ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជានិងអាមេរិក បានប្តេជ្ញារួមគ្នា បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងផែនការ ជាមួយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ

51

 

ភ្នំពេញ៖ សមភាគីទាំងពីរ(កម្ពុជានិងអាមេរិក) បានប្តេជ្ញារួមគ្នា បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងផែនការ ជាមួយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) រួមនឹងដៃគូអភិវឌ្ឍន៍មួយចំនួនទៀតរួមមាន UNFPA, UNICEF ផងដែរ ជាពិសេសលោកកិត្តិសេដ្ឋាបណ្ឌិត បានស្នើដល់សហរដ្ឋអាមេរិក ជួយផ្តល់នូវកិច្ចសហប្រតិបត្តិការ ពង្រឹង និងកសាងសមត្ថភាពធនធានមនុស្សរបស់កម្ពុជា។

នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២០នេះ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានទទួលជួបលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដើម្បីជួបសម្តែងការគួរសម និងពិភាក្សាការងារ ។

ក្នុងជំនួបការសម្តែងការគួរសម និងពិភាក្សាការងារនេះដែរ លោក ឆាយ ថន បានថ្លែងនូវអំណរអរគុណចំពោះប្រជាជន និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានជួយផ្តល់ជំនួយ និងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននូវសមិទ្ធិផលធំៗជាច្រើន មានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរង្វង់៧%ក្នុងមួយឆ្នាំៗ ជាពិសេសបានជួយគាំទ្រដល់ក្រសួងផែនការ តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) រួមនឹងដៃគូអភិវឌ្ឍន៍មួយចំនួនទៀត មានដូចជា UNFPA, UNICEF គាំទ្រលើការអង្កេតប្រជាសាស្ត្រ និងសុខភាព(CDHS) ដែលមានចាប់តាំងពីឆ្នាំ២០០០មកម្ល៉េះ និង អង្កេតចន្លោះជំរឿនកសិកម្ម ឆ្នាំ២០១៩ ហើយតាមរយៈអង្គការUNDP ក៏បានជួយដល់ក្រសួងផែនការ ក្នុងការរៀបចំក្របខ័ណ្ឌ គោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា(CSDGs) ២០១៩-២០៣០ ក៏ដូចជាផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ(NSDP) ២០១៩-២០២៣ ព្រមទាំងកិច្ចសហប្រតិបត្តិការដទៃផ្សេងទៀតផងដែរ។

លោក W. Patrick Murphy បានមានប្រសាសន៍ថា សូមសម្តែងនូវការចូលរួមសម្តែងនូវសមានទុក្ខ និងសោកស្តាយជាទីបំផុតជាមួយប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះហេតុការណ៍បាក់រលំអគារនាពេលថ្មីៗនេះនៅខេត្តកែប។ លោកបានបន្តថា លោកបានតាមដានយ៉ាងយកចិត្តទុកដាក់តាមរយៈព័ត៌មានថ្មីៗ ហើយលោកបានដឹងថា នាពេលខាងមុខនេះ ប្រជាជនកម្ពុជានឹងរៀបចំពិធីអបអរសាទរទិវាជ័យជម្នះ៧មករា និងបានមើលឃើញពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍរបស់កម្ពុជា ព្រមទាំងការប្តេជ្ញាចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចឱ្យបានក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា(CSDGs) ២០១៩-២០៣០ លោកសូមសម្តែងនូវការសប្បាយរីករាយ លោកសូមគាំទ្រ និងបន្តធ្វើការយ៉ាងជិតស្និទ្ធក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងជំនួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលមានការតាំងចិត្ត ប្តេជ្ញាចិត្តខ្ពស់ក្នុងការសម្រេចឱ្យបានក្របខ័ណ្ឌ គោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា(CSDG) មានកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។

លោក W. Patrick Murphy បានបន្ថែមថា ក្នុងជំនួបជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី យើងបានមើលឃើញពីបញ្ហាប្រឈមនានា ដែលសហរដ្ឋអាមេរិកពិបាកក្នុងការជួយ ប៉ុន្តែយើង(សហរដ្ឋអាមេរិក និងកម្ពុជា) នឹងរួមគ្នាដោះស្រាយលើបញ្ហាប្រឈមទាំងនោះជាមួយគ្នាឱ្យបាន។ សហរដ្ឋអាមេរិក បានផ្តល់ជំនួយប្រមាណ១០០លានដុល្លារ ក្នុងមួយឆ្នាំៗ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលជាកិច្ចសហប្រតិបត្តិការរឹងមាំ តាមរយៈកម្មវិធីអភិវឌ្ឍន៍នានា ហើយដែលនឹងត្រូវបានអនុវម័ត និងចុះ MOU ជាមួយគ្នា ហើយយើងក៏មានវិស័យឯកជន សម្រាប់ជួយដល់កម្ពុជាផងដែរ។
ក្នុងជំនួបនេះ លោក W. Patrick Murphy ក៏បានមានចម្ងល់ពាក់ព័ន្ធនឹងការងារជំរឿនទូទៅប្រជាជន នៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ តើមានដំណើរការដល់ណា? និងពាក់ព័ន្ធនឹងការអនុវត្ត ការតាមដាន ត្រួតពិនិត្យ វាយតម្លៃនៃការអនុវត្តក្របខណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា(CSDG) ឆ្នាំ២០១៩-២០៣០ តើក្រសួងផែនការ មានតម្រូវការលើអ្វីខ្លះពីសហរដ្ឋអាមេរិកតាមរយៈអង្គការUNDP?

ជាការឆ្លើយតប លោកកិត្តិសេដ្ឋាបណ្ឌិត បានមានប្រសាសន៍ថា ការងារជំរឿនទូទៅប្រជាជន នៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ យើងបានដំណើរការជិតសព្វគ្រប់ហើយ ដោយយើងបានធ្វើការប្រកាសផ្សព្វផ្សាយលទ្ធផលបណ្តោះអាសន្នកាលពីខែសីហា ឆ្នាំ២០១៩ ហើយនឹងគ្រោងប្រកាសលទ្ធផលជាផ្លូវការនាខែកក្កដា ឆ្នាំ២០២០នេះ ហើយសម្រាប់ការអនុវត្ត ការតាមដាន ត្រួតពិនិត្យ វាយតម្លៃនៃការអនុវត្តក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា(CSDGs) ឆ្នាំ២០១៩-២០៣០ លោកកិត្តិសេដ្ឋាបណ្ឌិត មានការត្រេកអរ និងស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការជាមួយ UNDP ដែលតាមរយៈកិច្ចសហប្រតិបត្តិការនេះ កម្ពុជាសម្រេចបាននូវរបាយការណ៍ត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្តឆ្នាំ២០១៩ ដែលបានបង្ហាញនូវវេទិកានយោបាយកម្រិតខ្ពស់ របស់អង្គការសហប្រជាជាតិ កាលខែកក្កដា ឆ្នាំ២០១៩ ជាមួយគ្នានេះ លោកកិត្តិសេដ្ឋាបណ្ឌិត បានស្នើដល់សហរដ្ឋអាមេរិក ជួយផ្តល់នូវកិច្ចសហប្រតិបត្តិការ ពង្រឹង និងកសាងសមត្ថភាពធនធានមនុស្សរបស់កម្ពុជាផងដែរ។

ជាកិច្ចបញ្ចប់ សមភាគីទាំងពីរ បានប្តេជ្ញារួមគ្នា បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងផែនការ ជាមួយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) រួមនឹងដៃគូអភិវឌ្ឍន៍មួយចំនួនទៀតរួមមាន UNFPA, UNICEF ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង