ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីពាណិជ្ជកម្ម ថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំតុមូលជាន់ខ្ពស់ស្ដីពី ការលើកកម្ពស់ការចូលរួម របស់ប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងសមាហរណកម្មតំបន់ និងពាណិជ្ជកម្មអន្ដរជាតិ

67

ដូហា, កាតា៖ កាលពីព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពា​ណិជ្ជកម្ម បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំតុមូលជាន់ខ្ពស់ស្ដីពីការលើកកម្ពស់ការ​ចូល​រួម​របស់ប្រទេសអភិវឌ្ឍន៍តិចតួច (LDC5) ក្នុងសមាហរណកម្មតំបន់ និងពាណិជ្ជកម្មអន្ដរជាតិ។

កិច្ចប្រជុំតុមូលជាន់ខ្ពស់នេះ ត្រូវបានដឹកនាំដោយសហប្រធានពីររូបគឺ លោក Evariste Ndayishimiye ប្រធានាធិបតីសាធារណរដ្ឋ Burundi និងលោកស្រី Sheikh Hasina នាយករដ្ឋមន្ដ្រីប្រទេសបង់ក្លាដេស ព្រមទាំងមានការចូលរួមជាវាគ្មិន ពីបណ្ដារដ្ឋសមាជិក និងស្ថាប័នអន្ដរជាតិនានា។

ជាកិច្ចអន្តរាគមន៍ក្នុងសុន្ទរកថានោះ លោករដ្ឋមន្ដ្រី ប៉ាន សូរស័ក្ដិ បានថ្លែងអំណរគុណជូន​ចំពោះ​រដ្ឋាភិបាលកាតា ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំដ៏មានសារសំខាន់នេះ និងបានលើ​ក​ឡើង​អំពីយុទ្ធសាស្ដ្រសមាហរណកម្មតំបន់ និងពាណិជ្ជកម្មអន្ដរជាតិរបស់កម្ពុជា តាមរយៈការចូល​ជា​សមា​ជិក ASEAN និង អង្គការ WTO ក៏ដូចជាការបំពេញតួនាទីដ៏សំខាន់​របស់កម្ពុជាក្នុង​ក្រប​ខ័ណ្ឌ​ទាំងនេះ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការជួយឱ្យកម្ពុជាសម្រេច​បាននូវកំណើន​សេដ្ឋកិច្ចគួរឱ្យកត់​សម្គាល់។

លោករដ្ឋមន្ត្រី ក៏បានរំលឹកផងដែរថា កាលពីខែមករា ឆ្នាំ២០២៣ កន្លងទៅ កម្ពុជាបានរៀបចំសិក្ខា​សាលា​កិច្ចពិភាក្សា​ថ្នាក់តំបន់ ស្ដីពី LDC5 សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួចក្នុងតំបន់​អាស៊ីប៉ាស៊ី​ហ្វិក ដោយចូលរួមសហការពីអង្គការ WTO, UN-OHRLLS និង Enhance Integrated Framework (EIF) ព្រមទាំង UN Regional Economic Commissions ដែលសិក្ខាសាលា​នេះ​ បានពិភាក្សាលើប្រធានបទសំខាន់ៗ ជាធាតុចូលសម្រាប់បណ្ដាដៃគូអភិវឌ្ឍន៍ និងប្រទេស LDCs ជាពិសេស LDCs ដែលត្រៀមចាកចេញពីចំណាត់ថ្នាក់ LDC។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី បានជម្រាបជូនអង្គប្រជុំអំពីកិច្ចខិតខំប្រឹងប្រែង និងបទពិ​សោធ​ន៍ ​របស់កម្ពុជាក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក ដែល​ជា​ផ្នែកស្នូលមួយនៃយុទ្ធសាស្ដ្ររយៈពេលវែងនៃការចាកចេញពីចំណាត់ថ្នាក់ LDC។ ក្នុងនាមជា​សមា​ជិក ASEAN កម្ពុជាអាចទាញយកអត្ថប្រយោជន៍នៃការធ្វើពាណិជ្ជកម្ម ក្រោមក្របខ័ណ្ឌ ASEAN FTA, ASEAN plus One FTA, កិច្ចព្រមព្រៀងភាពជាដៃគូ​សេដ្ឋកិច្ចគ្រប់​ជ្រុងជ្រោយ​តំបន់ (អាសិប-RCEP)។ បន្ថែមពីលើនោះ កម្ពុជា សម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ទ្វេភាគី​កម្ពុជា-ចិន និងកម្ពុជា-កូរ៉េ ដែលបានចូលជាធរមានរួចរាល់ហើយ។ បច្ចុប្បន្ននេះ កម្ពុជាកំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយសហភាពអារ៉ាប់អេមីរ៉េត ដែលរំពឹងទុកថានឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។

លោករដ្ឋមន្ត្រី បានបន្ថែមថា កម្ពុជាក៏កំពុងស្វែងរកដៃគូពាណិជ្ជកម្មសក្ដានុពល ដើម្បីបង្កើនកិច្ច​សហ​​ប្រតិបត្តិការពាណិជ្ជកម្ម និងបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដើម្បីបង្កើនទីផ្សារ​នាំចេញ និងទាក់ទាញវិនិយោគទុនបន្ថែមទៀត។

លោករដ្ឋមន្ដ្រី បានលើកឡើងអំពីកម្ពុជាដែលត្រូវបានវាយតម្លៃលើកទី១ គណៈកម្មការ UN ស្ដីពី​គោល​នយោបាយអភិវឌ្ឍន៍ថា កម្ពុជាអាចមានលក្ខណៈសម្បត្តិចាកចេញពី LDC category ជាលើក​ទី១ នៅឆ្នាំ២០២១ ហើយកម្ពុជាត្រូវជាប់លក្ខខណ្ឌនេះជាលើកទី២ សម្រាប់ការវាយ​តម្លៃ​ម្ដងទៀតជាលើកទី២ នៅដើមឆ្នាំ២០២៤ ទើបអាចសម្រេចថាកម្ពុជាអាចចាកចេញពី LDC category នៅឆ្នាំ២០២៧ ឬឆ្នាំបន្ដបន្ទាប់ទៀត។

លោកបានកត់សម្គាល់អំពីបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការអភិវឌ្ឍនិងពាណិជ្ជកម្ម ដូចជា ការបាត់​ប​ង់ជំនួយបច្ចេកទេស វិធានការជំនួយពាក់ព័ន្ធពាណិជ្ជកម្ម ក៏ដូចជាបាត់បង់ប្រព័ន្ធអនុគ្រោះ​ពាណិជ្ជ​កម្មផងដែរ បន្ទាប់ពីចាកចេញពីចំណាត់ថ្នាក់ LDC។

ឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ លោករដ្ឋមន្ដ្រីបានថ្លែងថា ការពន្យារពេលក្នុងការផ្ដល់ប្រព្រឹត្ត​កម្ម​ពិសេសនិងដោយឡែក, កម្មវិធីកសាងសមត្ថភាពនិងជំនួយបច្ចេកទេសចំពោះ LDCs, ប្រព័ន្ធ​អនុ​គ្រោះពាណិជ្ជកម្ម គួរត្រូវបានធានាជូន LDCs ដែលត្រៀមនឹងចាកចេញពី LDC category ដោយ​លោកបានលើកឡើងអំពីកម្មវិធីសកម្មភាពដូហាសម្រាប់ LDCs ក្នុងទសវត្សេ៍ ២០២២-២០៣១ និងសេចក្ដីសម្រេច UN ពាក់ព័ន្ធនឹងយុទ្ធសាស្ដ្រអន្ដរកាលរលូន​សម្រាប់​ប្រទេសកំពុងចាកចេញពី LDC category ឆ្នាំ២០០៤ និង ២០២១។

លោករដ្ឋមន្ដ្រី បានគូសបញ្ជាក់អំពីតួនាទីដ៏មានសារសំខាន់របស់ដៃគូអភិវឌ្ឍន៍ ក្នុងការច្របាច់​បញ្ចូល​យុទ្ធសាស្ដ្រអន្តរកាលយ៉ាងរលូន ទៅក្នុងកម្មវិធីជំនួយ និងអភិវឌ្ឍន៍ជាតិរបស់​ប្រទេស​ដែលកំពុង​ចាកចេញពី LDC មុនពេល និងក្រោយពេលចាកចេញ។

ក្នុងវេទិកានោះ អង្គប្រជុំបានកត់សម្គាល់នូវអាទិភាព និងតម្រូវការរបស់ប្រទេស LDCs និងប្រទេស​ត្រៀម​ចាកចេញពី LDC category ហើយប្រធានអង្គប្រជុំនឹងរាយការ​ណ៍​លទ្ធផលទាំងនេះ​ជូន​រដ្ឋ​សមាជិក ក្នុងសម័យប្រជុំអនុម័តសេចក្ដីប្រកាសនយោបាយដូហា និងសម័យប្រជុំបិទសន្និសីទ៕

អត្ថបទដែលជាប់ទាក់ទង