ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម នេត្រ ភក្ត្រា ប្រមូលធាតុចូល បញ្ហា និងសំណូមពរផ្សេងៗ របស់អ្នកសារព័ត៌មាន ដើម្បីដាក់ជូនសម្តេចធិបតី ហ៊ុន ម៉ាណែត

21

 

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ជួបប្រជុំជាមួយសមាគមសារព័ត៌មាន ដើម្បីប្រមូលធាតុចូល សំណូមពរផ្សេងៗ និងធ្វើបច្ចុប្បន្នភាពសមាគម ដើម្បីដាក់ជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីជួបជុំមួយអ្នកសារព័ត៌មានលើកទី៦ ឆ្នាំ២០២៤ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីកិច្ចប្រជុំជាមួយសមាគមសារព័ត៌មាននៅកម្ពុជាដើម្បីប្រមូលធាតុចូល ដែលកិច្ចប្រជុំនេះធ្វើឡើងនៅទីស្តីការក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។

កិច្ចប្រជុំរវាងរដ្ឋមន្រ្តីក្រសួងព័ត៌មាន ជាមួយសមាគមសារព័ត៌មាន បានធ្វើឡើងនៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នាក្រសួងព័ត៌មាន ដើម្បីប្រមូលធាតុចូល បញ្ហា និងសំណូមពរផ្សេងៗ របស់អ្នកសារព័ត៌មានដែលកំពុងប្រកបអាជីពប្រចាំថ្ងៃតាមរយៈសមាគមអ្នកសារព័ត៌មាន ដែលជាតំណាង និងធ្វើបច្ចុប្បន្នកម្មអំពីស្ថានភាព សមាគម ដែលកំពុងដំណើរការ ឬមិនដំណើរការ ចំនួនបុគ្គលិក របាយការណ៍ប្រចាំឆ្នាំ ដើម្បីដាក់ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីជួបជុំមួយអ្នកសារព័ត៌មានលើកទី៦ ឆ្នាំ២០២៤។

តាមរយៈរបាយការណ៍របស់ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍បានអោយដឹងថា សមាគមដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន មានចំនួន ៥៣ អង្គភាព។ សមាគមដែលនៅ ដំណើរការ និងមានសកម្មភាពចំនួន ២២ អង្គភាព។

អង្គភាពបានមកធ្វើបច្ចុប្បន្នភាពមានចំនួន ៦ អង្គភាព។ អង្គភាពដែលចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃមានចំនួន ១០ អង្គភាព (មិនទាន់ធ្វើបច្ចុប្បន្នភាព)។ អង្គភាព កំពុងចុះបញ្ជីនៅក្រសួងមហាផ្ទៃ ៦ អង្គភាព។ សមាគមដែលមិនមានឯកសារទាក់ទងមិនបានមានចំនួន ១៦ អង្គភាព និងសមាគមដែលឯកភាពឱ្យក្រសួងលុបមានចំនួន ១៥ អង្គភាព ។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា មានប្រសាសន៍ថា កិច្ចប្រជុំនាឱកាសនេះ ដើម្បីប្រមូលនូមតិយោបល់ពីបងប្អូនជាអ្នកសារព័ត៌មាន តាមរយៈប្រធានសមាគមសារព័ត៌មាន នូវរាល់ចម្ងល់ បញ្ហា និងអ្វីដែលអ្នកសារព័ត៌មានចង់បាន ហើយមានគំនិតផ្តួចផ្តើចអ្វីខ្លះ ដើម្បីរួមគ្នាធ្វើអោយមានភាពប្រសើរឡើងនូវក្នុងវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា ជាពិសេសការពារសិទ្ធិសេរីភាពសារព័ត៌មាន ។

ឯកឧត្តម រដ្ឋមន្រ្តី បានគួសបញ្ជាក់ថា រហូតមក ដល់បច្ចុប្បន្ននេះ ក្រសួងព័ត៌មាន បានចេញអាជ្ញាបណ្ណជូនដល់សារព័ត៌មានបុរាណ និងទំនើប បានចំនួនជាង ២ ០០០ ក្នុងនោះមានគេហទំព័រ និង TV Online ជាប្រពន្ធ័ផ្សព្វផ្សាយទំនើប មានជាង ១ ០០០ អាជ្ញាបណ្ណ ។ សារព័ត៌មានបោះពុម្ព មានចំនួន ៤១៧ អាជ្ញាបណ្ណ តែនៅសល់តែចំនួនតិចបំផុតដែលនៅបោះពុម្ព ហើយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ កាសែតភ្នំពេញប៉ុស្ត៍ ក៏ឈប់បោះពុម្ពជាក្រដាស់កាសែត តែនៅដំណើរការបន្តផ្សាយតាមប្រពន្ធ័អនឡាញ ។

ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានចាត់សមាគមសារព័ត៌មាន និងបងប្អូននាក់សារព័ត៌មានទាំងអស់ គឺជាតូអង្គសំខាន់ ដែលបាននាំយកនូវការពិតពីសង្គម ប្រកបដោយវិជ្ជាជីវៈ មិនជាប្រភេទព័ត៌មានដែលគ្មានប្រភព មិនមែនជាប្រភេទព័ត៌មានដែលមានការញុះញង់ ឬត្រឹមតែជាប្រភេទព័ត៌មានក្លែងក្លាយ ដើម្បីទទួលការ Like និង View ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី បានជម្រាបជូនដំណឹងរបស់ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន ស្ដីពីការបន្ដសុពលភាពបណ្ណសារព័ត៌មានឆ្នាំ២០២៣ ដើម្បីសម្រួលដល់ការអនុវត្តការងាររបស់អ្នកសារព័ត៌មាន ដែលមិនទាន់ទទួលបានបណ្ណសារព័ត៌មាន ឆ្នាំ២០២៤ ។
ក្រសួងព័ត៌មានអនុញ្ញាតឱ្យបន្តសុពលភាពបណ្ណសារព័ត៌មានឆ្នាំ២០២៣ ដោយស្វ័យប្រវត្តិចាប់ ពីថ្ងៃជូនដំណឹងនេះ រហូតដល់ពេលទទួលបានបណ្ណសារព័ត៌មានឆ្នាំ២០២៤ ៕

អត្ថបទដែលជាប់ទាក់ទង