រកឃើញបំណែកយន្តហោះយោធាឈីលី ដែលបាត់ខ្លួនកាលពីថ្ងៃចន្ទ
មន្រ្តីរបស់ប្រទេសឈីលីបាននិយាយថា ពួកគេបានរកឃើញបំណែកយន្តហោះ ដែលពួកគេជឿជាក់ថា ជាបំណែករបស់យន្តហោះយោធាមួយគ្រឿង ដែលបានបាត់ខ្លួនកាលពីថ្ងៃចន្ទកន្លងទៅនេះ។
ពួកគេនិយាយថា បំណែកនោះបានអណ្តែតនៅលើទឹកសមុទ្រចំងាយ ៣០គីឡូម៉ែត្រ ពីកន្លែងដែលយន្តហោះដឹកទំនិញយោធា បាត់ការទាក់ទងដំបូង។
មុនពេលបាត់ខ្លួន យន្តហោះយោធានោះបានដឹកមនុស្សចំនួន ៣៨នាក់ និងបានធ្វើដំណើរចេញពីទីក្រុង Punta Arena ឆ្ពោះទៅកាន់មូលដ្ឋានទ័ពស្ថិតនៅតំបន់អង់តាទិច។
អ្នកដែលនៅលើយន្តហោះរួមមាន បុគ្គលិកចំនួន ១៧នាក់ និងអ្នកដំណើរចំនួន ២១នាក់។
កងកម្លាំងដែនអាកាសរបស់ប្រទេសឈីលី បានបញ្ចេញផែនទីផ្លូវ នៃការហោះហើររបស់យន្តហោះបាត់ខ្លួននោះ ហើយពេលវេលាបង្ហាញថា យន្តហោះនោះនឹងអាចធ្វើដំណើរទៅដល់មូលដ្ឋានទ័ព Presidente Eduardo Frei Montalva នៅម៉ោង ៧ និង ១៩នាទី។
ប្រតិបត្តិការស្វែងរកទ្រង់ទ្រាយធំបានធ្វើឡើង ចាប់តាំងពីមានការបាត់ខ្លួនរបស់យន្តហោះយោធាប្រភេទ C-130 Hercule នេះមក។
អាហ្សង់ទីន ប្រេស៊ីល អង់គ្លេស និងអ៊ុយរ៉ាហ្គាយ បានបញ្ជូនយន្តហោះរបស់ពួកគេ ទៅជួយក្នុងប្រតិបត្តិការស្វែងរកនៅតំបន់ទឹកកក ខណៈដែលអាមេរិច និងអ៊ីស្រាលអ៊ែល បានជួយតាមរយៈការផ្តល់រូបភាពផ្កាយរណប៕