គ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៨២-៨៣ ក្រឡាប់រថយន្តកុងតឺន័រ តែគ្មានមនុស្សគ្រោះថ្នាក់
កំពង់ស្ពឺ៖ កាលពីវេលាម៉ោង ៩និង០២នាទីព្រឹកថៃ្ងទី២៧ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៨២-៨៣ ត្រង់ចំណុចភូមិទីមួយ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បង្កឡើងដោយរថយន្ត០១គ្រឿងបុកគ្នាជាមួយរថយន្តកុងតឺន័រ បណ្តាលឲ្យក្រឡាប់កណ្តាលថ្នល់បង្កការកកស្ទះចរាចរណ៍ ប៉ុន្តែករណីមិនបង្កឲ្យមនុស្សរងគ្រោះថ្នាក់នោះទេ។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្ត០១គ្រឿងហ្វ្រីលែនណែ (freightliner) ពណ៌បៃតងចាស់ ពាក់ផ្លាកលេខ ព្រះសីហនុ 3A-2565 សឺមីសណ្តោងរ៉ឺម៉កលេខ ព្រះសីហនុ 4A-0996 អ្នកបើកបរឈ្មោះឈូក ស្រាយ ភេទប្រុស អាយុ29 ឆ្នាំនៅភូមិកោះក្លូត ឃុំកំពង់ត្រាចខាងកើតស្រុកកំពង់ត្រាច ខេត្តកំពត ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចខាងលើ បានបុកជាមួយរថយន្តមួយគ្រឿងម៉ាក នីសាន់ ឌីស៊ែល ប្រភេទបែនដឹកដី គ្មានផ្លាកលេខ ពណ៌ខៀវ អ្នកបើកបរ ឈ្មោះ ខា ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិស្គុះ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រថយន្តបានមកចាក់ដីរួចបើកឆ្លងឡើងមកលើផ្លូវជាតិ ពីត្បូងទៅជើង ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្តាលឲ្យរថយន្តម៉ាក ហ្វ្រីលែនណែក្រឡាប់នៅលើទ្រូងផ្លូវ រងការខូចខាតធ្ងន់ ដាច់ទូកុងតឺន័រមកលើថ្នល់ជាតិ ចំណែករថយន្តម៉ាកនីសាន់ ដឹកដី រងការខូចខាតស្រាល ពេលបុករួចអ្នកបើកបររថយន្តម៉ាកនីសាន់ បានរត់គេចខ្លួនបាត់។
តាមសេចក្ដីរាយការណ៍ពី លោកវរសេនីយ៍ទោ ពៅ នឿន អធិការរង ជំនាញចរាចរណ៍ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើ មិនបណ្ដាលឲ្យគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្សទេ ប៉ុន្ដែកម្លាំងនគរបាលចរាចរណ៍កំពុងតែសម្របសម្រួលចរាចរណ៍ សូមជូនជាព័ត៌មានបឋមដល់សាធារណជន អ្នកធ្វើដំណើរឆ្លងកាត់ ភូមិសាស្ត្រខេត្តកំពង់ស្ពឺ មេត្តាជូនជ្រាបនិងមេត្ដាបន្ថយល្បឿននៅកន្លែងកើតហេតុ ៕