ដ្រូនមួយគ្រឿង ធ្លាក់នៅកោះកុង តម្លៃជាង១០០០លានរៀល ដោះបំបែកតួខ្លួនចេញយកមកស្រាវជ្រាវ
កោះកុង ៖ ដ្រូនមួយគ្រឿង ដែលធ្លាក់នៅចំណុចភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ហើយត្រូវបានប្រជាពលរដ្ឋប្រទះឃើញកាលពីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នោះ ត្រូវបានប្រភពបញ្ជាក់ពីតម្លៃ និងក្រុមហ៊ុន ដែលផលិតវាឡើងហើយ។ប៉ុន្តែថាតើហេតុអ្វី បានវាមកធ្លាក់លើដីខ្មែរនោះ មិនទាន់មានប្រភពណាមួយបញ្ជាក់នៅឡើយទេ។ នេះបើតាមការផ្សាយព័ត៌មានរបស់មន្ទីរព័ត៌មានខេត្តកោះកុង នៅថ្ងៃទី១៩ខែមករាឆ្នាំ២០២០។
តម្លៃដ្រូន ដែលធ្លាក់នៅកោះកុងនោះ ចន្លោះពី ១០០០លានរៀល ទៅ១៣០០លានរៀល ហើយស្ថិតក្នុងស៊េរី Rainbow drone ផលិតនៅខែ ឧសភា ឆ្នាំ២០១៥ ជាផលិតផលរបស់ ក្រុមហ៊ុន CASC (ក្រុមហ៊ុនចិន)។ ចំពោះមូលហេតុនៃការធ្លាក់នេះ ត្រូវបានគេសន្និដ្ឋានថា បណ្ដាលមកពីអស់ប្រេង
គួរបញ្ជាក់ថា ដ្រូនមួយគ្រឿង ដែលធ្លាក់នៅកោះកុងខាងលើនេះ ទំហំ តួ ៥,១០ម៉ែត្រ ស្លាបសងខាង ៩,៦០ម៉ែត្រ ហើយក្រុមជំនាញបច្ចេកទេស បានសម្រេចដោះបំបែកតួខ្លួនចេញ ដើម្បីងាយស្រួលក្នុងដឹកជញ្ជូនយកមកភ្នំពេញ ហើយរៀបបញ្ចូលវិញក្នុងគោលដៅស្រាវជ្រាវ៕