ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យចំនួន ០២នាក់ បញ្ជូនទៅសាលាដំបូងខេត្ត ករណីខ្ចីម៉ូតូគេដាក់បញ្ចាំយកប្រាក់លេងល្បែង

143

 

បន្ទាយមានជ័យ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត(ខ្ចីម៉ូតូដាក់បញ្ចាំយកប្រាក់លេងល្បែង) ។ កាលពីថ្ងៃទី២៥ខែធ្នូ ជនសង្ស័យត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត។

សូមបញ្ជាក់ថា ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១៥ និង ០០នាទី នៅចំណុចកាស៊ីណូពូលី ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាបករណី
រំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូដាក់បញ្ចាំយកប្រាក់លេងល្បែង) និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន ០២នាក់ ។
ក្រោយពីធ្វើការឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីធ្វើការសាកសួរ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា ៖ យោងពាក្យបណ្តឹងរបស់ភាគីជនរងគ្រោះ កាលពីថ្ងៃទី២២ ខែ ធ្នូ ឆ្នាំ២០១៩
និងដោយអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត
លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវ រកមុខសញ្ញាជនសង្ស័យ រហូតឃាត់ខ្លួនបានចំនួន ០២នាក់ ។
ក្រោយពីសមត្ថកិច្ចជំនាញក្រុង ធ្វើការសាកសួររួច បានកសាងសំណុំរឿងបញ្ជូន មកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត
ដើម្បីចាត់ការបន្ត ។
ក្រោយពីបញ្ចប់ការស៊ើបអង្កេត តាមការបំភ្លឺរបស់ជនរងគ្រោះ និងតាមចម្លើយសារភាពរបស់ជនសង្ស័យ
ឃើញមានភាពស៊ីសង្វាក់គ្នា បង្ហាញពីតម្រុយនៃបទល្មើសយ៉ាងជាក់លាក់ ដូច្នេះជនសង្ស័យត្រូវបានចោទប្រកាន់ពីបទ
រំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូដាក់បញ្ចាំយកប្រាក់លេងល្បែង) ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត
កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង