ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញចាប់ផ្តើមស្ថាបនា ស្ពានអាកាសថ្មើរជើងនៅមុខផ្សារដើមគរនិងនៅមុខសាសាបឋមសិក្សាសន្ធរម៉ុកជាផ្លូវការហើយ

85

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ធ្នូនេះបានរៀបចំពិធីក្រុងពាលីទៅតាមទំនៀមទំលាប់ តាមបែបសាសនា បញ្ចុះបឋមសិលាសាងសង់ស្ពានអាកាសថ្មើរជើងនៅមុខផ្សារដើមគរនិងនៅមុខសាសាបឋមសិក្សាសន្ធរម៉ុក ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោកឃួងស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស្រី នៅចំណុចស្តុបសន្ធម៉ុក សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក

   ពិធីក្រុងពាលី ធ្វើឡើងដើម្បីសុំម្ចាស់ទឹកម្ចាស់ដីក្នុងការបើកការដ្ឋានសាងសង់ ស្ពានអាកាសថ្មើរជើងនៅមុខផ្សារដើមគរនិងនៅមុខសាសាបឋមសិក្សាសន្ធរម៉ុក សុំឲ្យមានសេចក្តីសុខ និងសុវត្ថិភាពកុំឲ្យមានបញ្ហាអ្វីកើតឡើង។

   បើតាមផែនការ ស្ពានអាកាសថ្មើរជើងនៅតំបន់ ផ្សារដើមគរនិងនៅមុខសាលាបឋមសិក្សាសន្ធរម៉ុកនេះ នឹងប្រើប្រាស់រយៈពេល៦ខែដើម្បីស្ថាបនាអោយបានរួចរាល់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងសិស្សានុសិស្សបានឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព មិនប្រឈមទៅនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ណាមួយកើតឡើងជាយថាហេតុ។

   គម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅតំបន់មុខផ្សារដើមគរ ត្រូវសាងសង់ឡើងកាត់ទទឹងផ្លូវម៉ៅសេទុងខាងលិចជាប់នឹងផ្សារដើមគរ ចំណែកគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុកវិញ ត្រូវសាង់សង់នៅលើចំនុចផ្លូវប្រសព្វទាំង៤ទិសតែម្តង ពោលគឺត្រូវសាងសង់កាត់ទទឹងផ្លូវម៉ៅសេទុង២ខ្សែនិងកាត់ទទឹងផ្លូវកម្ពុជាក្រោម២ខ្សែ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សបានឆ្លងកាត់ផ្លូវនេះ ដោយសុវត្ថិភាព ទោះពួកគេមកពីទិសខាងណាក៏ដោយ។

លោកអភិបាលរាជធានីភ្នំពេញធ្លាប់បានអៈអាងហើយថា គម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងទំាង២ទីតាំងនេះ នឹងស្ថាបនាឡើងអោយមានគុណភាពខ្ពស់ ដែលអាចប្រើប្រាស់បានរហូតដល់៥០ឆ្នាំឡើងទៅ ជាមួយនិងការរចនាជណ្តើរឡើងឲ្យមានភាពងាយស្រួលឡើងចុះទំាងកុមារនិងមនុស្សចាស់ ដែលអាចធ្វើដំណើរឆ្លងកាត់បានដោយភាពងាយស្រួល។

  គួរបញ្ជាក់ថា មកដល់ពេលនេះរាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើងចំនួន៣កន្លែងហើយ ក្នុងនោះរួមមាន នៅតំបន់ជម្ពូវ័ន្តខណ្ឌពោធិសែនជ័យមានចំនួន២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីង មានចំនួន១កន្លែង ហើយបើតាមគម្រោងរដ្ឋបាលរាជធានីភ្នំពេញនិងពង្រីកគម្រោងស្ថាបនានេះឲ្យបាន ច្រើន កន្លែងបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងប្រទេសជាតិមានការអភិវឌ្ឍនិងទីក្រុងមានភាព ស៊ីវិល័យ និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព៕

អត្ថបទដែលជាប់ទាក់ទង