ឃាត់ខ្លួន២នាក់ប្តីប្រពន្ធ ពាក់ព័ន្ធករណី លួចម៉ូតូចំនួន ២គ្រឿង
ភ្នំពេញ ៖ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការនគរបាលប៉ុស្តិ៍ ឃាត់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធ ពីបទសមគំនិតគាស់ទម្លុះទម្លាយ ឆ្កឹះសោរទ្វាររបងផ្ទះ លួចយកម៉ូតូចំនួន២គ្រឿង កាលវេលាម៉ោង៩និង៣០នាទីព្រឹក នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ២៧ ផ្លូវលេខ៨៣បេតេ ស្ថិតនៅភូមិចំរើនផល១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ។
អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ មៀច ថាវរ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិក្បាលទំនប់២ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន) ជាប្ដី ។ ទី២ ឈ្មោះ នួន រស្មី ហៅ ស្រីពេជ្រ អាយុ ២៣ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន)។
ចំណែកជនរងគ្រោះឈ្មោះ ប៉ោ ឧត្តមចរិយា ភេទស្រី អាយុ ៣០ឆ្នាំ ស្នាក់នៅចំណុចកើតហេតុខាងលើ មុខរបរ លក់ដូរ ។
លោក គឹម កល្យាណ អធិការរងទទួលផែនយុត្តិធម៌ បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី ១៧ ខែមីនាឆ្នាំ ២០២០ វេលាម៉ោង ១និង ៥០នាទីរំលងអធ្រាត្រ ជនសង្ស័យទាំង២នាក់ បានធ្វើសកម្មភាពគាស់ និងឆ្កឹះសោរបងផ្ទះជនរងគ្រោះ លួចយកម៉ូតូចំនួន២គ្រឿង។ លុះដល់ព្រឹកឡើង ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលបឹងទំពន់ទី ១។ ក្រោយពីទទួលបានពាក្យបណ្ដឹង នគរបាលប៉ុស្តិ៍ បានរាយការណ៍ទទួលផែនជំនាញ ចុះបានមកមើលកាមេរ៉ាសុវត្ថិភាព ក៏ឃើញភិនភាគដូចជនសង្ស័យ ទើបសមត្ថកិច្ចធ្វើការស្រាវជ្រាវរហូតបានធ្វើការឃាត់ខ្លួន ជនសង្ស័យ២នាក់ខាងលើ យកមកសួរនាំ ។
សម្ភារដែលសមត្ថកិច្ច ដកហូតបានរួមមាន ម៉ូតូ១គ្រឿង ម៉ាកហ្ស៊ូមមឺរអ៊ិច ពណ៌ផ្ទៃមេឃ ពាក់ផ្លាកលេខ ភ្នំពេញ 1FM 8728 (ជារបស់ជនរងគ្រោះ) និង ម៉ូតូ១គ្រឿងម៉ាកនិច ពណ៌ទឹកមាស (បិទស្កុតពណ៌ឈាមជ្រូក) ផ្លាកលេខ ភ្នំពេញ 1GO 6776 ,ទូរស័ព្ទដៃចាស់ចំនួន ២គ្រឿង, កាបូបដៃ១, លុយខ្មែរចំនួន២០០០០រៀល ( ជារបស់ជនសង្ស័យឈ្មោះ មៀច ថាវរ៉ា) ។
សម្ភារបាត់បង់ ម៉ូតូ១គ្រឿងម៉ាកហុងសេ១១០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1BE 0752 ។
បច្ចុប្បន្នជនសង្ស័យ២នាក់ មិនបានសារភាពថា បានលួចម៉ូតូនោះទេ ម៉ូតូរងគ្រោះ នៅក្នុងផ្ទះខ្លួន គឺទទួលផ្ញើពីបុរស២នាក់ មិនស្គាល់ឈ្មោះ។ យ៉ាងណា នគរបាលឃាត់ខ្លួន ពីបទសមគំនិត គាស់ផ្ទះលួចម៉ូតូ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលបឹងទំពុនទី ១ កសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕