ក្រឡាប់រថយន្តស្ទូចពេល បំពេញការងារ នៅខេត្តព្រះសីហនុ
ក្រុងព្រះសីហនុ៖ គ្រោះថ្នាក់បណ្តាលមកពីរថយន្តស្ទូច នៅក្រុងព្រះសីហនុ។ ករណីនេះសមត្ថកិច្ចបញ្ជាក់ថា ជាគ្រោះថ្នាក់ការងារ មិនមែនជាគ្រោះថ្នាក់ចរាចរណ៍ទេ។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោងជិត៩ព្រឹកថ្ងៃទី១៦ មីនា ២០២០ សង្កាត់លេខ២ ក្រុងព្រះសីហនុម្តុំផ្លូវចុះពីអប្សរាថតរូបមកក្រោម បង្កឡើងដោយរថយន្ត១គ្រឿងម៉ាក KATO ពណ៌ លឿង គ្មានផ្លាកលេខ ជាកម្មសិទ្ធិរបស់ឈ្មោះ តាយ ស្នាក់នៅ ភូមិ៣ សង្កាត់លេខ១ក្រុងព្រះសីហនុ ស្ទូចសម្ភារៈសំណង់ បានដួលរលំសង្កត់ មកលើយានយន្តមួយចំនួនរួមមាន៖ ១) រថយន្តស្ទូចម៉ាក HOWO ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ3F-1339 ម្ចាស់ឈ្មោះ ជា រ៉ាវី ភេទប្រុស អាយុ ៣២ឆ្នាំ នៅខេត្តកំពង់ស្ពឺ ។ ២) រថយន្តម៉ាក LEXUS RX300 ពណ៌ ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ2N-1475 ម្ចាស់ឈ្មោះ CHEN EI HAO ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិចិន ស្នាក់នៅ កន្លែងកើតហេតុ ។ ៣) ឡំប្រឺតាកង់៣ ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ1HA-1873 ម្ចាស់ឈ្មោះ ទឹម ភា ភេទប្រុស អាយុ ៤១ឆ្នាំ នៅខេត្តព្រៃវែង ។ ៤) បង្គោលភ្លើងអគ្គិសនីខេត្តព្រះសីហនុ ចំនួន ១ដើម ។
ក្រោយហេតុការណ៍នេះ សមត្ថកិច្ចចម្រុះមាននគរបាល កងរាជអាវុធហត្ថនិងសមត្ថកិច្ចមូលដ្ឋាន សហការគ្នា អន្តរាគមន៍ដោះស្រាយបញ្ហាផ្សេងៗនិងសម្រួលចរាចរណ៍។
បើតាមសមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងដោយសារតែ ការបំពេញការងាររបស់រថយន្តស្ទូចមិនត្រឹមត្រូវតាមបច្ចេកទេស និងថាជាសំណាងហើយដែលគ្មានប៉ះពាល់ដល់អាយុជីវិតមនុស្ស។
បច្ចុប្បន្នវត្ថុតាង នគរបាលជំនាញចាត់ចែង នាំយកមករក្សាទុកដើម្បីដោះស្រាយបន្ត៕