ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិវឌ្ឍន៍ និងពង្រីកកិច្ចគាំទ្រ វិស័យកសិកម្មក្នុងប្រទេសកម្ពុជា៖ ការវាយតម្លៃឯករាជ្យនៅក្នុងធនាគារអភិវឌ្ឍន៍អាស៊ី

55

រាជធានីភ្នំពេញ ៖ យោងតាមការវាយតម្លៃមួយនាពេលថ្មីៗនេះ ដែលធ្វើឡើងដោយនាយកដ្ឋានវាយតម្លៃឯករាជ្យរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា ADB នឹង ត្រូវធ្វើការវិវឌ្ឍន៍ និងពង្រីកកិច្ចគាំទ្ររបស់ខ្លួន ចំពោះវិស័យកសិកម្មក្នុងប្រទេសកម្ពុជា ដើម្បីជួយគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ កាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និង ទាក់ទាញឱ្យមានការចូលរួមកាន់តែច្រើនពីវិស័យឯកជន ដើម្បីបំពេញតម្រូវការរបស់ប្រជាជនដែលកំពុងមានចំនួនកើនឡើង នៅតំបន់ទីក្រុង។ ការចេញផ្សាយនៃការវាយតម្លៃឯករាជ្យរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ នៅភ្នំពេញ។
 
បើទោះបីជាកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកក៏ដោយ ប៉ុន្តែ ការផ្តល់អាទិភាពលើវិស័យកសិកម្ម ដែលបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ហាក់ដូចជានៅមានកម្រិត បើធៀបទៅនឹងវិស័យ ទេសចរណ៍ និងឧស្សាហកម្មកាត់ដេរ។
 
កម្ពុជាគឺជាករណីសិក្សាមួយក្នុងចំណោមករណីសិក្សាចំនួន៤ ដែលរួមមានជាអាទិ៍ ប្រទេសបង់ក្លាដេស សាធារណរដ្ឋប្រជាមានិតចិន និង តាជីគីស្ថាន នៅក្នុងការវាយតម្លៃទៅលើកិច្ចគាំទ្ររបស់ ADB ដែលមានថវិកាសរុបចំនួន ១២,២ពាន់លាន ដុល្លារ ដែលផ្តល់សម្រាប់វិស័យកសិកម្ម ធនធានធម្មជាតិ និងការអភិវឌ្ឍន៍ជនបទ ក្នុងឆ្នាំ ២០០៥-២០១៧។ ប្រទេសទាំងនេះមានចំណែកច្រើនគួរឱ្យកត់សម្គាល់នៅក្នុងប្រតិបត្តិការតាមវិស័យរបស់ ADBក្នុងអំឡុងពេលនៃការវាយតម្លៃ។
 
លោក Andrew Brubaker ប្រធានក្រុមវាយតម្លៃ បានមានប្រសាសន៍ឱ្យដឹងថា “នៅក្នុងកិច្ចខិតខំក្នុងការជម្រុញការចូលរួមរបស់យើងនៅក្នុងវិស័យកសិកម្ម គេចាំបាច់ត្រូវស្វែងរកមេរៀននានា និង រៀនសូត្រពីបទពិសោធន៍របស់គម្រោងដែលបានអនុវត្តនាពេលកន្លងមក។ មេរៀនមួយ ដែលបានធ្វើឱ្យសមិទ្ធិកម្មមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ គឺជាការពង្រឹងសមត្ថភាពស្ថាប័ន និងការដោះស្រាយបរិបទពិបាកៗនៅក្នុង វិស័យកម្ម ព្រមទាំងភាពស្មុគស្មាញក្នុងការរចនាគម្រោង។”
 
កិច្ចខិតខំរបស់ADBក្នុងការពង្រឹងខ្សែសង្វាក់តម្លៃកសិកម្មរបស់កម្ពុជា (ដោយបន្ថែមគុណតម្លៃទៅក្នុងធាតុចូល ព្រមជាមួយនឹងខ្សែសង្វាក់ផ្គត់ផ្គង់) តាមរយៈកំណែទម្រង់គោលនយោបាយ គឺជាសកម្មភាពមួយដែលមានសក្តានុពល។ ការផ្តល់ហិរញ្ញប្បទានសម្រាប់កម្មវិធីអភិវឌ្ឍន៍វិស័យពាណិជ្ជភាវូបនីយកម្មស្រូវ-អង្ករដែលធន់នឹងអាកាសធាតុ ដែលកំពុងបន្តអនុវត្ត ត្រូវបានរៀបចំឡើងដើម្បីជួយដល់កសិករក្នុងខេត្តបាត់ដំបង កំពង់ធំ និងព្រៃវែង ក្នុងការបង្កើនផលិតកម្ម និង ប្រសិទ្ធផល ព្រមទាំងខ្សែសង្វាក់តម្លៃស្រូវ-អង្ករ និង ដោះស្រាយ ឧបសគ្គរាំងស្ទះផ្នែកគោលនយោបាយ សម្រាប់ខ្សែសង្វាក់តម្លៃទាំងនេះឱ្យបំពេញមុខងារដោយ រលូន។ នេះគឺជា ចំណែកមួយនៃក្រុមគម្រោងខ្សែសង្វាក់តម្លៃដែលគាំទ្រដោយADBនៅកម្ពុជា និងបណ្តាប្រទេសជិតខាង ក្នុងគោលបំណងបង្កើនភាពប្រកួតប្រជែងក្នុងវិស័យកសិកម្ម នៅតាមតំបន់ដែលត្រូវបានជ្រើសរើស តាមបណ្តោយរបៀងដឹកជញ្ជូននៃមហាអនុតំបន់មេគង្គ។
 
ការវាយតម្លៃ បានកត់សម្គាល់ថា កម្ពុជាវិនិយោគមិនទាន់គ្រប់គ្រាន់នៅឡើយក្នុងការស្រាវជ្រាវលើវិស័យ កសិកម្ម ដែលការខ្វះខាតនេះក៏កើតមានផងដែរ នៅប្រទេសមួយចំនួនទៀតនៅអាស៊ី។ មានកាសម្គាល់ឃើញថា ការប្រើប្រាស់ឧបករណ៍សម្ភារៈហួសសម័យ នាំឱ្យប៉ះពាល់ដល់បរិមាណ និងគុណភាពនៃលទ្ធផលស្រាវជ្រាវ។ ចាប់តាំងពី ឆ្នាំ២០០០ មក កំណើនភាគច្រើនក្នុងការចំណាយលើវិស័យកសិកម្មនៅអាស៊ី រួមទាំងការស្រាវជ្រាវអំពីកសិកម្មផង មានការរុញច្រានពីសាធារណរដ្ឋប្រជាមានិតចិន ប្រទេសឥណ្ឌា និងប្រទេសឥណ្ឌូនេស៊ី។
 
ADBកំពុងបង្កើនកិច្ចគាំទ្ររបស់ខ្លួនក្នុងវិស័យកសិកម្ម ក្នុងពេលវេលាមួយដ៏ចាំបាច់សម្រាប់ វិស័យនេះ។ លោកស្រី Véronique Salze-Lozac’h អគ្គនាយិការងនៃអគ្គនាយកដ្ឋានវាយតម្លៃឯករាជ្យរបស់ADBមានប្រសាសន៍ ថា “ ការបន្តផ្តោតកិច្ចគាំទ្រលើផលិតកម្មកសិកម្ម និងសន្តិសុខស្បៀង ព្រមទាំងការកសាង និងកែលម្អហេដ្ឋរចនាសម្ព័ន្ធ គឺមិនគ្រប់គ្រាន់ឡើយដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញ និងមានការវិវឌ្ឍន៍ឥតឈប់ឈររបស់វិស័យកសិកម្មនៅអាស៊ី”។ លោកស្រីបន្តថា “ប្រព័ន្ធកសិកម្មនៅក្នុងតំបន់ ផ្តោតកាន់តែខ្លាំងទៅលើខ្សែសង្វាក់តម្លៃ ហើយវិស័យឯកជនក៏កំពុងតែមានឥទ្ធិពល និង ការទទួលខុសត្រូវកាន់តែខ្លាំងផងដែរ ចំពោះផលិតកម្ម និងសន្តិសុខស្បៀង។ កិច្ចគាំទ្រចំពោះវិស័យកសិកម្មពីសំណាក់រដ្ឋាភិបាល និង ដៃគូអភិវឌ្ឍន៍ ត្រូវមានលក្ខណៈគ្រប់ជ្រុងជ្រោយជាងនេះ ព្រមទាំងត្រូវពិចារណាលើបញ្ហាដទៃទៀត បន្ថែមពីលើ បញ្ហាផលិតកម្ម។”
 
បណ្តាប្រទេសនៅអាស៊ី កំពុងជួបប្រទះបញ្ហាប្រឈមស្រដៀងគ្នា និង សម្រាប់ជាការឆ្លើយតប ភាគរយនៃការផ្តល់ ឥណទានសម្បទានប្រចាំឆ្នាំរបស់ADB បានកើនឡើងចំនួន ២% ក្នុងឆ្នាំ២០០៧ ទៅ ១២% ក្នុងឆ្នាំ២០១៧។ ការវាយតម្លៃបានរកឃើញថា ADBមានសក្តានុពលក្នុងការរួមចំណែកផ្តល់វិភាគទានច្រើនគួរឱ្យកត់សម្គាល់ចំពោះវិស័យនេះ។ សមិទ្ធិកម្មរបស់គម្រោង ដែលទទួលបានមូលនិធិគាំទ្រពីADBកំពុងមានភាពរីកចម្រើន ប៉ុន្តែលទ្ធផលកន្លងមកនៅមានកម្រិតទាបនៅ ឡើយ។ ជាទូទៅ កំណើននៃការផ្តល់ ឥណទានសម្បទាន បានគាំទ្រដល់ប្រតិបត្តិការទ្រង់ទ្រាយធំ ដោយផ្តោតលើ   ហេដ្ឋារចនាសម្ព័ន្ធទាក់ទង នឹងទឹក។ បើទោះបីគេនៅត្រូវការឱ្យមានកិច្ចគាំទ្រនេះក៏ដោយ ជាពិសេសដើម្បីដោះស្រាយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ គេក៏ត្រូវការគាំទ្រដល់ខ្សែសង្វាក់តម្លៃកសិកម្ម និង ការអភិវឌ្ឍន៍វិស័យឯកជនផងដែរ ខណៈពេលដែលតម្រូវការតំបន់មានការប្រែប្រួល។
 
គម្រោងកសិកម្មដែលបានទទួលកិច្ចគាំទ្រពីADB នៅកម្ពុជា ផ្តោតទូលំទូលាយលើការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍន៍ជនបទ ដោយផ្តោតលើការស្តារប្រព័ន្ធធារាសាស្រ្ត ការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់គ្រប់គ្រងទឹកជំនន់ ការគាំទ្រកសិករខ្នាតតូច និង ការកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ ការផ្តោតយកចិត្តទុកដាក់នេះ ឆ្លុះបញ្ចាំងអំពីសេចក្តីត្រូវការបង្កើតឱ្យមាន  វឌ្ឍនភាពបន្ថែមទៀត ក្នុងការកាត់បន្ថយភាពក្រីក្រ និង គាំទ្រដល់កិច្ចខិតខំរបស់កម្ពុជាក្នុងការកាត់បន្ថយវិបត្តិអាកាសធាតុ។ ធនាគារអភិវឌ្ឍន៍អាស៊ី ក៏បានផ្តល់ការវិនិយោគគួរឱ្យកត់សម្គាល់ផងដែរសម្រាប់ជំនួយស្បៀងសង្គ្រោះបន្ទាន់ ជូនដល់ កម្មវិធីសង្គមរបស់រដ្ឋាភិបាល ក្នុងអំឡុងពេលនៃវិបត្តិតម្លៃស្បៀងអាហារពិភពលោក ឆ្នាំ២០០៨។
 
បញ្ហា និងកត្តាប្រឈមនានាដែលកើតឡើងក្នុងប្រទេសកម្ពុជា មានលក្ខណៈស្រដៀងគ្នាទៅនឹងបញ្ហា និងកត្តាប្រឈមដែលបានរកឃើញនៅក្នុងតំបន់ផងដែរ។ បញ្ហាប្រឈមចម្បងៗសម្រាប់គម្រោងកសិកម្មដែលទទួលបានមូលនិធិគាំទ្រពីADBរមែងតែងមានឫសគល់ពីបញ្ហានៅក្នុងការរចនាគម្រោង និង និរន្តរភាព ដោយសារស្ថាប័នទន់ខ្សោយ និង ការផ្គត់ផ្គង់មិនគ្រប់គ្រាន់សម្រាប់ប្រតិបត្តិការ និងការថែទាំ។
 
ទោះយ៉ាងណាក្តី ក៏មានចំណុចវិជ្ជមានគួរឱ្យកត់សម្គាល់ផងដែរ។ ការងាររបស់ADBនៅតំបន់ទន្លេសាប (ដែលកំពុងចាប់ដៃគូជាមួយមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម ដើម្បីទាញប្រយោជន៍ឱ្យបានជាអតិបរមាពីជំនាញឯកទេសក្នុងការធ្វើការងារជាមួយជនក្រីក្ររបស់មូលនិធិនេះ) កំពុង ផ្តល់ផលជាវិជ្ជមាន។ គម្រោង កាត់ បន្ថយ ភាព ក្រីក្រ តាម បឹង ទន្លេសាប  និង ការ អភិវឌ្ឍ កសិករ ខ្នាត តូច ដែលបានចាប់ផ្តើមក្នុងឆ្នាំ២០០៩ កំពុងគាំទ្រដល់រដ្ឋាភិបាលក្នុងការបង្កើនការអភិវឌ្ឍដែលមានការរុញច្រានពីសហគមន៍ តាមរយៈការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធជនបទ ការកែលម្អផលិតភាព ការអភិវឌ្ឍសមត្ថភាព និង ការកែលម្អលទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទានសម្រាប់កសិករខ្នាតតូច៕


 

អត្ថបទដែលជាប់ទាក់ទង