ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចបណ្ឌិត ម៉ែន សំអន នាំអំណោយសប្បុជន ចែកជូនដល់ពលរដ្ឋទីទាល់ក្រ ៣០០គ្រួសារ នៅសង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្នុងឱកាសបុណ្យចូលឆ្នាំថ្ងៃទី៤

68

ស្វាយរៀង៖ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤
ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរថ្ងៃទី៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៦ខែមេសា ឆ្នាំ២០២៤ បានចូលរួម ចែកអំណោយជូន ប្រជាពលរដ្ឋចំនួន៣០០គ្រួសារ នៅសង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលជាការឧបត្ថម្ភគាំទ្រ ពីលោកលោកឧត្តមសេនីយ៍ឯក អ៊ុង សារិទ្ធ មេបញ្ជាការរងកងអង្គរក្ស និងលោកស្រី ព្រមទាំងក្រុមការងារ ។
ពិធីនេះមានការចូលរួមពី អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង,លោកស្រីដួង វណ្ណា លោកបណ្ឌិត សម តារា អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង,លោកម៉ែន វិបុល, លោកប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ព្រមទាំងក្រុមការងារ និងអាជ្ញាធរក្រុងស្វាយរៀងផងដែរ។
សម្ដេចបណ្ឌិតម៉ែន សំអន បានអរគុណ ដល់លោកឧត្តមសេនីយ៍ឯកអ៊ុង សារិទ្ធ និងលោកស្រី ដែលបានឧបត្ថម្ភអំណោយដល់ប្រជាពលរដ្ឋនៅថ្ងៃនេះ ហើយក៏ជាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងក៏ដើម្បីចែករំលែកនៃក្តីស្រឡាញ់ជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ។
ជាមួយគ្នានេះសម្ដេចបណ្ឌិតម៉ែន សំអន ក៏បានរំលឹកអំពីអតីតកាលប្រទេសកម្ពុជាយើងធ្លាប់ឆ្លងកាត់នូវភ្លើង សង្គ្រាមថ្ងៃ ១៧ មេសាឆ្នាំ១៩៧៥ ដែលជាថ្ងៃរំដោះពីរបបលន់ណុល ហើយប៉ុលពតបានដឹកនាំទៅជារបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ បានកាប់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់អស់ជាង៣លាននាក់ ហើយបានបន្សល់ទុក ដោយកូនកំព្រា ស្ត្រីមេម៉ាយជាច្រើននាក់។
មានតែសម្ដេចតេជោហ៊ុន សែន និងថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុជាតិ និងបានរំដោះប្រជាពលរដ្ឋចេញពីរបបយង់ខ្នងប្រល័យពូជសាសន៍ប៉ុលពត ហើយប្រែក្លាយប្រទេសកម្ពុជាយើង ឲ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាពិសេសបាននាំមកនូវសុខសន្តិភាពពេញផ្ទៃប្រទេស។
សម្ដេច កិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានបន្ថែមថា អាចមានពេលវេលា និងឱកាសល្អ ក្នុងការរៀបចំអបអរ សាទរពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរនាពេលនេះ ក៏ដោយសារតែកត្តាប្រទេសជាតិ បានមានសុខសន្តិភាព ស្ថិរភាពនយោបាយ សេដ្ឋកិច្ចមានការរីកចម្រើន ពិសេសបងប្អូនប្រជាពលរដ្ឋសម្បូរសប្បាយធូរធារ និងមានឱកាសនៅក្នុងការជួបជុំរីករាយ គ្រប់ទីកន្លែងទាំងអស់ទូទាំងប្រទេស។ កត្តាសុខសន្តិភាពនេះហើយ ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនឡើង ដូច្នេះ ត្រូវតែអរគុណសន្តិភាពអរគុណរាជរដ្ឋាភិបាល និងអរគុណជាអានេកប្បការ ដល់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលជាអគ្គមគ្គទេសន៍ឯក និងសម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានខិតខំប្រឹងប្រែងតស៊ូ ដឹកនាំប្រទេសជាតិ ឲ្យសម្បូររុងរឿង រីកចម្រើនទៅមុខជាលំដាប់។
សម្ដេច ម៉ែន សំអន ក៏បានអរគុណដល់រដ្ឋបាលខេត្តស្វាយរៀង ក៏ដូចជារដ្ឋបាលក្រុងស្វាយរៀង ដែលបានខិតខំអភិវឌ្ឍខេត្តស្វាយរៀងឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ក្នុងនោះក្រុងស្វាយរៀងបច្ចុប្បន្នមានតំបន់សេដ្ឋកិច្ចពិសេសមួយ ឈីលូ» និងមានរោងចក្រ ចំនួន០៩ នៅភូមិស្វាយតឿ សង្កាត់ស្វាយតឿ និងមានសហគ្រាស សិប្បកម្មចំនួន ២២០ ដែលបានផ្តល់ឱកាសការងារដល់បងប្អូនកម្មករ កម្មការនីប្រមាណជាង ៥.០០០នាក់ ក្នុងក្រុងស្វាយរៀង និងកំពុងបន្តសាងសង់រោងចក្រ ជាបន្តបន្ទាប់ទៀតផងដែរ។ សូមបញ្ជាក់ថា អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៣០០គ្រួសារនេះ ក្នុងមួយគ្រួសារទទួលបានសារុងមួយ និងថវិកា៤ ម៉ឺនរៀលផងដែរ ៕
ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង