ឆេះឃ្លាំងស្តុករថយន្ត Mitsubishi Motors ឆេះរថយន្តស៊េរីទំនើប ២៧គ្រឿង និងរបួសមនុស្ស ៣នាក់
ភ្នំពេញ ៖ ភ្លើងកំពុងឆាបឆេះ ឃ្លាំងលក់រថយន្ត ក្រុមហ៊ុន Mitsubishi មួយកន្លែង នៅក្រោមស្ពានអាកាសផ្សារដីហុយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ សមត្ថកិច្ច និងក្រុមរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បាញ់ទឹកជួយពន្លត់ នៅវេលាម៉ោង ១៥ រសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ បណ្តាឱ្យមនុស្ស៣នាក់ រងរបួស ខូចខាតរថយន្តស៊េរី ២០២០ ចំនួន ២៧គ្រឿង ដែលមានតម្លៃរាប់សែនដុល្លារ។
ចំពោះមូលហេតុនេះ កម្លាំងនគរបាលជំនាញ កំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ពុំទាន់ដឹងលទ្ធផលនៅឡើយ។
បើតាមរបាយការណ៍របស់ប្រធានការិយាល័យបង្ការ និងសង្គ្រោះអគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការ ជួយសង្គ្រោះ កម្លាំងសមត្ថកិច្ចជំនាញទាំងអស់ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៣៧គ្រឿង ប្រើទឹកចំនួន ៧០ឡាន ទើបអាចគ្រប់គ្រង និងបាញ់ពន្លត់បានទាំងស្រុង រហូត១៧ល្ងាច។
ម្ចាស់ឃ្លាំងរថយន្តមានឈ្មោះ ឡៅ សាក់ ភេទប្រុស អាយុ៤៣ឆ្នាំ។ ករណីនេះ មានបង្កឲ្យរបួសមនុស្សចំនួន ៣នាក់ រួមមានទី១ ឈ្មោះ អ៊ិត សុខា ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរ មន្ត្រីការិយាល័យអគ្គិភ័យ ទី២ ឈ្មោះ ព្រហ្ម បញ្ញា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ មន្ត្រីការិយាល័យអគ្គិភ័យ និងទី៣ ឈ្មោះ ផាន់ សំអ៊ាង ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ បុគ្គលិកអគ្គិភ័យក្រុមហ៊ុនកោះពេជ្រ៕