បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅខណ្ឌ៧មករា
ភ្នំពេញ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ បើក
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣
នៅខណ្ឌ៧មករា ថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០១៩ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។ ព្រឹត្តិការណ៍នេះ ធ្វើឡើងក្រោមអធិបតីភាពលោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ និងលោកងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខណ្ឌខណ្ឌ 7 មករា និងសមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញ អស់លោក លោកស្រី គណៈអភិបាលខណ្ឌ សមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ អស់លោក លោកស្រី ប្រជាពលរដ្ឋ សង្គមស៊ីវិល និងវិស័យឯកជនទាំងអស់។
សុន្ទរកថាបើករបស់លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងថា ការប្រារព្ធឡើងនូវវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី
នាពេលនេះ គឺជាការអនុវត្តតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្តក្រុងស្រុក ខណ្ឌ
និងអនុក្រឹត្យលេខ២១៥ អនក្រ.បក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីតួនាទីភារកិច្ច និងទំនាក់ទំនងការងាររបស់ក្រុមប្រឹក្សាគណៈអភិបាលរាជធានីភ្នំពេញក្រុមប្រឹក្សា គណៈអភិបាលខណ្ឌនៃរាជធានីភ្នំពេញ ដែលតម្រូវឱ្យក្រុមប្រឹក្សារាជធានីភ្នំពេញ
ត្រូវរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមខណ្ឌនានាក្នុងអំឡុងត្រីមាសទី៤
នៃឆ្នាំនីមួយៗ និងក្រុមប្រឹក្សាខណ្ឌ ត្រូវរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅ
តាមសង្កាត់នានាក្នុងអំឡុងខែមិថុនា រៀងរាល់ឆ្នាំ ជាក់ស្តែង នៅឆ្នាំ២០១៩នេះ ក្រុមប្រឹក្សាខណ្ឌ គ្រប់ខណ្ឌបានអនុវត្តរួចហើយ។
សូមជម្រាបជូនថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី
នាថ្ងៃនេះ នឹងផ្តល់ជូនដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមក្នុងដំណើរការអភិបាលកិច្ចល្អ និង
ជាឧបករណ៍មួយសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព ក្នុងដំណើរការពិនិត្យ
មើលលើការផ្តល់សេវាសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងគោលបំណងដើម្បីធានាថា៖
១-រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យដោះស្រាយនិងឆ្លើយតប
២-គ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋាន ត្រូវបានរួមបញ្ចូលបរិយាប័ននៅក្នុងដំណើរការ
នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
ម្យ៉ាងទៀត ក្រុមប្រឹក្សារាជធានីភ្នំពេញ មានគោលបំណងជំរុញនូវប្បធម៌ នៃការពិភាក្សា
និងលើកកម្ពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ ដោយការរៀបចំវេទិកាផ្សព្វផ្សាយ
និងពិគ្រោះយោបល់នៅរៀងរាល់ត្រីមាសទី៤ នៃឆ្នាំនីមួយៗ ហើយក្នុងឱកាសនោះ ក្រុមប្រឹក្សារាជធានីភ្នំពេញ នឹងធ្វើការ៖
-ផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋនូវសមិទ្ធផល ដែលក្រុមប្រឹក្សាសម្រេចបានកន្លងមកមនិងបញ្ហាប្រឈមនានា
-ផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ អំពីអាទិភាព នៃការងារអភិវឌ្ឍរបស់ក្រុមប្រឹក្សាសម្រាប់ឆ្នាំខាងមុខ
-ផ្តល់ឱកាសជូនប្រជាពលរដ្ឋ ដើម្បីពិភាក្សា លើរបាយការណ៍របស់ក្រុមប្រឹក្សា
-ទទួលយកអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតប។
ឆ្លៀតក្នុងឱកាសនេះ លោកប្រធានក្រុមប្រឹក្សា ក៏សូមជម្រាបរាយការណ៍ជូនអស់លោក លោកស្រី បងប្អូន
ប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា រាល់សំណើ សំណូមពរ ដែលបងប្អូនបានដាក់ជូនក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៨កន្លងមក គឺក្រុមប្រឹក្សាបានចាត់ឱ្យគណៈអភិបាល
ធ្វើការដោះស្រាយជាបន្តបន្ទាប់ និងសំណូមពរមួយចំនួន ដែលពាក់ព័ន្ធនឹងថវិកាអភិវឌ្ឍរបស់រាជធានី ខណ្ឌនោះ ក្រុមប្រឹក្សារាជធានីបានចាត់ឱ្យមន្ទីរ
-អង្គភាពជំនាញពាក់ព័ន្ធដាក់បញ្ចូលទៅក្នុងគម្រោង កម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលរាជធានី ខណ្ឌ សង្កាត់
ហើយ នឹងបានធ្វើការដោះស្រាយ ជូនជាបន្តបន្ទាប់តាមគម្រោងទាំងនោះ។
លោកបន្តថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាថ្ងៃនេះ គឺជាការផ្តល់ឱកាសជូនប្រជា
ពលរដ្ឋបានប្រាស្រ័យទាក់ទងគ្នា ទៅវិញទៅមករវាងរដ្ឋបាលរាជធានី ជាមួយរដ្ឋបាលខណ្ឌ
រដ្ឋបាលសង្កាត់ ប្រជាពលរដ្ឋ តំណាងសង្គមស៊ីវិល និងវិស័យឯកជន ក្រុមប្រឹក្សាប្រភេទ
ផ្សេងៗគ្នា ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ និងផ្តល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍន៍
រាជធានីភ្នំពេញប្រកបដោយចីរភាព តម្លាភាព និងប្រសិទ្ធភាព។
ដូច្នេះ វត្តមានរបស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាឱកាសនេះ គឺមានសារសំខាន់បំផុត ដែលអាចលើកឡើងនូវមតិយោបល់ សំណើ សំណូមពរ និងអនុសាសន៍ សម្រាប់កែលម្អដល់ ការអភិវឌ្ឍន៍មូលដ្ឋាន នៃរាជធានីភ្នំពេញនេះឲ្យបានផុលផុស ព្រោះ
យើងទាំងអស់គ្នាចង់បាននូវការផ្តល់សេវាសាធារណៈ ពីរដ្ឋបាលរាជធានី រដ្ឋបាលខណ្ឌ
និងរដ្ឋបាលសង្កាត់ឲ្យបានកាន់តែល្អប្រសើរ និងឆាប់រហ័សជាងមុន៕