ស្នើឲ្យអ្នកកាសែត ធ្វើសេចក្តីរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងបញ្ហា Covid-19 ប្រកបដោយភាពច្បាស់លាស់ស្របតាមបច្ចេកទេស ផ្នែកវេជ្ជសាស្ត្រ
ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជាបានស្នើសុំឲ្យអ្នកកាសែត ប្រកាន់ក្រមសីលធម៌វិជ្ជាជីវៈ ឲ្យបានខ្ពស់បំផុត ក្នុងការគោរពសិទ្ធិឯកជន របស់អ្នកដែលឆ្លងវីរុសកូវីដ 19 ដោយមិនត្រូវបញ្ចេញអត្តសញ្ញាណ របស់ពួកគេជាដាច់ខាត។
បើតាមសេចក្តីអំពាវនាវរបស់ក្លិបអ្នកកាសែតកម្ពុជាជូនចំពោះអ្នកសារព័ត៌មាន នៅថ្ងៃទី 18 ខែមីនាឆ្នាំ 2020 នេះ ដោយយល់ឃើញថា សារព័ត៌មានបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មានពិតជូនប្រជាពលរដ្ឋ និងដោយយល់ឃើញថា បញ្ហា Covid-19 ជារឿងសំខាន់មួយដែលទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធក៏ដូចជាប្រជាពលរដ្ឋម្នាក់ៗចូលរួមក្នុងការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងកុំឲ្យមានការរីករាលដាលទៅក្នុងសហគមន៍ ក៏ដូចជាដើម្បីបញ្ចៀសការរើសអើង ក្លិបអ្នកកាសែតកម្ពុជា សូមអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ដែលកំពុង ប្រកបអាជីពវិជ្ជាជីវៈក្នុងប្រទេសកម្ពុជាសូមមេត្តាយកចិត្តទុកដាក់ចំពោះចំណុចសំខាន់ៗ មួយចំនួនដូចខាងក្រោម៖
ទី១៖ សូមធ្វើសេចក្តីរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងបញ្ហា Covid-19 ប្រកបដោយភាពច្បាស់លាស់ស្របតាមបច្ចេកទេស ផ្នែកវេជ្ជសាស្ត្រដោយសំអាង ទៅលើការពន្យល់របស់អ្នកជំនាញ ឬលើការស្រាវជ្រាវឯកសារតាមលក្ខណៈវិទ្យាសាស្ត្រឲ្យបានត្រឹមត្រូវដើម្បីចៀសវាងការផ្តល់ព័ត៌មានមិនច្បាស់លាស់ធ្វើឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំអំពី Covid-19 ។
ទី២៖ សូមប្រកាន់ក្រមសីលធម៌វិជ្ជាជីវៈឲ្យបានខ្ពស់បំផុត ក្នុងការគោរពសិទ្ធិឯកជនរបស់អ្នក ដែលឆ្លងវីរុស Covid-19 ដោយមិនត្រូវបញ្ចេញអត្តសញ្ញាណរបស់ពួកគេជាដាច់ខាតមិនថា អ្នកនោះជាជនបរទេសឬខ្មែរនោះឡើយ លើកលែងតែអ្នកនោះជាបុគ្គលសាធារណៈសំខាន់ៗ ដែលក្រសួងសុខាភិបាលប្រកាសជាផ្លូវការ ឬសាម៉ីខ្លួនផ្ទាល់ជាអ្នកប្រកាសជាសាធារណៈ។
ទី៣៖ សូមធ្វើសេចក្តីរាយការណ៍ពាក់ព័ន្ធនឹងករណីអ្នកឆ្លងវីរុស Covid-19 ដោយចៀសវាងការប្រើពាក្យពេចន៍ ឬសំនួនវោហារណាដែលនាំឲ្យមានការបែងចែក ឬការរើសអើងចំពោះបុគ្គល ឬសហគមន៍ណាមួយ។
ទី៤៖ សូមអ្នកសារព័ត៌មានទាំងអស់ប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ និងក្បួនអនាម័យការពារខ្លួនកុំឲ្យឆ្លងវីរុស Covid-19 តាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនទាំងក្នុងពេលចុះយកព័ត៌មាន ទាំងនៅកន្លែងធ្វើការ និងទាំងក្នុងការប្រាស្រ័យទាក់ទងគ្នាជាមួយអ្នកដទៃ ជាពិសេសក្នុងពេលចុះទៅកាន់កន្លែងដែលមានហានីភ័យខ្ពស់។
ក្លិបអ្នកកាសែតកម្ពុជា សង្ឃឹមថា អ្នកសារព័ត៌មានទាំងអស់នឹងប្រើប្រាស់តួនាទីរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវទាំងចំពោះមុខ ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានផង និងចំពោះបទដ្ឋានបច្ចេកទេសផ្នែកវេជ្ជសាស្ត្រ ផងដើម្បីធានាថា សារព័ត៌មានបានបំពេញតួនាទីយ៉ាងល្អ ក្នុងការផ្តល់ព័ត៌មានពិត ឥតក្លែងបន្លំ និងគ្មានការរើសអើង ដើម្បីជាប្រយោជន៍ដល់សាធារណ ជនទូទៅ ក៏ដូចជាប្រយោជន៍សម្រាប់សង្គមទាំងមូល។
ក្លិបអ្នកកាសែតកម្ពុជា យល់ឃើញថាដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយនឹង Covid-19 ប្រកបដោយប្រសិទ្ធភាព ទាល់តែប្រជាពលរដ្ឋម្នាក់ៗទទួលបានព័ត៌មានច្បាស់លាស់អំពី Covid-19 យល់ច្បាស់អំពីវិធីការពារខ្លួន ហើយនាំគ្នាចូលរួមក្នុងការប្រយុទ្ធប្រឆាំង ជាមួយវីរុសនេះប្រកបដោយការទទួលខុសត្រូវ ដោយប្រើភាពឈ្លាសវៃ គឺមិនមែនជាការភ័យស្លន់ស្លោ ឬការរើសអើងគ្នានោះឡើយ។ ក្នុងបរិបទបែបនេះ សារព័ត៌មានពិតជាមានតួនាទីសំខាន់ណាស់ ក្នុងការួមចំណែកប្រយុទ្ធប្រឆាំងជាមួយ Covid-19 ដែលជាបញ្ហាប្រឈមដ៏ធំ របស់ពិភពលោកទាំងមូលនិយាយជារួម និងរបស់ប្រទេសនីមួយៗ និយាយដោយឡែកក្នុងនោះក៏មានប្រទេសកម្ពុជាយើងផង។
ក្លិបអ្នកកាសែតកម្ពុជា សូមជូនពរដល់អ្នកសារព័ត៌មាន ទាំងអស់សូមទទួលបានជោគជ័យ ក្នុងបេសកកម្មនាំសារពិតដល់ប្រជាពលរដ្ឋ និងដល់សង្គមទាំងមូល និងសូមចៀសផុតពីការឆ្លងវីរុស Covid-19 ៕