ្នកដែលមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោតជាង៩.២លាននាក់។

ការបោះឆ្នោតនេះ មានការចូលរួមគណបក្សនយោបាយចំនួន១៧ ចូលរួមប្រកួតប្រជែង និងមានការសង្កេតការណ៍ដោយបណ្តាស្ថាប័ន អង្គការ សហគមន៍ចំនួន៧២ និងសហគមន៍អន្តរជាតិចំនួន១៩ ព្រមទាំងមានភ្ញៀវពិសេស ចំនួន៥ ស្ថាប័នផងដែរ ក្នុងនោះមានស្ថានទូតជប៉ុន អូស្រ្តាលី និងរុស្ស៉ីជាដើម៕ សូមទស្សនាវីដេអូខាងក្រោមនេះ ៖ https://fb.watch/duKCHAEmZV/

អត្ថបទដែលជាប់ទាក់ទង