ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់បានរងរបួសដាច់ជើងទាំងពីរក្នុង ហេតុការណ៍ គ្រោះថ្នាក់ចរាចរ

52

រលាប្អៀរ: បុរសម្នាក់បានរងរបួសដាច់ជើងទាំងពីរក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ បង្កឡើងរវាងរថយន្តធន់ធំ និងម៉ូតូសណ្ដោងរ៉ឺម៉ក នៅវេលាម៉ោង១ និង ៣៥នាទីរសៀលថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១៩ ។

ហេតុការណ៍នេះកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៥ត្រង់ចំណុចស្ពានជ្រៃបាក់ ស្ថិតក្នុងភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

នគរបាលស្រុករលារប្អៀរ បានអោយដឹងថា ករណីគ្រោះថ្នាក់ខាងលើនេះ បណ្តាលឲ្យមានមនុស្សពីរនាក់ ប្ដីប្រពន្ធរងរបួសធ្ងន់ និងស្រាល។ ក្នុងនោះជនរង គ្រោះជាប្តីមាន ឈ្មោះ យល់ ប៉ាលី អាយុ៣២ឆ្នាំ រងរបួស ធ្ងន់ដោយដាច់ជើងទាំងសងខាង ដោយជើងខាងឆ្វេង បាន ដាច់នៅនឹងកន្លែងកើតហេតុ រីឯជើងម្ខាងទៀតនៅជាប់តែស្បែកបន្តិចតែប៉ុណ្ណោះ ឯស្ត្រីជាប្រពន្ធ មានឈ្មោះវ៉ា ជីលី អាយុ២៥ឆ្នាំ រងរបួសស្រាលជនរង គ្រោះទាំងពីរនាក់ត្រូវបានសមត្ថកិច្ចដឹកយកទៅធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បន្ទាប់ពីកើតហេតុភ្លាមៗដែរ រីឯអ្នកបើកបររថយន្តក្រោយកើតហេតុបានគេចខ្លួនបាត់ស្រមោល ។

ស្ត្រីជាប្រពន្ធ បានឱ្យសមត្ថកិច្ចដឹងថា ពីរនាក់ប្ដីប្រពន្ធខាងលើនេះមានទីលំនៅក្នុងភូមិត្រពាំងក្រឡោង ឃុំលំពង់ស្រុកបាទីខេត្តតាកែវប្រកបមុខរបរដឹកគ្រឿងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ដូចជាអំបោសបោសផ្ទះ កន្ទេល គ្រឿងជ័រ ពូក អង្រឹង ដឹកលក់តាមបណ្ដាខេត្តឆ្ងាយៗ។

ពួកគាត់បានដឹកសម្ភារៈទាំងនេះមកលក់អស់រយៈពេលជិត1ខែមកហើយ ទើបតែលក់អស់នៅថ្ងៃនេះ ពួកគាត់ក៏បាននាំគ្នាត្រឡប់ទៅផ្ទះវិញព្រោះបែកពីផ្ទះចោលកូន ចោលចៅយូរថ្ងៃហើយ មិននឹកស្មានថាមកជួបគ្រោះថ្នាក់បែបនេះទៅវិញនោះទេជនរងគ្រោះជាប្តីមក ដល់ពេលនេះ កំពុងស្ថិតនៅក្នុងការសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងនៅឡើយ៕

អត្ថបទដែលជាប់ទាក់ទង