ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខែសីហា៖តេក្វាន់ដូITFចូលរួម ប្រកួតជើងឯកអាស៊ីនៅឥណ្ឌា

66

ភ្នំពេញ៖សហព័ន្ធតេក្វាន់ដូITF(International Taekwondo Federation)កម្ពុជាបានប្រកាស

ចូលរួមប្រកួតជើងឯកអាស៊ីនៅប្រទេសឥណ្ឌានាខែសីហាឆ្នាំ២០២៤ខាងមុខនេះ។

  លោកប៉ាល់ជីវ័ន្ដដែលជាគ្រូបង្វឹកជម្រើសជាតិបាននិយាយថាការប្រមូលផ្តុំក្រុមជម្រើសជាតិតេក្វាន់ដូ ITF មានចំនួនសរុប ១៥នាក់ក្នុងនោះមានកីឡាករ១០នាក់និងកីឡាការិនី៥នាក់ ដោយការប្រមូលផ្តុំក្រុមជម្រើសជាតិឆ្នាំ២០២៤នេះមានភាពខុសប្លែកពីឆ្នាំមុនបន្តិចគឺចំនួនអត្តពលិកមានចំនួនតិចជាងប៉ុន្តែក្រសួងអប់រំយុវជននិងកីឡានៅតែរក្សាបាននូវការប្រមូលផ្តុំលើការស្នាក់នៅ អាហារបំប៉ន របបថវិកាឧបត្ថម្ភ ដូចឆ្នាំកន្លងទៅដែរ។

  ការប្រកួតជើងឯកអាស៊ី នៅប្រទេសឥណ្ឌា ដែលនៅសល់ពេលប្រហែល៣ខែទៀតតែ

ប៉ុណ្ណោះ។ការហ្វឹកហាត់បានធ្វើឡើង៣ពេលដោយពេលព្រឹកពីម៉ោង៥ដល់ម៉ោង៧ពេលថ្ងៃពីម៉ោង ១០និង៣០ដល់១២ថ្ងៃត្រង់ និងពេលល្ងាច ពីម៉ោង ៥ដល់ម៉ោង៧យប់។

ការហ្វឹកហាត់ត្រៀមជើងឯកអាស៊ីនៅប្រទេសឥណ្ឌាលើកនេះសហព័ន្ធបានត្រៀមស្ទើរគ្រប់វិញ្ញាសាទាំងអស់ ទាំងវិញ្ញាសាមេគុន ប្រយុទ្ធ សម្តែង បច្ចេកទេសពិសេសជាដើម។ ជាមួយគ្នានេះយើងក៏នឹងពិនិត្យមើលលើសិទ្ធិផលរបស់កីឡាករកីឡាការិនីកម្ពុជាថាតើពួកគាត់អាចមានសមត្ថភាពបច្ចេកទេសលើវិញ្ញាសាណាខ្លះដែលអាចបញ្ជូនឱ្យគាត់ចូលរួមប្រកួតប្រជែងមេដាយ។

  គ្រូបង្វឹកខាងលើនេះបន្តថាដោយសារតែនៅសល់ពេលត្រឹម៣ខែលោកក៏មានការព្រួយបារម្ភដែរប៉ុន្តែទោះបីជាយ៉ាងណាក៏យើងទាំងអស់គ្នាកំពុងតាំងចិត្តផ្តោតលើការបង្វឹកនិងហ្វឹកហាត់ ដើម្បីសម្រួចគុណភាពបច្ចេកទេសរបស់ក្រុមជម្រើសជាតិឱ្យបាន។

ការហ្វឹកហាត់នេះក្នុងខែទី១គ្រូបង្វឹកបានផ្តោតសំខាន់លើផ្នែកស្មារតីការហាត់សមថាមពលកម្លាំង ហើយចូលដល់ខែទី២ ទើបលោកនឹងផ្តោតសំខាន់លើការបង្វឹកផ្នែកបច្ចេកទេស៕

អត្ថបទដែលជាប់ទាក់ទង