ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គម្រោងធ្វើឲ្យប្រសើរឡើង ផ្លូវជាតិលេខ៣ សម្រេចបាន៩ភាគរយហើយ ខណៈការសាងសង់រយៈពេល៤៨ខែ

77


ភ្នំពេញ៖ ថ្ងៃទី២០ ខែមីនា នេះ លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការ បានដឹកនាំក្រុមការងារ គ្រប់គ្រងគម្រោង អនុវត្តដោយCRBC ចុះពិនិត្យ វឌ្ឍនភាពគម្រោងផ្លូវជាតិលេខ៣ បច្ចុប្បន្នសម្រេចបាន ៩ភាគរយ នៃផែនការគម្រោង ។
ក្រុមការងារបាន ចុះពិនិត្យការរៀបចំប្រព័ន្ធលូ ការរៀបសាងសង់ ស្ពានស្របទ្វារទឹកកំពង់ទួល ស្ពានរំលងថ្មើរជើង នៅផ្សារត្រាំខ្នារ និងអង្គតាសោម ពិនិត្យសម្របសម្រួល ដោះស្រាយសំណង់ផ្ទះ។
ក្រុមការងារ ក៏បានណែនាំក្រុមហ៊ុន ឱ្យបន្ថែមបង្គោលសុវត្ថិភាព និងជំរុញការងារ ដើម្បីធ្វើយ៉ាងណាអាចប្រជាពលរដ្ឋ ធ្វើដំណើរបាននា បុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានពង្រីក និងលើកកម្រិតគុណភាព (ពី DBST ទៅ AC) កំណាត់ផ្លូវជាតិលេខ៣ ប្រវែងសរុបជិត១៣៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលចោមចៅ ដល់ក្រុងកំពត ក្រោមហិរញ្ញប្បទានសម្បទាន របស់រដ្ឋាភិបាលចិន ជាង២០០លានដុល្លារអាមេរិក។ កំណាត់ផ្លូវជាតិនេះ ត្បិតតែចំណាយសាងសង់រហូតដល់៤ឆ្នាំ តែផ្លូវនេះមានគុណភាពខ្ពស់។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា គម្រោងពង្រីក និងលើកកម្រិតកំណាត់ផ្លូវជាតិលេខ៣ ចាប់ពីរាជធានីភ្នំពេញ (ចោមចៅ) ដល់ក្រុងកំពត ដោយឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង១២គីឡូម៉ែត្រ ខេត្តកណ្តាលប្រវែង១១គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ប្រវែង៣០គីឡូម៉ែត្រ ខេត្តតាកែវ ប្រវែង៣០គីឡូម៉ែត្រ និងខេត្តកំពត ប្រវែង៥១គីឡូម៉ែត្រ។

លោកទេសរដ្ឋមន្ដ្រីបានឲ្យដឹងទៀតថា កំណាត់ផ្លូវជាតិលេខ៣នេះ គឺជាខ្សែផ្លូវនៃប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពលរបស់កម្ពុជា តភ្ជាប់រាជធានីភ្នំពេញ ទៅកាន់ខេត្តកំពត ដោយឆ្លងកាត់រាជធានី-ខេត្តចំនួន៥ រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកំពត និងអាចតភ្ជាប់ទៅកាន់កំពង់ផែសមុទ្រអន្តរជាតិខេត្តព្រះសីហនុ តាមរយៈផ្លូវជាតិលេខ៤ និងខេត្តកោះកុង ច្រកព្រំដែនកម្ពុជា-ថៃ តាមរយៈផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៤៨។

លោករដ្ឋមន្ត្រី បានឲ្យដឹងទៀតថា គម្រោងនេះចែកចេញជាពីរកំណាត់៖ កំណាត់ទី១ ចាប់ពីភ្នំពេញ (ចោមចៅ)-បែកគូស មានប្រវែងជិត ៧០គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២៤,៥ម៉ែត្រ ជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ដោយក្រាលបេតុងកៅស៊ូ AC កម្រាស់ ៩សង់ទីម៉ែត្រ ទទឹង ២១ម៉ែត្រ លើទទឹងតួផ្លូវសរុប ២៤,៥ម៉ែត្រ។ ដោយឡែកកំណាត់ទី២ ចាប់ពីបែកគូស ដល់ក្រុងកំពត ប្រវែងជិត៦៥គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ ជា ២គន្លង (១គន្លងទៅ ១គន្លងមក) ដោយក្រាលបេតុងកៅស៊ូ AC កម្រាស់ ៧សង់ទីម៉ែត្រ ទទឹង ១១ម៉ែត្រ។ គម្រោងពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៣នេះ គ្រោងប្រើរយៈពេលសាងសង់ចំនួន៤៨ខែ៕

អត្ថបទដែលជាប់ទាក់ទង