អ្នកដំណើរព្រឺឆ្អឹងខ្នង ពេលធ្វើដំណើរតាមផ្លូវជាតិលេខ១ ទាំងយប់ថ្ងៃ ដោយសាររថយន្តកុងតឺន័រ បើកលឿនដូចហោះ
ភ្នំពេញ: រថយន្តកុងតឺន័រមួយគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតទៅបុករះ បណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ស្រាល និងរងការខូចខាតយ៉ាងដំណំ។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅមុខវត្តច្បារអំពៅ លើកំណាត់ផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ កាលពីម៉ោងជាង១១យប់ថ្ងៃទី១៣ខែមករាឆ្នាំ២០២០នេះ។
សាក្សីនៅកន្លែងកើតហេតុ និយាយថា រថយន្តកុងតឺន័រមួយគ្រឿងពណ៌ទឹកសមុទ្រ ពាក់ផ្លាកលេខ ភ្នំពេញ 3C 0218(ក្បាល) និង ភ្នំពេញ 4A 215 (កន្ទុយ) បើកបរមានគ្នា២នាក់(តៃកុងនិងព្រូឡាន) ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ដូចហោះ លុះមកដល់ចំណុចកើតហេតុ ទល់មុខវត្តច្បារអំពៅ បានរេចង្កូតទៅបុកម៉ូតូម៉ាកហុងដា PCX ពណ៌ខ្មៅផ្លាលេខ ភ្នំពេញ 1HQ 9699 ជិះដោយបុរសម្នាក់បម្រុងចុះទិញមីឆា បណ្ដាលឲ្យរងរបួសស្រាល រួចជ្រុលទៅបុកម៉ូតូ Passapp មួយគ្រឿងទៀត បណ្ដាលឲ្យម្ចាស់ Passapp របួសធ្ងន់ រួមទាំងបង្គោលផ្លាកសញ្ញា(ស្តុប) មួយដើម បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។
ក្នុងហេតុការណ៍នេះ តៃកុងរថយន្តត្រូវសមត្ថកិច្ចឃាត់បាន យកទៅប៉ុស្តិ៍ ដើម្បីសួរនាំ ឯព្រូឡានរត់គេចខ្លួនបាត់។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើការវាស់វែង យករថយន្តនិងម៉ូតូរួមទាំង passapp យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយ៕
