អ្នកនាំពាក្យក្រសួងសុខាភិបាល ថា ការផលិតវ៉ាក់សាំងកូវីដ១៩ គឺមិនអាចធ្វើឡើងក្នុងរយៈពេលមួយខែចេញនោះទេ
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានអះអាងថា ការផលិតវ៉ាក់សាំងកូវីដ១៩ គឺមិនអាចធ្វើឡើងក្នុងរយៈពេលមួយខែអាចចេញនោះទេ ដោយវាត្រូវការរយៈពេលសិក្សាដើម្បីរកឃើញវីរុសនោះយកមកប្រើប្រាស់ដើម្បីអាចដាក់នៅក្នុងខ្លួនមនុស្សបានដោយនៅពេលដែលចាក់ទៅក្នុងខ្លួនមនុស្សគឺមិនឲ្យមនុស្សនោះឈឺទេ ។
ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងសុខាភិបាលបែបនេះ គឺឆ្លើយតប ទៅនឹងការចោទជាសំណួរបស់អ្នកសារព័ត៌មានជុំវិញការប្រកាសរបស់អ្នកជំនាញវិទ្យាសាស្រ្តយោធាចិនស្រាវ ជ្រាវដែលបានរកឃើញវ៉ាក់សាំងនៃជំងឺកូវីដ១៩ជោគជ័យ ហើយដែលត្រូវបានស្ថានទូតចិនប្រចាំកម្ពុជាប្រកាសនៅថ្ងៃទី១៨ មីនានេះ ។
បើតាមអ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បានសង្កត់ធ្ងន់ថា បើកាលណាវ៉ាក់សាំងផលិតមិនស្រួល ហើយយកមកវ៉ាក់សាំងនោះមកចាក់លើខ្លួនមនុស្ស។ មនុស្សនោះបែរទៅជាឈឺទៅវិញ ។ លោកជំទាវ ថា គេមានការប្រយ័ត្នប្រយែងខ្លាំងណាស់ចំពោះបញ្ហានេះ ហើយអ្វីដែលគេប្រយ័ត្នខ្លាំងនោះ គឺកាលណាវ៉ាក់សាំងត្រូវបានស្រាវជ្រាវនិងធ្វើការតេស្តសាកល្បងរួចរាល់ហើយនោះ ត្រូវមានការបញ្ជាក់ជាផ្លូវការពីអង្គការសុខភាពពិភពលោក ។
លោកស្រី បានបញ្ជាក់ថា អង្គការសុខភាពពិភពលោក គឺមានក្រុមការងារវិជ្ជាសាស្រ្តរបស់គេដើម្បីបញ្ជាក់ឲ្យបានច្បាស់ថាវ៉ាក់សាំងនោះពិសេស និងមានប្រសិទ្ធភាពសម្រាប់ប្រើប្រាស់ចំពោះប្រជាពលរដ្ឋទូទាំងពិភពលោក ។ ស្ថានទូតចិនប្រចាំកម្ពុជានៅថ្ងៃទី១៨ មីនា ឆ្នាំ២០២០នេះ បានប្រកាសថា អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្រ្តយោធានៃវិទ្យាស្ថានវិទ្យាសាស្រ្តយោធាប្រទេសចិន បានស្រាវជ្រាវរកឃើញវ៉ាក់សាំងនៃជំងឺកូវីដ១៩ យ៉ាងជោគជ័យ ។ យោងតាមផេកផ្លូវការរបស់ស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា វ៉ាក់សាំងប្រភេទនេះទទួលបានការអនុញ្ញាតក្នុងដំណើរការពិសោធន៍ព្យាបាលជម្ងឺ។ ស្ថានទូតចិន ថា តាមស្តង់កំណត់នៃអន្តរជាតិ និងតាមបទបញ្ញត្តិក្នុងប្រទេសចិន វ៉ាក់សាំងនេះត្រូវបានចាត់ជាកិច្ចការរៀបចំបឋមដែលប្រកបដោយ សុវត្ថិភាព ប្រសិទ្ធភាព គុណភាពដែលអាចគ្រប់គ្រងបាន និង ការផលិតក្នុងទ្រង់ទ្រាយធំ ៕ ដោយ៖ សំរិត