រកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន៣ករណីថ្មីបន្ថែមទៀត
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេក្តីប្រកាសព័ត៌មាន ពីការរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីសរុបចំនួន៣នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា បានឡើងដល់៨៧នាក់ហើយ គិតត្រឹមយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ។
បើតាមការប្រកាសរបស់របស់ក្រសួងសុខាភិបាល ក្នុងចំណោមអ្នកឆ្លងថ្មី៣នាក់នេះ មានស្ត្រីជនជាតិបារាំងម្នាក់អាយុ២៨ឆ្នាំ ដែលជាម្តាយទារកអាយុ៤ខែ មានវីរុសកូវីដ បុរសខ្មែរឥស្លាមម្នាក់អាយុ៤៥ឆ្នាំ នៅឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ជាអ្នកដែលទៅចូលរួមពិធីសាសនាជាមួយជនជាតិម៉ាឡេស៊ី មកពីប្រទេសម៉ាឡេស៊ី។ គាត់រស់នៅជាមួយកូនស្រីអាយុ១១ឆ្នាំ ដែលបច្ចុប្បន្ន ក្រុមការងារបានយកសំណាកវត្ថុវិភាគកូនស្រីនេះរួចហើយ និងកំពុងរង់ចាំលទ្ធផល។ បច្ចុប្បន្នបុរសរូបនេះ ត្រូវបាននិងកំពុងដាក់នៅដាច់ដោយឡែកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម និងបុរសខ្មែរឥស្លាមម្នាក់អាយុ៣៦ឆ្នាំ រស់នៅខេត្តកំពត ដែលសម្រាកព្យាបាលនៅខេត្តកោះកុង។ រូបគាត់មិនបានទៅប្រទេសម៉ាឡេស៊ីទេ គឺជាករណីឆ្លងពីការនៅជិតស្និទ្ធហែរហមជាមួយបុរសអាយុ៥៧ឆ្នាំ ដែលវិជ្ជមានវីរុសកូវីដ១៩ នីខេត្តកោះកុង ដែលបានវិលត្រឡប់មកពីចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី៕