ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មិនទាន់មានចម្លើយ ករណីបោះបង្គោល ក្នុងទឹកសមុទ្រ តែអភិបាលខេត្តកំពត បញ្ជាឲ្យមន្ដ្រីចុះទៅស្រាវជ្រាវហើយ

83

កំពត៖ កាលពីថ្ងៃទី ១៩ ខែឧសភា លោកប្រធានគណបក្សខ្មែរក្រោក និងបងប្អូនប្រជាពលរដ្ឋបានរិះគន់យ៉ាងចាស់ដៃទៅលើក្រុមហ៊ុនអចលទ្រព្យមួយបានបោះបង្គោលចូលដល់ក្នុងទឹកសមុទ្រ ថែមទាំងអះអាងថាមានប្លង់កម្មសិទ្ធិត្រឹមត្រូវទៀតនោះ គឺលោកបានព្រមានដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាចុះពិនិត្យមើលជាបន្ទាប់ បើមិនដូចច្នោះទេ លោក និងក្រុមការងារនឹងចុះស្រាវជ្រាវ តាមដានហេីយ។

យ៉ាងណាមិញរហូតមកដល់ព្រឹកថ្ងៃទី ២០ ខែឧសភានេះ បើតាមលោក លោក ជាវ តាយ អភិបាលខេត្តកំពត បានបញ្ជាក់ពីចំណាត់ការថា បើសិនរកឃើញ និងស្រាវជ្រាវទៅពិតជាខុសច្បាប់មែននោះ នឹងឲ្យដកបង្គោលនោះចេញជាបន្ទាន់ ពីព្រោះគ្មានបុគ្គលណាមានសិទ្ធិទៅបោះបង្គោលវាទទីនៅក្នុងទឹកសមុទ្រនោះឡើយ។លោកបានបន្ថែមថា ករណីនេះលោកបានទទួលព័ត៌មាន និងរូបភាពពីមន្ត្រីបរិស្ថាន ប៉ុន្ដែមិនទាន់ដឹងនៅចំណុចទីតាំងណាឲ្យពិតប្រាកដនោះទេ។

ដោយឡែកប្រធានមន្ទីររៀបចំដែន នគរូបនីយកម្ម និងសំណង់ ខេត្តកំពត លោក យិន វុធ ក៏បានបញ្ជាក់ផងដែរថា នៅពេលនេះ លោកបានឲ្យមន្ដ្រីចុះទៅស្រាវជ្រាវហើយ ដើម្បីមានវិធានការបន្ដទៀត។

ចំណែកមន្ដ្រីជាន់ខ្ពស់មួយរូបនៅខេត្តកំពត ក៏បានឲ្យដឹងថា ដីតំបន់ខាងលើខ្លះក៏មានប្លង់ ខ្លះក៏អត់មានប្លង់ ហើយម្ចាស់ដីក៏សុទ្ធតែមន្ដ្រីគ្រាក់ៗទៀតផង ហើយការបោះបង្គោលនេះមិនមែនទើបតែកើតឡើងថ្មីៗនោះទេ ពោលតាំងពីជំនាន់អភិបាលខេត្តកំពត លោក ខូយ ឃុនហួរ មកម្ល៉េះ ហើយការបោះបង្គោលនេះអាចជាដីឯកជនមានប្លង់ ប៉ុន្ដែដោយសារតែទឹកជោរ (ទឹកឡើងខ្លាំង) មើលឃើញរូបភាពយ៉ាងដូច្នេះ។

វីលៀម គ័ង រិះគន់ការលក់ដីសមុទ្រ បោះបង្គោលដល់ក្នុងសមុទ្រទៀត ? សូមបញ្ជាក់ថា សមុទ្រ បឹងបួរ ព្រៃភ្នំ ទន្លេ ជាកម្មសិទ្ធរបស់រដ្ឋ! តេីការបោះបង្គោលដល់ក្នុងសមុទ្រនេះ ឈរលេីប្លង់កម្មសិទ្ធប្លង់រឹងឬប្លឹងរាវ ? បេីប្លង់រឹង ជាប្លង់រឹងត្រឹមលេីដី ឬលាតសន្ធឹងដល់ក្នុងសមុទ្រ ?
នេះជារូបភាពនៅសមុទ្រខេត្តកំពត ដែលផ្សព្វផ្សាយលក់ដោយក្រុមហ៊ុនលក់អចលនទ្រព្យមួយ ដែលអះអាងថាមានប្លង់រឹង ដូចនេះខ្ញុំឆ្ងល់ថាតេីប្លង់រឹងត្រឹមឆ្នេរចំងាយ៥០មែត្រ ឬប្លង់រឹងចូលដល់សមុទ្រ ទេីបគេអាចបោះបង្គោលចូលសមុទ្របានដូចនេះ ។
សូមបញ្ជាក់ អ្នកវិនិយោគអាចវិនិយោគបានលុះត្រាទទួលបានសិទ្ធិ អនុប្បយោគ ឬសម្បទានពីរដ្ឋ តែឋិតក្នុងល័ក្ខខ័ណ្ឌមួយចំនួន ។

លោកជាវ តាយ អភិបាលខេត្តកំពត បំភ្លឺថា បង្គោល ដែលបោះចូលសមុទ្រមួយកន្លែងក្នុងខេត្តកំពត គឺមានតាំងពី១០ឆ្នាំមុនមកម្ល៉េះ មិនមែនទើបតែនឹងកើតឡើងនោះទេ។
លោកថា «មានតាំងពីខ្ញុំ មិនទាន់ឡើងធ្វើជាអភិបាលខេត្តម្ល៉េះ តែគេទើបនឹងបង្ហោះ»។

លោក អភិបាលខេត្តបានលើកឡើងថា បច្ចុប្បន្នមន្ត្រីរបស់លើកកំពុងតែស្រាវជ្រាវរឿងនេះ។ ដោយសារតែមិនទាន់ទទួលបានរបាយការណ៍និងលទ្ធផលនៃការស្រាវជ្រាវ លោក មិនទាន់អាចបញ្ជាក់ឡើយពីឈ្មោះក្រុមហ៊ុន ហើយការបោះបង្គោលនោះ ក្នុងគោលបំណងអ្វី ក៏លោក មិនទាន់អះអាងដែរ។ ប៉ុន្តែ លោក បញ្ជាក់ថា រដ្ឋាភិបាល បានចេញ ស.ជ.ណ. (សេចក្តីជូនដំណឹង) អំពីការបោះបង្គោលនេះ។

បន្ទាប់​ពី​មាន​ការ​ដាក់​បញ្ជា​ពី​អភិបាល​ខេត្ត​កំពត ជាវ តាយ មន្ត្រី​ជំនាញ​សម្រុះ​ស្ថាប័ន​មួយ​ក្រុម ដែល​ដឹក​នាំ​ដោយ​អភិបាល​រង​ខេត្ត​កំពត នៃ គង់ បាន​ចុះ​ទៅ​ដល់​ទីតាំង​បោះ​បង្គោល​នៅ​ដែន​សមុទ្រ ក្នុង​តំបន់​ភ្នំ​ដូង ភូមិ​បឹង​តាព្រាម សង្កាត់​ត្រើយ​កោះ ក្រុង​កំពត ខេត្ត​កំពត។

​លោក នៃ គង់ អភិបាល​រង​ខេត្ត​កំពត និង​ជា​អ្នក​ដឹក​នាំ​ក្រុម​ការងារ​ចុះ​ត្រួត​ពិនិត្យ បាន​បញ្ជាក់​ថា ក្រុម​មន្ត្រី​ជំនាញ​ត្រូវ​ការ​ប្រើ​ពេល​​មួយ ទៅ​ពីរ​ថ្ងៃ​ទៀត ដើម្បី​ប្រមូល​ឯកសារ​ពាក់​ព័ន្ធ​ទាំង​ឡាយ ឈាន​ទៅ​ដល់​ការ​វិនិច្ឆ័យ​ថា​ត្រូវ ឬ​ខុស មុន​នឹង​មាន​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់។ ចំពោះ​លទ្ធផល​នៃ​ការ​ត្រួត​ពិនិត្យ​ដំបូង​នេះ នៅ​មិន​ទាន់​អាច​ប្រកាស​ជា​ផ្លូវ​ការ ថា​យ៉ាង​ណា​នោះ​ទេ។ ពេល​ក្រុម​ការងារ​ចុះ​ទៅ​ដល់​ទី​នោះ ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា ឃើញ​បង្គោល​បោះ​យូរ​មក​ហើយ។ មន្ត្រី​ជំនាញ​ក៏​បញ្ជាក់​ដែរ​ថា ដី​នៅ​ទី​នោះ​មាន​កម្មសិទ្ធិ ប៉ុន្តែ​មិន​ទាន់​ឃើញ​ឯកសារ​ជាក់​ស្ដែង។ បើ​តាម​មន្រ្តី​ជលផល​វិញ ប្រាប់​ថា កាល​ពី​ឆ្នាំ​២០០៨កន្លង​ទៅ ស.ជ.ណ របស់​ខេត្ត បាន​កាត់​ប្រគល់​ដី​ជូន​ពល​រដ្ឋ ១២​គ្រួសារ​នៅ​តំបន់​នោះ ព្រោះ​ជា​អ្នក​ធ្លាប់​ចិញ្ចឹម​ក្ដាម​នៅ​នឹង​កន្លែង។ ក្រោយ​មក កម្មសិទ្ធិ​នៅ​ទី​នោះ ត្រូវ​លក់​ត​គ្នា ហើយ​១២​គ្រួសារ ក៏​មិន​ដឹង​ទៅ​ដល់​ទី​ណា ទើប​ស្ថានភាព​ដូច​សព្វ​ថ្ងៃ។ អភិបាល​ខេត្ត​កំពត ជាវ តាយ បាន​បញ្ជាក់​ថា ប្រសិន​បើ​រក​ឃើញ​ការ​បង្គោល​នោះ​ខុស​ច្បាប់ ត្រូវ​ដក​ចោល​ភ្លាមៗ៕

អត្ថបទដែលជាប់ទាក់ទង