ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ជនជាតិនីហ្សេរីយ៉ា និងជនជាតិវៀតណាម១៧នាក់ រស់នៅ និងធ្វើការខុសច្បាប់ ក្នុងរាជធានីភ្នំពេញ

111

ភ្នំពេញ៖ ជនជាតិនីហ្សេរីយ៉ា និងជនជាតិវៀតណាម ចំនួន១៧នាក់ ក្នុងនោះមានស្រី៥នាក់ ត្រូវបានរកឃើញថាបានរស់នៅ និងធ្វើការខុសច្បាប់ក្នុងខណ្ឌចំការមន និងខណ្ឌ៧មករា នៃរាជធានីភ្នំពេញ។ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ក្រុមប្រតិបត្តិការចម្រុះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហកាជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះឃាត់ខ្លួនពួកគេទាំង១៧នាក់នោះ។

លោកឧត្តមសេនីយ៍ឯក អ៊ុក​ ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានប្រាប់ថា ការចុះត្រួតពិនិត្យ និងមានការឃាត់ខ្លួននេះ បានធ្វើឡើងនៅចំណតរថយន្តក្រុង ចំនួន៣កន្លែង មុខវត្តមហាមន្ត្រី ស្ថិតនៅផ្លូវ២៧៤ ព្រះសីហនុ សង្កាត់វាលវង់ ខណ្ឌ៧មករា និងហាងគុយទាវ-កាហ្វេ ស្ថិតនៅផ្លូវលេខ២៧៦កែង១១៣ សង្កាត់ទូលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍បានបញ្ជាក់ទៀតថា ពេលចុះត្រួតពិនិត្យនោះ កម្លាំងចម្រុះបានឃាត់ជនជាតិវៀតណាម១៦នាក់ ស្រី៥នាក់ និងជនជាតិនីហ្សេរីយ៉ាម្នាក់ ដែលបានលួចស្នាក់នៅ ប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។
ក្រោយការឃាត់ខ្លួន ក្រុមប្រតិបត្តិការបានបញ្ជូនជនបរទេសទាំងនេះ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងសាកសួរតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង