ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយឧត្តមសេនីយ៍ វង្ស ពិសេន ស្នើឱ្យកងទ័ព នៃប្រទេសទាំងពីរ កម្ពុជា-ថៃ បន្តរួមគ្នាទប់ស្កាត់បទល្មើស គ្រប់ប្រភេទ នៅតាមខ្សែបន្ទាត់ព្រំដែន

74


ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារទី១២ ខែមីនា ឆ្នាំ២០១៩ លោក នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានទទួលជួបសំណេះសំណាល សម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក នាយឧត្ដមសេនីយ៍ ឆាយយ៉ាប្រ៊ុក ឌីឌីយ៉ាសារីន (CHAIYAPRUK DIDYASARIN) មេបញ្ជាការកងទ័ពជើងអាកាសភូមិន្ទថៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ឧត្ដមសេនីយ៍ ជាច្រើនរូបដែលជាតំណាង មកពីបញ្ជាការដ្ឋានកងទ័ពជើងគោក, ជើងទឹក, ជើងអាកាស និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមទាំងនាយកទីចាត់ការមួយចំនួន ចំណុះអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។

នៅក្នុងកិច្ចសំណេះសំណាលនេះ លោក នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការល្អ រវាងកងទ័ពនៃប្រទេសទាំងពីរ ជាអាទិ៍នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលស្របទៅនឹងសេចក្ដីប្រាថ្នា ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រែក្លាយព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង ឱ្យទៅជាព្រំដែនប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍន៍ ក្នុងគោលបំណងលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋតាមតំបន់ព្រំដែន។

ក្នុងខណៈនោះដែរ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងអំណរគុណ ដល់កងទ័ពភូមិន្ទថៃ ដែលបានទទួលយកនាយទាហានកម្ពុជា ចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលផ្សេងៗ ក៏ដូចជាការផ្លាស់ប្ដូរ គណៈប្រតិភូគ្រប់ប្រភេទទ័ពផងដែ។

នៅទីបញ្ចប់នៃកិច្ចពិភាក្សានេះលោក នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានស្នើឱ្យកងទ័ព នៃប្រទេសទាំងពីរ កម្ពុជា-ថៃ បន្តរួមគ្នាទប់ស្កាត់បទល្មើស គ្រប់ប្រភេទ នៅតាមខ្សែបន្ទាត់ព្រំដែន រួមមានឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស បទល្មើសរុករកធនធានធម្មជាតិ និងអំពើភេរវកម្ម៕

អត្ថបទដែលជាប់ទាក់ទង