ដាក់របាយការណ៍ជូនសម្តេចតេជោ អំពីសកម្មភាព របស់លោកផ្កាយ២ ទុន ដៀតចាក់ដី ចូលដែនសមុទ្រនៅខេត្តកោះកុង
ភ្នំពេញ៖ លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ បានសរសេរសារលើហ្វេសបុកថា “ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិឲ្យបានជ្រាបថា៖ នៅព្រឹកនេះ គឺ រូបខ្ញុំ
បានដាក់របាយការណ៍ផ្លូវការជូនទៅសម្តេចតេជោ រួចរាល់ហើយ អំពីសកម្មភាព របស់លោកផ្កាយ០២ ទុន ដៀត
ដែលបានធ្វើសកម្មភាពចាក់ដី ដើម្បីយកដែនសមុទ្រនៅខេត្តកោះកុង….”។
លោកពេជ្រ ស្រស់ បានបន្ថែមថា កិច្ចការរបស់ខ្ញុំ គឺខ្ញុំបានធ្វើអស់ហើយនៅឡើយ រង់ចាំចំណាត់ការរបស់រដ្ឋាភិបាលតែប៉ុណ្ណោះ…។
លោក ឧត្តមសេនីយ៍ទោ ទុន ដៀត អាចនឹងជ្រុះផ្កាយចេញពីស្មា នេះបើយោងទៅតាមប្រសាសន៍របស់ សម្តេចតេជោ ក្នុង
ពិធីបុណ្យសមុទ្រខេត្តកំពត ឆ្នាំ២០១៩។
សូមបញ្ជាក់ផងដែរថា លោក ផ្កាយ ០២ទុន ដៀត បានធ្វើការចាក់ដីលុបសមុទ្រនៅ ភូមិស្មាច់ងាម សង្កាត់ស្មាច់មានជ័យ
ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ខ្ញុំ សុំអបអរសមុទ្រទិសខេត្តកោះកុងដែលជិតបានរំដោះមកវិញហើយនិង
សូមអរគុណសម្តេចតេជោផងដែរ ។
ក្នុងឱកាសចូលរួម បើកសម្ពោធបុណ្យសមុទ្រ លើកទី៨ ជុំទី២ នារាត្រីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ សម្តេចតេជោ បានថ្លែងថា សម្តេចបានទទួលព័ត៌មានថា មានបុគ្គលម្នាក់ ជានាទាហាន បានចាក់ដីលុបសមុទ្រ នៅខេត្តកោះកុង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបាន បញ្ជាឲ្យលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ព្រមទាំង អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង ពិនិត្យករណី មាននាយទាហានម្នាក់ ល្មើសច្បាប់ហ៊ានចាក់ដី លុបសមុទ្រ នៅខេត្តកោះកុង នាពេលថ្មីៗនេះ។
សម្តេចតេជោបន្តថា “ខ្ញុំស្នើឲ្យឯកឧត្តមជា សុផារ៉ា ក៏ដូចជាអភិបាលខេត្តកោះកុង ពិនិត្យជាបន្ទាន់ តើវាមានពិតទេ ហាក់ដូចជាមាន នាទាហានផងដែរ ដែលចូលរួមសកម្មភាពទាំងនេះ។ ប្រសិនបើមានករណីនេះ ខ្ញុំមិនអនុញ្ញាត ឲ្យពួកគេស្ថិតនៅជានាទាហានកម្ពុជា តទៅទៀតទេ។ បើទុកយ៉ាងដូច្នេះ ពួកគេនឹងក្លាយទៅជា អ្នកកសាងរដ្ឋ នៅក្នុងរដ្ឋហើយ មិនអាចអនុញ្ញាតឲ្យមានទេ”។
សម្តេច បញ្ជាក់ថា ក៏មានករណីខ្លះ ឲ្យលុបដែរ ដូចជា ការកសាងកំពង់ផែ ចាក់ថ្មដើម្បីរាំងទឹករលក សម្រាប់តំបន់ទេសចរណ៍ដែរ។
ទាំងនេះមិនមែនជាការ ធ្វើដោយបំពាននោះទេ ។ ដូច្នេះកុំបំផ្លាញបេតិកភណ្ឌ តំបន់ឆ្នេរ និងព្រៃប្រឹក្សា ដើម្បីគ្រាន់តែយកមក បំពេញតម្រូវការ ក្នុងរយៈពេលខ្លី ដោយត្រូវរក្សាទុក នូវអ្វីដែលមានទាំងនេះ ដោយបំពេញបន្ថែម ក្នុងការដាំដើមឈើ។
ប្រធានគណបក្សយុវជនកម្ពុជា បានបន្ថែមទៀតថា ខេត្តកោះកុង ក្រោយពីរូបខ្ញុំដាក់របាយការណ៍ទៅរដ្ឋាភិបាលជុំវិញផ្កាយ២ ទុន ដៀត
ចាក់ដីលុបសមុទ្រ ដែលខ្ញុំមានទាំងភស្តុតាងគ្រប់គ្រាន់ ហើយបើសិនជារដ្ឋាភិបាលមិនមានចំណាត់ការដើម្បីដណ្តើមដែនសមុទ្រពីលោកផ្កាយ២ទុន ដៀត មកធ្វើជាសម្បត្តិរដ្ឋវិញទេ
គឺខ្ញុំនឹងសម្រេចចិត្តចុងក្រោយគួរតែបន្ត ឬចាក់ចេញពី ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ អ្វីដែលខ្ញុំនិយាយគឺខ្ញុំនឹងធ្វើ។
សូមបញ្ជាក់ថា អំណាចផ្កាយ ០២ គឺ ពិតជាធំជាងអំណាចព្រះច័ន្ទទៅទៀត ធំហួស…ដែនសមុទ្រទិសខេត្តកោះកុងអ្នកធំផ្កាយ ២ គឺលោក ទុន ដៀត ថាការបោះបង្គោលក្នុងដែនទឹកសមុទ្រ គឺដើម្បីដាក់សំណាញ់រាំងសំរាម។ តើរាំងសំរាមឬវាតទីយកដែនសមុទ្រ?
ក្រោយពីខ្ញុំបានចុះទៅសិក្សាដល់ទីតាំងផ្ទាល់ គឺ ខ្ញុំបានមើលឃើញថាផ្កាយ២ ទុន ដៀត ពិតជាបានចាក់ដីទន្រ្ទានយកដែនសមុទ្រពិតមែន
ដោយបុគ្គល ទុន ដៀត នេះ បានបោះបង្គោលធ្វើជាតម្រុយក្នុងការចាក់ដីវាតទីយកដែនសមុទ្រមានទំហំតាមតម្រុយជាក់ស្តែង គឺជិត
២ហិកតាចូលក្នុងដែនសមុទ្រ…។
បើយោងតាមព័ត៌មានផ្លូវការមួយពីលោកចៅសង្កាត់រង គឺថាលោកផ្កាយ២ ទុន ដៀត បានធ្វើសហគ្រាសនៅលើដីរដ្ឋថែមទៀតផង
ដោយដីធ្វើអាជីវកម្មសហគ្រាសរបស់បុគ្គលនេះ គឺមានអនុក្រឹត្យលេខ ៨០ កំណត់ជាដីរបស់រដ្ឋដោយមិនទាន់កាត់ចេញទៅជា
ដីកម្មសិទ្ធិរបស់ឯកជននោះទេ។
អំពើរបស់ផ្កាយ២ ទុន ដៀត នេះគឺជាអំពើលួចដីរដ្ឋ និងកេងប្រវ័ញ្ចទ្រព្យសម្បត្តិរដ្ឋដែលជាទោសក្បត់ជាតិ នេះបើយោងតាមច្បាប់កម្ពុជា
នៃយើងបានចែងនៅក្នុងបទល្មើសក្បត់ជាតិ ដូច្នេះរដ្ឋាភិបាលគឺត្រូវតែបើកការស៊ើបអង្កេតលើបុគ្គលនេះ(ទុន ដៀត) ដើម្បីដាក់ទោសលើ
បុគ្គលណាដែលរំលោភយកដីរដ្ឋ ក្នុងគោលបំណងគោរពនីតិរដ្ឋនៃប្រទេសកម្ពុជាយើង និង ការពារទ្រព្យសម្បត្តិជាតិយើងផងដែរ។
ចំពោះករណីនេះ គឺខ្ញុំនឹងបន្តការស្រាវជ្រាវបន្ថែមទៀតដើម្បីជំរុញរដ្ឋាភិបាលអនុវត្តន៍ច្បាប់ឲ្យបានតឹងរឹងលើបុគ្គលមានអំណាច ៕