ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការដ្ឋានស្ថាបនាស្ថានីយ៍បូមទឹក ទួលសំពៅបន្ថែមសម្រេចបាន៨០ភាគរយហើយ ដើម្បី រំដោះទឹកចេញពីភាគខាងលិចឈាងខាងជើងរាជធានីភ្នំពេញ

90

ភ្នំពេញ៖ ស្ថានីយ៍បូមទឹកទួលសំពៅ ស្ថិតក្នុងសង្កាត់គោករការខណ្ឌព្រែកព្នៅ ជាប់និងខណ្ឌសែន សុខ មកដល់ពេលនេះ ការដ្ឋានទាំងមូល អនុវត្តន៍ការងារបានសម្រេច៨០ភាគរយហើយ ដែលស្ថានីយ៍នេះមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកចេញពីភាគខាងលិចឈាងខាងជើងរាជធានីភ្នំពេញ ពិសេសនៅតំបន់ព្រលានយន្តហោះភ្នំពេញនិងនៅតំបន់ជុំវិញ។

     លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងនៅព្រឹកថ្ងៃទី១៩ មិនា២០២០នេះថា គិតមកដល់ថ្ងៃនេះ ការសាងសង់ដោយបំពាក់ម៉ាស៊ីនបូមទឹកបន្ថែមនៅស្ថានីយ៍បូមទឹកទួលសំពៅ អនុវត្តន៍ការងារបានសម្រេច៨០ភាគរយហើយ។

   លោកសាំ ពិសិដ្ឋ បានបញ្ជាក់ថា ចំពោះសមត្ថភាព

នៃស្ថានីយបូមទឹកទួលសំពៅ សម្រាប់ម៉ូទ័រចាស់មានមុខកាត់៨តឹកចំនួន៣គ្រឿង ដែលបានសាងសង់ឡើងក្នុងអំឡុងពេលលោកកែប ជុតិមាជាអភិបាលរាជធានីគឺអាចបូមទឹកបាន៥ម៉ែត្រគុបក្នុងមួយវិនាទី ហើយនៅតំណាក់កាលចុងក្រោយនេះ ក្រោមការណែនាំ

ពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គឺបានសម្រេចអោយបំពាក់ម៉ូទ័របន្ថែមចំនួន៤គ្រឿងទៀត ដែល ម៉ូទ័រថ្មីនេះ មានមុខកាត់ទំហំ១ម៉ែត្រ អាចបូមទឹកបាន១២ម៉ែត្រគុបក្នុងមួយវិនាទី មានន័យថា ក្រោយពីការស្ថាបនាស្ថានីយទាំងមូលត្រូវបានបញ្ចប់នោះ វានឹងមានសមត្ថភាពអាចបូមទឹកបានរហូតដល់១៧ម៉ែត្រគុបក្នុងមួយវិនាទី 

   ស្ថានីយបូមទឹកទួលសំពៅមានតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះទឹកចេញពីខណ្ឌពោធិ៍សែន ជ័យ ខណ្ឌកំបូល មួយផ្នែកនៅខណ្ឌសែនសុខ និងមួយផ្នែកទៀតរំដោះទឹកចេញពីស្រុកអង្គស្នួលពិសេសរំដោះជំនន់ទឹកភ្លៀងចេញពីតំបន់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីនិងតំបន់ជុំវិញ។

   គួរបញ្ជាក់ថា នៅរាជធានីភ្នំពេញរបស់យើងមកដល់បច្ចុប្បន្ននេះមានស្ថានីយបូមទឹកទាំងថ្មី ទាំងចាស់ចំនួន១៤កន្លែងដើម្បីប្រតិបត្តិការបូមទឹកចេញពីក្នុងរាជធានីភ្នំពេញនៅពេលមានភ្លៀងធ្លាក់ខ្លាំងម្ដង ដែលធ្វើឲ្យរាជធានីភ្នំពេញមិនទទួលការលិចលង់ដោយជំនន់ទឹកភ្លៀងយូរដូចបណ្ដាឆ្នាំមុនៗទៀតទេ។ ក្នុងចំនោមស្ថានីយបូមទឹក១៤កន្លែងនេះ មានស្ថានីយ៍បូមទឹកថ្មីចំនួន៤កន្លែង ដូចជាស្ថានីយបូមទឹកព្រះពន្លា នៅខណ្ឌច្បារអំពៅ ស្ថានីយបូមទឹកបុរី១០០ខ្នង នៅខណ្ឌសែនសុខ ស្ថានីយបូមទឹកលូ៥ នៅខណ្ឌមានជ័យនិងស្ថានីយ៍បូមទឹកទួលសំពៅ ដែលកំពុងស្ថាបនាបន្ថែមនេះឯង៕

 

អត្ថបទដែលជាប់ទាក់ទង