ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមគ្រូពេទ្យ ចុះពិនិត្យ និងព្យាបាលជំងឺជូនកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋ សរុបចំនួន ១២៩១នាក់ដោយឥតគិតថ្លៃ

227

សៀមរាប ៖ លោកស្រីហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ និងព្យាបាលជំងឺជូនកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋ សរុបចំនួន ១២៩១នាក់ដោយឥតគិតថ្លៃ នៅថ្ងៃអាទិត្យ ទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ។
ពិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺនេះ បានប្រព្រឹត្តទៅនៅទីតាំងសាលាបឋមសិក្សាច័ន្ទគីរី ស្ថិតនៅភូមិគោកកណ្តាល ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប។
លោកស្រី ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្រ្តសម្តេចតេជោ បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋដែលអញ្ជើញចូលរួមក្នុងពិធីនោះ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញប្រើសិទ្ធិរបស់ខ្លួន ដើម្បីទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
លោកស្រី ហ៊ុន ម៉ាណា បានថ្លែងអំណរគុណក្រុមការងារចុះពង្រឹងមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទូទាំងស្រុកវ៉ារិន ដែលធ្វើឱ្យស្រុកនេះមានការរីកចម្រើនស្ទើគ្រប់វិស័យ។
មុនការពិនិត្យ និងព្យាបាលជំងឺ ក្រុមការងារបានផ្តល់ជូនអាហារសម្រន់នៅពេលព្រឹក និងថ្ងៃត្រង់មាន នំបញ្ចុក នំបុ័ង និងភេសជ្ជៈ ទទួលទានរួមគ្នាយ៉ាងឆ្ងាញ់ពិសារប្រកបដោយភាពស្និទ្ធស្នាលបំផុត។
ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានផ្តល់ការអប់រំផ្នែកសុខភាពបន្ថែមជូនដល់ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវាព្យាបាល និងចែកជូនវែនតាសម្រាប់លោកតា លោកយាយ ចំនួន ៥៧០នាក់ ព្រមទាំងចែកជូនរទេះរុញសម្រាប់ជនពិការចំនួន ២០គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ព ដែលបានមកទទួលការពិនិត្យ និងព្យាបាលជំងឺ នាពេលនោះសុទ្ធតែបានបង្ហាញនូវភាពសប្បាយរីករាយ និងបានថ្លែងអំណរគុណចំពោះក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ជាពិសេសពួកគាត់បានថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង។
សូមបញ្ជាក់ថា : ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ តែងតែធ្វើសកម្មភាពចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋ និងគ្រួសារកងទ័ព នៅតាមបណ្តាខេត្ត និងតំបន់ដាច់ស្រយាលជាច្រើនគោលដៅកន្លងរួចមកហើយ។

អត្ថបទដែលជាប់ទាក់ទង